កម្ពុជាដំណឹង

រដ្ឋមន្ត្រី​ព័ត៌មាន​ថា ស្ថានទូត​អាមេរិក​ផ្សព្វផ្សាយ​«ដំណឹង​ក្លែងបន្លំ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបរិហារការបង្ហោះមួយ របស់ស្ថានទូតអាមេរិក កាលពីម្សិលម៉ិញ ដែលអះអាងថា ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។ លោករដ្ឋមន្ត្រី បានហៅការបង្ហោះនោះ ថាជា«ដំណឹង​ក្លែងបន្លំ» និងហៅអ្នកបង្ហោះសារនោះ ថាជា«ជនអគតិ»។

លោក ខៀវ កាញារីទ្ធ បានបង្ហោះរូបភាព ដែលផ្ដិតពីសាររបស់ស្ថានទូតអាមេរិក នៅលើគណនីហ្វេសប៊ុករបស់លោក ដោយសរសេរអមថា៖

«ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញ ដំណឹង​ក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀត ដែលខ្លួនមានទំនាក់ទំនងស្ថានទូត ជាមួយផង។»

កាលពីម្សិលម៉ិញ ស្ថានទូតអាមេរិកបានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអមមកជាមួយ នូវរូបភាពតួលេខ ដែលនិយាយពីឱនភាពពាណិជ្ជកម្ម ដ៏ធំធេង ដែលកម្ពុជាមាន ជាមួយប្រទេសចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាពអ៊ឺរ៉ុប។

ស្ថានទូតអាមេរិក បានសរសេរថា៖

«ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយ ដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»

សម្រាប់រដ្ឋមន្ត្រីក្រសួង«ឃោសនា» របស់របបក្រុងភ្នំពេញ លោកមិនបានគិតដូច្នោះទេ។ លោកថែមទាំងបានហៅអ្នកសរសេរ នៅលើទំព័រហ្វេសប៊ុកស្ថានទូតអាមេរិក ថាជាអ្នក«វិភាគ» ដែល«ខំប្រឹងដុតកម្លោចទំនាក់ទំនង» កម្ពុជា-អាមេរិកនោះផង។

លោកសរសេរថា៖

«អ្នក”វិភាគ”នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកទេ ដែលបានបង្កើតការងារ នៅស្រុកខ្មែរ តែគេ”ភ្លេច”បង្ហាញរឿងមួយដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគ ចូលមកក្នុងប្រទេសកម្ពុជាវិញ តើមានប៉ុន្មាន?»

«យើងមានតែចង់កសាង ទំនាក់ទំនងល្អ ជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះ ប្រឹងដុតកម្លោច​ទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ៕»

ប្រហែល មានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយ បញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេស ម្ចាស់ផ្ទះផង…

Publiée par Kanharith Khieu sur Samedi 20 avril 2019


លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ ដូណាល់ ត្រាំ ប្ដេជ្ញា​«មិនចុះចាញ់​ដាច់ខាត»

«មិនចុះចាញ់​ដាច់ខាត» លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ចប់អាណត្តិ បានថ្លែង​ដូច្នេះ ទៅកាន់អ្នកគាំទ្រលោក ដែលបានប្រមូលគ្នាជាច្រើនពាន់ពាន់ ដើម្បីធ្វើបាតុកម្ម​ មុននឹងឈានដល់ ការចូល​កាន់កាប់វិមាន​កាពីតូល ...
ពិសេស

មនោរម្យ.អាំងហ្វូ និងអង្គការធំមួយ រួមគ្នាបំបែក​ការរាំងខ្ទប់​គេហទំព័រ​នៅកម្ពុជា

មនោរម្យ.អាំងហ្វូ ៖ របប«មេកន្ទ្រាញ»ដែលយាយី ទៅលើសិទ្ធិ​សេរីភាព​សារព័ត៌មាន និងសិទ្ធិសេរីភាព នៃការទទួលព័ត៌មាន អាចនឹងសើចលែងសម នៅចំពោះ​កិច្ចសហ​ប្រតិបត្តិការមួយនេះ។ នោះ គឺយុទ្ធនាការ​«បំបែក» ការរាំងខ្ទប់​គេហទំព័រ​​សារព័ត៌មាន​ឯករាជ្យ ដែល​ផ្ដួចផ្ដើម​​ឡើង និងអនុវត្ត ...
កម្ពុជា

អាមេរិក​ព្រមាន​ក្រុងភ្នំពេញ​ក្នុងជំហរ​ងាកទៅ​ចិន ដូច«ខ្មែរក្រហម»​បានធ្វើ

ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេង​ប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហម​បានពឹងផ្អែកយ៉ាង​ងប់ងល់ ទៅលើមហាអំណាចធំមួយ»។ ខាងលើនេះ ជាដំណកស្រង់ឃ្លាសំខាន់ចំនួនពីរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.