កម្ពុជាដំណឹង

សង្ឃ​«អាចសឹក​មកធ្វើ​នាយករដ្ឋមន្ត្រី»​ពេល ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់

ព្រះសង្ឃអាចសឹកលាចាកសិក្ខាបទ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី នៅពេលណាលោក ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់ ជាស្ថាពរ។ នេះ ជាការអះអាងរបស់បុរសខ្លាំងកម្ពុជា ក្នុងចម្លើយដ៏គ្រោតគ្រាតមួយ តបទៅនឹងការបិណ្ឌបាត្រ របស់ព្រះសង្ឃមួយអង្គ ដែលស្នើឲ្យលោកនាយករដ្ឋមន្ត្រី លាចេញពីតំណែង ទៅដាំបន្លែផ្លែឈើ ដូចដែលលោកតែងបង្ហាញ តាមរយៈរូបភាពជាមួយភរិយាលោក ក្នុងរយៈពេលចុងក្រោយ។

ការឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងព្រះតេជគុណ អ៊ុក ស៊ីថា ដែលកំពុងគង់ក្នុងទីអារាមមួយ ក្នុងប្រទេសបារាំង ធ្វើឡើងកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩សប្ដាហ៍មុន នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី។ ព្រះសង្ឃមានសង្ឃដីកា ជាសំណេរថា៖

«ក្នុងនាមអាត្មាមានឈាមជ័រ ជាខ្មែរម្នាក់ សូមជួយអបអរ សាទរដល់លោកតាឧបាសក និងលោកយាយឧបាសិកា ទាំងពីរនាក់ផង ដែលបានលះបង់ដ៏ធំគឺ អំណាច បុណ្យស័ក្តិទាំងឡាយ ដែលមានសព្វថ្ងៃ ប្រគល់ទៅឲ្យអ្នកដទៃបន្តវេន ដើម្បីយុវជន និងប្រទេសជាតិខ្មែរជានិរន្ត ហើយងាកមករក ការដាំដំណាំហូបផ្លែ មានបន្លែ និងផ្លែឈើ ជាដើមនេះ។ គឺជាការប្រពៃណាស់សម្រាប់សុខភាព។»

ព្រះតេជគុណ អ៊ុក ស៊ីថា បន្តថេរដីកាឲ្យធម៌ ទៅលោក ហ៊ុន សែន ថា៖

«មិនថាឡើយអំណាចទេ សូម្បីតែ​របស់​មានតម្លៃ មិនអាចកាត់ថ្លៃបានក៏ដោយ ក៏មិនអាចយកទៅតាមខ្លួនបានដែរ។ អ្វីដែលយកទៅតាមខ្លួនបានគឺ កុសលកម្ម និង​អកុសលកម្ម ពិសេសជាងនេះទៅទៀត គឺការមិនប្រមាថ ជាធម៌ដ៏ឧត្តមសម្រាប់ខ្លួនយើង ដូច្នេះ សូមលោកឧបាសក-ឧបាសិកាទាំងពីរ រៀនធម៌ផង និងពិចារណាអំពី អនិច្ចំ ទុក្ខំ អនត្តា។»

«ជាងនេះទៅទៀត សូមប្រកាន់ឲ្យខ្ជាប់ នូវកុសលកម្មបថ១០ និងព្យាយាមហ្វឹកហាត់ ធ្វើសមាធិរាល់ថ្ងៃ ទើបប្រពៃ និងសូមបិណ្ឌបាត្រដល់ញោមឧបាសក ហ៊ុន សែន មេត្តាឆាប់ចូលនិវត្ត៍ ដើម្បីសុខភាពរឹងមាំ និងកាន់តែមានភាពស្និទ្ធស្នាល ជាមួយក្រុមគ្រួសារថែមទៀត។ ប្រសិនបើនៅបន្តស្រឡាញ់អំណាចបន្តទៀត ប្រាកដណាស់ នឹងកាន់តែទ្រុឌទ្រោម។»

ជាចម្លើយតបវិញ នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែងរាប់ទសវត្សន៍មកនេះ បានចាត់ទុកការបិណ្ឌបាត្រ និងការឲ្យធម៌ខាងលើ ពីសំណាក់ព្រះសង្ឃ អ៊ុក ស៊ីថា ថា«អាចប្រគេន​តាមសំណូមពរ»បាន។ តែត្រូវមានលក្ខខណ្ឌ…

