កម្ពុជាដំណឹង

សម រង្ស៊ី ថា​ទាល់តែ​លោក​ជិត​វិលចូល​ស្រុក ទើប ហ៊ុន សែន គិត​ធ្វើល្អ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងពីក្រៅប្រទេសថា ទាល់តែលោក​«ជិត​វិល»​ចូលស្រុកវិញ ទើបលោក ហ៊ុន សែន និងរបបក្រុងភ្នំពេញសព្វថ្ងៃ ចាប់ផ្ដើម«គិត​ធ្វើល្អ»។ ការថ្លែងរបស់ប្រធានស្ដីទីគណបក្សប្រឆាំង ធ្វើឡើងដើម្បីតប ទៅនឹងបទបញ្ជាមួយ របស់លោក ហ៊ុន សែន ដែលប្រាប់ឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ​ទាំង​អស់ ត្រូវ​ចុះ​មូលដ្ឋាន​ពន្យល់​ពី​ផល​វិបាក​​នៃ​បដិវត្តន៍​ពណ៌ ដែលកើតចេញ ពីដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។

បទបញ្ជានោះ ត្រូវបានលោក ហ៊ុន សែន សរសេរ និងចុះហត្ថលេខា ក្នុងលិខិតមួយ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបានបែកធ្លាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ ដោយគូសបញ្ជាក់ដំបូងថា លោក​ សម​ រង្ស៊ី​ បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ អំពី​គម្រោង​​វិល​ត្រឡប់​​ចូល​កម្ពុជា​វិញ «​ក្នុង​គោល​បំណង​ដឹក​នាំ ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ថ្មី​ ដោយ​បាន​អំពាវ​នាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​ ឲ្យ​ធ្វើ​ការ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិ​បាល​ស្របច្បាប់»។

លោក ហ៊ុន សែន បន្តថា៖

«ការ​វិល​ត្រលប់​មក​កម្ពុជា​វិញ​ ឬ​មិន​វិល​ត្រលប់​មក​កម្ពុជា​វិញ ​របស់​ទណ្ឌិត​ សម រង្ស៊ី ក៏​ដូច​ជា​ ការ​ដឹក​នាំ​បដិវត្តន៍​ពណ៌បាន​សម្រេច ឬ​មិន​បាន​សម្រេច​ គឺ​មិន​ចំណុះ​ទៅ​លើ​មហិច្ឆិតា ​របស់​ទណ្ឌិត​រូប​នេះ​ឡើយ កត្តា​សំខាន់​ជា​គន្លឹះ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់​គ្រង​បាន​ល្អ​ប្រសើរ​ នូវ​សភាព​ការណ៍តាម​មូលដ្ឋាន​នានា ​ទូទាំង​ប្រទេស។»

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានណែនាំទៅកាន់ «សម្ដេច ឯកឧត្ដម លោកជំទាវ» ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ថាត្រូវ​ធ្វើការ «ដឹក​នាំ​ ណែនាំ ​ដល់​ក្រុម​ការងារ​និង​មន្ត្រី ​អាជ្ញា​ធរ​ កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ សហ​ការ​រៀប​ចំ​វេទិកា​សាធា​រ​ណៈ​គ្រប់​ឃុំ​ ភូមិ​ ដើម្បី​ផ្សព្វផ្សាយ​​អប់​រំ​​ប្រជាពលរដ្ឋ​​គ្រប់​មជ្ឈ​ដ្ឋាន ​អំពី​ផល​វិបាក​នៃ​ការ​ផ្ដួល​រំលំ​​រាជ​រដ្ឋាភិ​បាល​​ស្រប​ច្បាប់​ តាម​រយៈ​សកម្ម​ភាព​​បដិ​វត្តន៍​ពណ៌ ដែល​ជា​សកម្ម​ភាព​​ខុស​ច្បាប់ ​និង​ការ​វិល​ត្រឡប់​​មក​កម្ពុជា​​របស់​ទណ្ឌិត​ សម​ រង្ស៊ី​ ដើម្បី​ដឹកនាំ​សកម្មភាព​​ខុស​ច្បាប់​នេះ»។​

ក្នុងលិខិតដដែល បុរសខ្លាំងកម្ពុជានៅ​បានបន្ត​ណែ​នាំ ​ឲ្យ​​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ ឲ្យ​បាន​ទាន់​​ពេល​វាលា ​លើក​កម្ពស់​សេវា​សាធារ​ណៈ ​ជូ​ន​​ពល​រដ្ឋ ​និង​អភិ​វឌ្ឍ​មូល​ដ្ឋាន​ និង​អប់​រំ​មន្ត្រី​ អាជ្ញធរ​ កម្លាំង​សមត្ថកិច្ច​គ្រប់​ថ្នាក់​ឲ្យ​បម្រើ​ពលរដ្ឋ។​

តែសម្រាប់លោក សម រង្ស៊ី លិខិតខាងលើរបស់លោក ហ៊ុន សែន បញ្ជាក់កាន់តែច្បាស់ថា នាយករដ្ឋមន្ត្រីដែលប្រកាសបន្តអង្គុយក្នុងអំណាច យ៉ាងហោចមួយអាណត្តិកន្លះទៀតនេះ កំពុង«ភ័យស្លន់ស្លោរ» អំពីដំណើរ«វិលត្រឡប់មកកម្ពុជាវិញ» របស់រូបលោក។

ចាប់ផ្ដើម«គិត​ធ្វើល្អ»…

មេដឹកនាំប្រឆាំងបានយកលិខិតខាងលើ របស់លោក ហ៊ុន សែន មកបង្ហោះនៅលើបណ្ដាញសង្គម រួចធ្វើការឆ្លើយតបថា ប្រជារាស្ត្រខ្មែរមានមូលហេតុ ក្នុងការផ្តួលរំលំរបបដឹកនាំ របស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី ពន្យល់អំពីមូលហេតុនោះ ដោយខ្លួនលោកថា៖

