កម្ពុជាដំណឹង

អ៊ូ ច័ន្ទរ័ត្ន ថា​គ្មាន​បំណង​សុំ​សិទ្ធិ​នយោបាយ​ពី ហ៊ុន សែន ទេ

«គេដក[សិទ្ធិនយោបាយ]ពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំ[សិទ្ធិនយោបាយនេះ ពី]គេទេ» នេះ ជាការអះអាងឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ ដើម្បីតបនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលចង់ពន្យល់ថា លោកមានបំណងចង់ ស្នើសុំលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ។

នៅលើបណ្ដាញសង្គម លោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានប្រតិកម្មដំបូងឡើយ ទៅកាន់អ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ដែលថ្លែងអះអាង កាលពីយប់ថ្ងៃព្រហស្បត្តិ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ថាមន្ត្រីមួយចំនួន ដូចជាលោក គង់ គាំ និងលោក អ៊ូ ចាន់រ័ត្ន ជាដើម ត្រៀមស្នើសុំលោក ហ៊ុន សែន ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយ ក្នុងប្រទេសកម្ពុជាឡើងវិញ។

លោក សរសរថា៖ «ខ្ញុំ អ៑ូ ច័ន្ទរ័ត្ន មានការសោកស្តាយជាខ្លាំង ចំពោះវិទ្យុអាសីុសេរី( RFA) ដែលបុគ្គលិកពត៌មាន គឺលោក មាន រិទ្ធ បានប្រើពាក្យបែបចំអក មានចរិត​លាបពណ៌ និងបន្តុះបង្អាប់លើរូបខ្ញុំ ក្នុងកម្មវិធីផ្សាយរបស់ខ្លួន នាយប់ថ្ងៃទី ១៣ ខែធ្នូ ២០១៨ ក្នុងកិច្ចសម្ភាសន៍ [ជាមួយ]អ្នកវិភាគ លោក គឹម សុខ។»

អតីតអ្នកតំណាងរាស្ត្រ ដែលទុកពុកមាត់ និងពុកចង្កាវែងៗរូបនេះ បានបញ្ជាក់ទៀតថា៖

«ការចោទប្រកាន់ ដោយគ្មានប្រភពពត៌មានផ្លូវការ លើរូបខ្ញុំ ដែលថាត្រៀមខ្លួន ដើម្បីដាក់លិខិតស្នើសិទ្ធិ ធ្វើនយោបាយនោះ ជាការបំភាន់មតិមហាជន និងមិនឆ្លុះបញ្ចាំង ពីជំហររបស់ខ្ញុំឡើយ។ ការប្រើប្រាស់ស្ថាប័នពត៌មានសាធារណ: ផ្សាយពត៌មានមិនមានលក្ខណ: ត្រឹមត្រូវបែបនេះ អាចប៉ះពាល់ ដល់កិត្តយសអ្នកដទៃ និងសីលធម៌ សុជីវធម៌ និងវិជ្ជាជីវ :នៃអ្នកផ្សាយផង។»

បន្ទាប់មក លោក ច័ន្ទរ័ត្ន បានបញ្ជាក់ជំហររបស់លោក នៅក្នុងចម្លើយទៅកាន់ប្រិយមិត្តម្នាក់ ដែលសួរលោកថា តើលោកកំពុងតែត្រៀមខ្លួន ដើម្បីដាក់លិខិតស្នើសិទ្ធិធ្វើនយោបាយនោះ មែនឬយ៉ាងណា? លោកថា៖ «គេដកពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំគេទេ បើគេចង់ឲ្យ វាជារឿងរបស់គេ ដែលគេដឹងថា គេខុស»។

https://www.facebook.com/permalink.php?story_fbid=2284794475073347&id=1651955058357295

កាលពីម្សិលម៉ិញ ប្រព័ន្ធឃោសនាឲ្យរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ចសម្ភាសមួយ ជាមួយលោក អ៊ូ ច័ន្ទរ័ត្ន ដោយដាក់ចំណងជើងអត្ថបទថា «អ៊ូ ច័ន្ធរ័ត្ន ប្រាប់លោក សម រង្ស៊ី កុំឱ្យធ្វើការសម្រេចជំនួស អតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់»។

