នៅប៉ុន្មានម៉ោងក្រោយបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេច បិទទ្វារបស់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ជាស្ថាពរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាឲ្យលុបអាជ្ញាបណ្ណ ដែលអនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា។

មជ្ឈមណ្ឌល«CCIM» ជាអង្គការសង្គមស៊ីវិលមួយ ដែលគ្រប់គ្រងការផ្សាយ របស់វិទ្យុ «VOD» ខាងលើ។

ក្នុងសេចក្ដីសម្រេចនោះ ក្រសួងព័ត៌មានបានអះអាងទៀតថា អង្គភាព«VOD»បានរំលោភយ៉ាងធ្ងន់ធ្ងរ «លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាព» របស់រដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាម«បទប្បញតិ្តច្បាប់ ស្តីពីរបបសារព័ត៌មាន»។

នាយករដ្ឋមន្ត្រីកម្ពុជាបានសម្ដែងការខឹងក្រេវក្រោធ ចំពោះស្ថាប័នសារព័ត៌មានខាងលើ នៅក្រោយការផ្សាយរបស់ស្ថាប័ននេះ ទាក់ទងនឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ដែលក្រុមអ្នកឃ្លាំមើលជឿជាក់ថា នឹងត្រូវលើកឲ្យបន្តតំណែង ជានាយករដ្ឋមន្ត្រីបន្តពីឪពុក ក្នុងពេលខាងមុខ។

អត្ថបទដែល«VOD»ចេញផ្សាយ នៅថ្ងៃព្រហស្បត្តិ៍ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានចំណងជើងដូច្នេះ «មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សុទ្ធតែបដិសេធពីករណីនេះ និងបានទាមទារឲ្យស្ថាប័នសារព័ត៌មាន សម្ដែងការសុំទោស នៅមុនម៉ោង១០ ថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។

នៅក្នុងលិខិតទីមួយ ផ្ញើរទៅកាន់បុរសខ្លាំងនៅកម្ពុជា មជ្ឈមណ្ឌល «CCIM»​ បាន​ប្រើ​ពាក្យ «សម្តែង​ការ​សោក​ស្តាយ និង​អធ្យាស្រ័យ» ហើយបាន​ពន្យល់​ថា​ អត្ថបទ​របស់​«VOD» យោង​ប្រភពពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន។

ខណៈលិខិតទីពីរ ដែលត្រៀមផ្ញើរទៅកាន់លោក ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ ស្ថាប័នសារព័ត៌មានខាងលើ បានសម្ដែងការសុំទោស នៅចំពោះការចុះផ្សាយរបស់ខ្លួន ដែលបានប៉ះពាល់ដល់«កិត្តិយស» របស់លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលលោក ហ៊ុន សែន។ តែលិខិតទាំងពីរ ត្រូវបានលោក ហ៊ុន សែន បដិសេធមិនទទួលយក និងបញ្ជាទៅក្រសួងព័ត៌មាន ឲ្យបិទសារព័ត៌មានខាងលើ ឲ្យខាងតែបាន។

វិទ្យុសម្លេងប្រជាធិបតេយ្យ «VOD» ត្រូវបានគេស្កាល់ថា ជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ ដែលនៅសេសសល់ នៅកម្ពុជា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាច្រើនផ្សេងទៀត ទទួលការបង្ខំឲ្យបិទទ្វាជាបន្តបន្ទាប់ រាប់ពីឆ្នាំ២០១៧កន្លងមក។

ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ កំពុងស្វែងរកប្រតិកម្ម ពីអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF / RWB) ដែលមានស្នាក់ការធំ ក្នុងរដ្ឋធានី ប៉ារីស (បារាំង) ជុំវិញករណីខាងលើ តែភ្លាមៗគ្មានការឆ្លើយតប (ក្នុងប្រទេសបារាំង នៅវេលាយប់នៅឡើយ)។

ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ដ៏ទាប (លេខ ១៤២) ក្នុងបញ្ជីសន្ទស្សន៍របស់អង្គការខាងលើ ដែលដាក់ពិន្ទុដល់ប្រទេសចំនួន១៨០ នៅជុំវិញពិភពលោក។ ក្នុងរបាយការណ៍ឆ្នាំ២០២២ ភ្ជាប់មកជាមួយចំណាត់ថ្នាក់ខាងលើ អង្គការ «RSF/ RWB» បានអះអាងថា លោកហ៊ុន សែន បានធ្វើសង្គ្រាមដោយមិនប្រណីដៃ ប្រឆាំងសេរីភាព នៃសារពត័មានឯករាជ្យ ក្នុងគោលបំណងតែម្យ៉ាង គឺការគ្រប់គ្រងអំណាចតពូជអំបូររបស់លោក៕



លំអិតបន្ថែមទៀត

កម្ពុជា

ស្ថានទូតអាមេរិក បន្តប្រាប់​​ក្រុងភ្នំពេញ​ឲ្យដោះស្រាយ​ករណី កឹម សុខា

ស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ បានបន្តគម្រាមរបបក្រុងភ្នំពេញ ឲ្យដោះស្រាយករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយភាពត្រឹមត្រូវ និងការគោរព បើសិនជារបបគ្រប់គ្រងមួយនេះ ចង់មានទំនាក់ទំនងល្អ ជាសហរដ្ឋ​អាមេរិក។ អ្នកស្រី​ ...
កម្ពុជា

ហ៊ុន សែន តម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ

កើតមកជាចៅប្រុស របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេះ​លេង​កីឡា​៣ប្រភេទ ! នេះ បើតាមការបង្ហោះសារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។ អមនឹងរូបថតជាច្រើន ដែលបង្ហាញ ...
កម្ពុជា

សួន សេរីរដ្ឋា ថ្លែងពី​«ខ្លាសេដ្ឋកិច្ច» ដែលទិញ​អំបិលទឹកភ្លើង​ពីបរទេស

កម្ពុជាជា«ខ្លាសេដ្ឋកិច្ច»? សម្រាប់លោក សួន សេរីរដ្ឋា ពិបាកឲ្យនិយមន័យ ចំពោះពាក្យ​ថា «កម្ពុជា​ខ្លាសេដ្ឋកិច្ច» ប៉ុន្មានម៉ាត់នេះណាស់ ដោយហេតុថា មេដឹកនាំខ្មែរមិនចេះ​រក​ការងារ​ឲ្យពលរដ្ឋធ្វើនៅក្នុងស្រុក ហើយបើសូម្បីអំបិលទឹកភ្លើង ក៏ខ្មែរត្រូវទិញនាំចូល​ពីបរទេស​ដែរ។ អតីតប្រធានគណបក្សអំណាចខ្មែរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.