កម្ពុជាដំណឹង

Covid-19៖ កម្ពុជាឈានដល់វគ្គ… ប្រាក់​បៀវត្ស​បរិច្ចាគ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

បន្ទាប់ពីវគ្គប្រាក់ជំនួយឧបត្ថម្ភ ពីសំណាក់ក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា ពេលនេះប្រទេសកម្ពុជាបានឈាន មកដល់វគ្គ «ប្រាក់​បៀវត្ស​បរិច្ចាគ» ពីសំណាក់ក្រុមមន្ត្រីគ្រាក់ៗម្ដង។ ព្រះរាជាណាចក្របានឆ្លងកាត់វគ្គ និងដំណាក់កាលច្រើនយ៉ាងនេះ បើទោះជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ប្រកាសថា កម្ពុជាបានត្រៀមបម្រុងប្រាក់ យ៉ាងហោច៨០០លានដុល្លារ និងរហូតដល់២០០០លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិជំងឺ «Covid-19» នេះក្ដី។

ការប្រកាសពីប្រាក់ត្រៀមបម្រុងនោះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ក្នុងពិធីចែកសញ្ញាប័ត្រ ដល់ក្រុមនិស្សិតច្រើនពាន់នាក់ នៃគ្រឹស្ថានសិក្សាឯកជនមួយកន្លែង។ លោក ហ៊ុន សែន បានថ្លែងឡើង នៅពេលនោះថា៖

«រាជរដ្ឋាភិបាល​បម្រុងទុក​នៃថវិកា​ តាមសេណារីយ៉ូ ទី១ ឬទី២។ បើទី១ គឺត្រៀមបម្រុង​ប្រមាណជា​ជិត ៨០០ លាន​ដុល្លារ។ អាហ្នឹង​បើសិនជា ចេញអាសេណារីយ៉ូ វិបត្តិ គេថា វិបត្តិអូសបន្លាយ​៦ខែ។ អារឿងកូរ៉ូណា​អូសបន្លាយ​៦ខែ គឺត្រៀម​ថវិកា​ប្រមាណ​៨០០ លាន ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។»

«ហើយបើវាទៅដល់១ឆ្នាំ យើងក៏បាន​ប៉ាន់ស្មានថា បើ៦ខែ វាធ្លាក់សេដ្ឋកិច្ច ធ្លាក់កំណើនប៉ុនណា? ផលប៉ះពាល់​វាធំប៉ុនណា? ហើយបាត់បង់​ចំណូលប៉ុនណា? ប្រសិនបើ​វា​កើតដល់​មួយឆ្នាំ តើកំណើន​សេដ្ឋកិច្ច​របស់យើង ​ធ្លាក់នៅប៉ុនណា? ហើយយើង​ត្រូវប៉ះប៉ូវ​ ទំហំ​ទឹកប្រាក់ប៉ុនណា? អញ្ចឹង​វាស្ថិត​នៅក្នុង​ចន្លោះ ពី៨០០លាន ទៅ២០០០លាន​ប៉ុណ្ណឹង ដែលយើង​ត្រៀមបម្រុង។»

ផ្ទុយទៅវិញ មកដល់ថ្ងៃនេះ កញ្ចប់ថវិការត្រៀមបម្រុងទាំងនោះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន យកចេញមកប្រើប្រាស់ តាមរយៈវិធានការអ្វី ឲ្យច្បាស់លាស់នៅឡើយ ខណៈការរៃអង្គាស រកប្រាក់ពីសប្បុរសជន បានកើតមានជាហូហែរ និងមានច្រើនវគ្គ។

វគ្គដំបូងគេ គឺជាប្រាក់ជំនួយឧបត្ថម្ភ ពីក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា។ ប្រាក់ជំនួយរបស់ក្រុម​«សប្បុរសជន»​ទាំងនេះ ត្រូវបានលោក ហ៊ុន សែន អះអាង នៅក្នុងសន្និសីទសារព័ត៌មាន នាវិមានរដ្ឋសភាថា មានទំហំប្រមាណជា ៩លានដុល្លារអាមេរិក មកទល់នឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