ប្រដាប់ឃោសនាមួយនោះ បានស្រង់សំដីរបស់លោក មកសរសេរថា៖ «ខ្ញុំមិនឯកភាព ជាមួយលោកប្រធាន សម រង្ស៊ី ដែលសម្រេចអត្ត​នោម័តិ​ [ជំនួស]ឱ្យបុគ្គលទាំង១១៨នាក់ ហើយអះអាងថា ពួកយើងមិនទទួលសិទ្ធិក្តី ជាការអះអាង របស់លោកផ្ទាល់ ប៉ុន្តែអ្នក១១៨រូប ក្នុងនោះមានទាំងខ្ញុំផ្ទាល់ មិនទាន់មានការអះអាងអ្វី នៅឡើយទេ»។

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង បានថ្លែងជាញឹកញាប់ និងបង្ហោះសារច្រើនដង ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ អះអាង«ក្នុងនាម មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូប» ប្រាប់ទៅលោក ហ៊ុន សែន ឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សជាមុនសិន ជាជាងគិតពីមន្ត្រី ទាំង១១៨នាក់។

កាលពីម្សិលម៉ិញ លោក សម រង្ស៊ី បានចេញលិខិតមួយ អំពាវនាវឲ្យមន្ត្រី និងអ្នកគាំទ្រគណបក្សទាំងអស់ ត្រូវមានជំហររឹងមាំ នៅចំពោះការប្រកាសរបស់លោក ហ៊ុន សែន ដែលថានឹងពិនិត្យម្នាក់ម្ដងៗ ទៅលើមន្ត្រីគណបក្សប្រឆាំងណា ដែលស្នើផ្ទាល់មកលោក ឬតាមរយៈរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីសុំសិទ្ធធ្វើនយោបាយឡើងវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

CNRP ថាបច្ច័យ​របស់ ហ៊ុន សែន ជូន​គ្រួសារ កែម ឡី ជា​ទឹកចិត្ត​«ក្លែងក្លាយ»

សម្រាប់គណបក្សសង្គ្រោះជាតិ ទង្វើចាប់ចងយុវជន ដោយអាជ្ញាធរក្រុងភ្នំពេញ ក្នុងប៉ុន្មានថ្ងៃនេះ បង្ហាញឲ្យឃើញច្បាស់ថា ការផ្ដល់ជំនួយថវិកា ដល់ក្រុមគ្រួសារលោក កែម ឡី ក្នុងពេលកន្លងមក ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ...
កម្ពុជា

ញឹម វណ្ណដា ដែល​ត្រូវ​ដកចេញ​ព្រោះ«ភូតភរ» បានឡើង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

មានកំហុសពីបទ«ខ្វះការទទួលខុសត្រូវ» និង«ភូតភរ» រហូតត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរិហារជាសាធារណៈ តែលោក ញឹម វណ្ណដា នៅតែមានតំណែង នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ...
ទស្សនៈប្រិយមិត្ត

លិខិតអ្នកអាន៖ ​«ការ​អស់​សុពល​​ភាព»ដ៏ចម្លែក​នៃ​កិច្ច​ព្រម​ព្រៀងក្រុងប៉ារីស

«ការ​អស់​សុពល​​ភាព ដ៏ចម្លែក»៖ បន្ទាប់ពីគេចផុត ពីរបបកាប់សម្លាប់រាស្ត្រខ្លួនឯងមក ពលរដ្ឋខ្មែរក៏មិនបាន​សុខ​សាន្តត្រាន​ដែរ គឺនៅអត់ឃ្លាន ភិតភ័យនឹងសន្តិសុខ និងសង្គ្រាមជានិច្ចរហូតដល់មានកិច្ចព្រមព្រៀងមួយ បញ្ចប់​ជម្លោះ​រវាងខ្មែរនឹងខ្មែរ ដែលមានបរទេសជាបង្អែក ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រោងចម្រាស់យ៉ាងខ្លាំង ដោយម្ខាង​យល់ថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.