«ព្រោះរបបនេះ ជារបបខុសច្បាប់ កើតចេញមកពីការបោះឆ្នោតក្លែងក្លាយ ឆ្នាំ ២០១៨ ដែលជាការរំលោភឆន្ទៈប្រជារាស្ត្រទាំងស្រុង។ ការបោះឆ្នោតណា ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ ជាងពាក់កណ្តាលនគរ គឺជាការបោះឆ្នោតក្លែងក្លាយ ផ្ទុយស្រឡះពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរបន្តថា៖

«ប្រជារាស្ត្រខ្មែរ ឃើញច្បាស់ តាមរយៈលិខិតរបស់ ហ៊ុន សែន នេះ ថាទាល់តែ សម រង្ស៊ី ជិតវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីផ្តួលរំលំរបបខុសច្បាប់ និងផ្តាច់ការ ដឹកនាំដោយ ហ៊ុន សែន នេះ ទើបរបបនេះ ចាប់ផ្តើមគិតគូរធ្វើអំពើល្អ មានន័យថារបបនេះ ធ្លាប់តែធ្វើអំពើអាក្រក់ ដូចជាបំផ្លាញជាតិ និងធ្វើបាបប្រជារាស្ត្រ រាប់សិបឆ្នាំមកហើយ។»

គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស បានប្រកាសជាច្រើនដង អះអាងពីដំណើរ​វិល​ត្រឡប់ ចូលប្រទេសកម្ពុជាវិញ របស់លោក សម រង្ស៊ី នៅក្នុងឆ្នាំ២០១៩នេះ។ ប៉ុន្តែការអះអាងនោះ មិនបានបញ្ជាក់ថា តើការវិលត្រឡប់របស់មេដឹកនាំប្រឆាំង នឹងត្រូវធ្វើនៅថ្ងៃណា ឬពេលណាឲ្យច្បាស់ឡើយ។

យ៉ាងណា លោក សម រង្ស៊ី បន្តថ្លែងថា ដំណោះស្រាយចំពោះមុខ ដែលលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក ត្រូវធ្វើនោះ មានដូចជា «ប្រគល់សងដីធ្លី ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ផ្សេងៗ» «ដោះស្រាយជាបន្ទាន់ នូវបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ» ដែលធ្វើឲ្យពលរដ្ឋកម្ពុជាធ្លាក់ខ្លួនក្រ និងជំពាក់បំណុលវណ្ឌក។

មេដឹកនាំប្រឆាំង បានសរសេរថា៖

«ហ៊ុន សែន ត្រូវតែណែនាំឲ្យក្រុមគ្រួសារ និងបក្ខពួកគាត់ បញ្ឈប់អំពើពុករលួយប្លន់ជាតិ ហើយត្រូវតែប្រគល់សងប្រទេសជាតិវិញ នូវថវិការាប់ពាន់លានដុល្លារ ដែលក្រុមគ្រួសារ និងបក្ខពួក ហ៊ុន សែន បានប្លន់ពីប្រទេសជាតិ។»

«ម្យ៉ាងវិញទៀត ហ៊ុន សែន ត្រូវតែដោះស្រាយជាបន្ទាន់ នូវបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ របស់ប្រជារាស្ត្ររាប់លានគ្រួសារ ដែលធ្លាក់ខ្លួនក្រ និងជំពាក់គេវណ្ឌក ដោយសារតែក្រុមគ្រួសារ និងបក្ខពួក ហ៊ុន សែន បានបំផ្លាញមុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅ របស់ប្រជារាស្ត្រ ដោយសារតែអំពើពុករលួយ និងអសមត្ថភាព របស់ថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ៕»

០៩ ឧសភា ២០១៩ / 09 May 2019 – Sam Rainsy’s response to Hun Sen’s letter dated 07 May 2019. ខ្ញុំ សម រង្សុី សុំប្រាប់ទៅ…

Publiée par Sam Rainsy sur Jeudi 9 mai 2019


You may also like

កម្ពុជា

បន្ទាប់ពី​កូរ៉េខាងត្បូង តើ សម រង្ស៊ី គ្រោងទៅ​ប្រទេស​ណាទៀត​នៅអាស៊ី?

មន្ត្រីស្និតលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា ការជួបជាមួយពលករខ្មែរ ក្នុងប្រទេសថៃ អាចជាជំហានក្រោយ បន្ទាប់ពី​កូរ៉េខាងត្បូង ដែលជាជំនួបជាមួយពលកររាប់ពាន់នាក់ កាលពីសប្ដាហ៍មុនរួច។ ប៉ុន្តែសម្រាប់អ្នកវិភាគ បានគិតថា ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ឈប់​និយាយ​រក​​គណបក្ស​ប្រឆាំង

នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង ៣ទសវត្សន៍មកនោះ បានព្រមាននៅព្រឹក ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩​ នេះ ថាលោកបាននិយាយរួចរាល់ អស់ហើយ ហើយនឹងមិននិយាយបន្ថែម ...
កម្ពុជា

អ្នកវិភាគថា ហ៊ុន សែន អួត​ពីអភិក្រម​ទី៥ តែមិន​ទម្លាយ​ពី​«អភិ​ក្រម​ទី៦»

នៅចំពោះការលើកឡើងច្រំដែលៗ ពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកផង ពីសំណាក់អ្នកគាំទ្រ​ផង ជុំវិញ«អភិក្រមទី៥ ស្ដីពីការវះកាត់» ដែលដាក់ចេញ​ដោយនាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជានោះ លោក គឹម សុខ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...