រង់ចាំឲ្យ​«កម្ចាត់​ក្រុមប្រឆាំង​អស់»សិន

លោក ហ៊ុន សែន បានតបទៅវិញ ដោយប្រើពាក្យពេជន៍ខ្លាំងៗ ថាលោកត្រូវកម្ចាត់ក្រុមប្រឆាំង ដែលលោកហៅថាជា«ពួកក្បត់ជាតិ» ឲ្យអស់សិន ហើយបន្ទាប់មក ព្រះតេជគុណ អ៊ុក ស៊ីថា អាចសឹកមកធ្វើនាយករដ្ឋមន្ត្រី ជំនួសលោកបាន។

លោក ហ៊ុន សែន សរសេរថា៖

«ហុតទឹកសម្លឹងកាក ទាញច្រវ៉ាក្រាកសម្លឹងជ្រោយ។ ការបិណ្ឌបាត្ររបស់តេជគុណ ខ្ញុំព្រះករុណា​សូមប្រគេនតាម​សំណូមពរ ព្រោះខ្ញុំព្រះករុណា​ក៏គ្មានជិវិតអមតៈដែរ។ តែត្រូវរង់ចាំ រហូតឆ្នាំ២០២៨ ឬ២០៣០ ក្រោយពេលដែលខ្ញុំព្រះករុណា កម្ចាត់ពួកក្បត់ជាតិឲ្យអស់សិន។ ពេលនោះ តេជគុណអាចសឹក មកធ្វើនាយករដ្ឋមន្ត្រី ជំនួសខ្ញុំព្រះករុណាបានហើយ។»

បុរសខ្លាំងកម្ពុជា បានបញ្ជាក់ទៀតថា ចម្លើយរបៀបនេះ ក៏ធ្លាប់ត្រូវបានលោកទូលប្រគេន ទៅកាន់ព្រះសង្ឃដទៃទៀត ដែលចង់ឲ្យលោកនៅបន្តអំណាច ឲ្យបានយូរដែរ។ លោក ហ៊ុន សែន ថា៖

«ព្រះសង្ឃជាច្រើន បានបិណ្ឌបាត្រឲ្យខ្ញុំព្រះករុណាបន្ត[អំណាច] ខ្ញុំករុណានិយាយដូចគ្នា [គឺឲ្យរង់ចាំដល់ឆ្នាំ] ២០២៨ ឬ២០៣០។ យល់ឬទេតេជគុណ?»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ប្រាប់ឲ្យ​«ចាប់ក្បាល» សម រង្ស៊ី ដោយមិនចាំបាច់​មានបញ្ជា​ពីលោក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលស្ថិតក្នុងឯកសណ្ឋាន ជាមេទ័ពនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រាប់កងទ័ព ឲ្យ«ចាប់ក្បាល អាហ្នឹង» ដោយមិនចាំបាច់ មានបញ្ជាពីលោក ដោយហៅការចាប់ខ្លួននោះ ជាការអនុវត្តន៍ច្បាប់។ ...
កម្ពុជា

ហ៊ុន សែន អបអរ​ថ្ងៃចូល​«រ៉ាម៉ាឌន» តែ​ទុក​ខ្មែរឥស្លាម​ច្រើននាក់​នៅ​ក្រៅ​ស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងអបអរសាទរ និងជូនពរថ្ងៃចូល នៃខែបួស​របស់សាសនិកឥស្លាម ដែលហៅតាមពាក្យអារ៉ាប់​«រ៉ាម៉ាឌន (Ramadan)»។ លោកបាននិយាយ​ពាក្យពេជន៍​មួយចំនួនទៀត ដើម្បីអ្វីមួយ ដែលលោកហៅថា «សូមអធ្យាស្រ័យ​សុំការយោគយល់»​ពី«បងប្អូនសាសនិកខ្មែរឥស្លាម» ...
កម្ពុជា

ហ៊ុន សែន រិះគន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ «AKP» ថាចេញផ្សាយ​ព័ត៌មាន​យឺត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ទីភ្នាក់ងារព័ត៌មានរដ្ឋ ដែលហៅថា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (ជាអក្សរកាត់ AKP) ថាចេញផ្សាយ​ព័ត៌មាន​យឺត ជាទីបំផុត ដែលខុសគ្នាឆ្ងាយ ពីសារព័ត៌មានឯកជនដទៃទៀត។ មេដឹកនាំរបបក្រុងភ្នំពេញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.