បន្ទាប់មក និងរាប់ចាប់ពីល្ងាចម្សិលម៉ិញ មកដល់ថ្ងៃនេះ ព្រះរាជាណាចក្រអច្ឆរិយៈ បាន​ឈានដល់វគ្គ ប្រាក់​បៀវត្ស​បរិច្ចាគ ពីសំណាក់មន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល និងនៅតាមក្រសួងមន្ទីរនានា។

យុទ្ធនាការថ្មីមួយនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមធ្វើមុនគេ តាមរយៈលិខិតមួយរបស់លោក ផ្ញើរទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយប្រកាសបរិច្ចាគ​ប្រាក់​បៀវត្សរបស់លោក ចំនួន៧ខែ ទៅឲ្យគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ «Covid-19»។

ភ្លាមៗក្រោយមក មន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន ជាច្រើននាក់ ក៏បានប្រកាស​បរិច្ចាគប្រាក់បៀវត្ស របស់ផងខ្លួន ជាបន្តបន្ទាប់ដែរ មុននឹងកាយវិការទាំងនេះ ត្រូវបានប្រព័ន្ធឃោសនា របស់លោក ហ៊ុន សែន យកមកចុះផ្សាយ យ៉ាងគគ្រឹកគគ្រេង។ មន្ត្រីទាំងនោះ រួមមាន បណ្ដារដ្ឋមន្ត្រី ទីប្រឹក្សា សមាជិកសភា​-ព្រឹទ្ធសភា ឧត្ដមសេនីយ៍យោធា-នគរបាល អភិបាលខេត្តក្រុងនានា និងត្រូវរាប់បន្ថែម ដោយមន្ត្រីរាជការ នៅតាមក្រសួងមន្ទីរមួយចំនួនផង។

មកដល់ម៉ោងនេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចេញតួលេខផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺ «Covid-19» មានចំនួនកើនឡើង ដល់១១០នាក់ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន១នាក់បន្ថែមទៀត។ ក្រសួងបានប្រកាសបន្ថែមថា ចំនួនអ្នកជំងឺជាសះ បានកើនឡើង ដល់៣៤នាក់៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ចិនបិទក្រុងមួយ បន្ទាប់ពី​រកឃើញ​ករណីឆ្លង ៣៤នាក់

ក្នុងក្រុង «Shulan» អាជ្ញាធរសុខាភិបាល បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៣៤នាក់ កាលពីសប្ដាហ៍កន្លងមក។ ចំនួននេះ ទោះបីជានៅតិចក៏ដោយ តែអាជ្ញាធរចិន បានប្រកាស បិទក្រុងមួយនេះទាំងមូល ...
កម្ពុជា

សម រង្ស៊ី ស្នើ EU ឲ្យបន្ត​សម្ពាធ​លើ​ក្រុង​ភ្នំពេញ ​រហូត កឹម សុខា ត្រូវ​បាន​ដោះលែងនិង CNRP មាន​ដំណើរការ​ឡើង​វិញ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតមួយ ទៅកាន់តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) ដើម្បីពន្យល់ ពីការវិវត្តន៍ចុងក្រោយ ...
កម្ពុជា

ក្រុមហ៊ុន​ម្ចាស់​ទូរទស្សន៍ CNC-CTN បដិសេធ​ព័ត៌មាន​ដែល​ថា គិត ម៉េង ត្រូវ ហ៊ុន សែន ចាប់ខ្លួន

លោកឧកញ៉ា គិត ម៉េង មិនត្រូវបានចាប់ខ្លួនទេ តែលោក «កំពុងចូលរួម ក្នុងកម្មវិធី​សប្បាយរីករាយ ជាមួយគ្រួសារ និងមិត្តភ័ក្រ នៅក្នុងខេត្តសៀមរាប»។ នេះ បើតាមការប្រកាសរបស់ក្រុមហ៊ុន បណ្ដាញផ្សព្វផ្សាយកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.