កម្ពុជាដំណឹង

សម រង្ស៊ី ប្រកាស​មិនធ្វើ​នាយករដ្ឋមន្ត្រី និង​ទុក​តំណែង​ឲ្យ​«ជនជំនាន់ក្រោយ»

«ខ្ញុំត្រៀមខ្លួនប្រកាស អត់កាន់តំណែងអីទាំងអស់ ក្នុងការដឹកនាំប្រទេស» នេះ ជាការថ្លែងឡើងរបស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបញ្ជាក់ពីជំហររបស់លោក ក្នុងការទុកឱកាស ឲ្យ«ជនជំនាន់ក្រោយ»បន្តធ្វើកិច្ចការបម្រើប្រទេសជាតិ ជាជាងការក្រាញអំណាច រហូតដល់«ចាស់រញីរញ័រ» ដូចអ្នកនយោបាយ ឬមេដឹកនាំខ្លះ។

ថ្លែងក្នុងឱកាសខួបកំណើត ៧០ឆ្នាំរបស់លោក ទៅកាន់អ្នកគាំទ្រ ក្នុងក្រុងហ្វីឡាឌែលហ្វីយ៉ា (សហរដ្ឋអាមេរិក) កាលពីថ្ងៃអាទិត្យកន្លងមកនេះ ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងថា លោកនឹងមិនឡើងធ្វើជានាយករដ្ឋមន្ត្រីនោះទេ។ លោកថា៖

«ខ្ញុំធ្វើជាទីប្រឹក្សា ខ្ញុំយល់ព្រម ខ្ញុំធ្វើជាព្រឹទ្ធាចារ្យ ខ្ញុំយល់ព្រម។ តែតំណែងចាប់ពីនាយករដ្ឋមន្ត្រី ចុះក្រោម ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ប្រធានស្ថាប័ន ដែលជាស្ថាប័នគ្រប់គ្រងដឹកនាំប្រទេស សូមប្រគល់ឲ្យខ្មែរជំនាន់ក្រោយយុវជន។»

លោកបានពន្យល់ អំពីមហិច្ឆតារបស់លោក ថាលោកគ្រាន់តែវាយបំបែកឧបសគ្គ ដោយកំចាត់អំណាចផ្តាច់ការសព្វថ្ងៃចេញ ដើម្បីបើកផ្លូវប្រជាធិបតេយ្យ ឲ្យយុវជនកូនខ្មែរ«ជនជំនាន់ក្រោយ» មានឱកាសមកដឹកនាំប្រទេស ទៅតាមសម្ថភាពរបស់បុគ្គលម្នាក់ៗ ដោយមិនមានការរើសអើង តាមគំនិតបក្ខពួកនិយម គំនិតគ្រួសារនិយម និងអំពើពុករលួយ។

លោកលើកឡើងដូច្នេះ៖

«ខ្ញុំអាចជានិមិត្តរូប ប្រមូលកម្លាំងបានច្រើន ហើយកម្លាំងហ្នឹង គឺដើម្បីបំពេញគោលដៅតែមួយគត់ ទម្លុះទម្លាយផ្លូវ បើកផ្លូវឲ្យយុវជនមកដឹកនាំប្រទេសម្ដង (…) យើងនិយាយពីស្រុកយើង ឃើញអ្នកនយោបាយ មេដឹកនាំខ្លះចាស់ៗ ចូលដល់វ័យជាង៨០ ខ្លះរញីរញ័រចេះតែនៅក្រាញធ្វើអីទៀត ដូចយើងមើលងាយប្រជាពលរដ្ឋ ប្រជាពលរដ្ឋនៅស្រុកខ្មែរ ក្មេងៗច្រើនណាស់។» 

កម្ពុជរដ្ឋ បានស្ថិតនៅក្រោមការដឹកនាំ របស់មនុស្សតែម្នាក់រាប់ចាប់តាំង ពីឆ្នាំ១៩៨៥ និងដោយគណបក្សតែមួយ រាប់ចាប់តាំងពីឆ្នាំ១៩៧៩មក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវ័យ ៦៨ឆ្នាំ បានប្រកាសថា លោកនឹងបន្តចាស់ឫស នៅក្នុងតំណែងមួយនេះ យ៉ាងហោចក៏៨ឆ្នាំទៅមុខទៀតដែរ បន្ទាប់ពីបានអង្គុយក្នុងតំណែង អស់រយៈពេលជាង៣៤ឆ្នាំមកហើយនោះ។

សម្រាប់លោក សម រង្ស៊ី បានពន្យល់​ដោយមិនបញ្ចេញ​ឈ្មោះថា ការបន្តក្រាញអំណាច របស់លោក ហ៊ុន សែន ជាទង្វើមិនត្រឹមត្រូវឡើយ។ លោកបានរៀបរាប់ថា៖

«ដល់យើង៧០ឆ្នាំឡើងទៅ ៨០ឆ្នាំឡើងទៅ យើងនៅកាន់តំណែងដល់ណាទៀត វាខូចខាតផលប្រយោជន៍ជាតិ ព្រោះយុវជនគេមានជំនាញ គេមានចំណេះ គេមានគំនិតថ្មី គេមានឈាមថ្មី ដែលយើងអត់មាន ការងារហ្នឹងយើងធ្វើតែដដែលៗ ៧០-៨០ឆ្នាំ ធ្វើតែដដែលៗ ចុះយុវជន មន្ត្រីរាជការ ចុះអ្នកដែលធ្វើការគ្រប់មជ្ឈដ្ឋានទាំងអស់ គេមានជំនាញ គេមានទឹកចិត្ត គេចង់កសាងប្រទេស គេចង់បម្រើជាតិផងដែរ ឲ្យគេមកកាច់ចង្កូតម្ដងទៅ កុំយើងនៅក្រាញអំណាចរហូតបែបហ្នឹង មិនត្រឹមត្រូវទេ៕»



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ ក្នុង​សោកនាដកម្ម​នៅខេត្ត​ព្រះសីហនុ ប្រើ«អភិក្រមទី៥»​មិនបានទេ

អភិក្រមទី៥ ពីក្នុងចំណោមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអភិក្រមសម្រាប់ការអនុវត្ត «ដោយអន្លើៗ» និង«ដោយដុំៗ» ហើយមិនអាចយកទៅអនុវត្ត ក្នុងសោកនាដកម្ម នៃគ្រោះរលំអគារចិន កាលពីចុងសប្ដាហ៍មុន នៅខេត្តព្រះសីហនុបានទេ។ ...
កម្ពុជា

ចិន​មិនឆ្លើយ​តប​សំនួរ ថា​ខ្លួន​បដិសេធ​«កិច្ចព្រមព្រៀង​សម្ងាត់»​ជាមួយ​​កម្ពុជា

ប្រសិនបើក្រុងភ្នំពេញ បានបដិសេធយ៉ាងដាច់អហង្កា អំពីព័ត៌មាន ដែលអះអាងថា ខ្លួនបានចុះ«កិច្ចព្រមព្រៀង​សម្ងាត់» ជាមួយប្រទេសចិន ដើម្បីអនុញ្ញាតឲ្យចិនប្រើមូលដ្ឋានទ័ពជើងទឹក នៅខេត្តព្រះសីហនុនោះ រដ្ឋាភិបាលក្រុងប៉េកាំងឯណោះ បានបដិសេធ មិនឆ្លើយនឹងសំនួរ ដែលចង់ដឹងថា តើចិនច្រានចោលព័ត៌មាននេះ ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.