កម្ពុជាដំណឹង

ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​ អំ សំអាត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីជាង៣៥ឆ្នាំ របស់ប្រទេសកម្ពុជា បានព្រមានចាប់ខ្លួនលោក អំ សំអាត មន្ត្រីជាន់ខ្ពស់មួយរូប របស់អង្គការ លីកាដូ ដែលធ្វើការ ផ្នែកការពារ​សិទ្ធិមនុស្ស ក្នុងស្រុក។

ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើង ដើម្បីប្រតិកម្មតបនឹងការថ្លែង របស់លោក អំ សំអាត ដែលជានាយករង ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​នៃ​អង្គការ​លីកាដូ កាលពីម្សិលម៉ិញ តាមរយៈវិទ្យុអាស៊ីសេរី ទាក់ទងនឹងរបាយការណ៍មួយ អំពីការចាប់ខ្លួនមនុស្ស យ៉ាងហោច ២៤នាក់ តាំងពីវិបត្តិជំងឺ «Covid-19» ផ្ទុះឡើងមក។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖

«លោក អំ សំអាត នៅលីកាដូ លោកត្រូវប្រុងប្រយ័ត្នខ្លួន ចំពោះពាក្យសំដី របស់អស់លោក។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ! អស់លោកមានបានគិតឬទេ អំពីគ្រោះថ្នាក់ សម្រាប់ប្រជាពលរដ្ឋឬទេ?»

«លោកឯង ទើបនឹងថ្លែង តាមរយៈវិទ្យុក្រៅប្រទេសមួយ តែប៉ុណ្ណឹង។ លោកឯងត្រូវយល់ បើលោកឯងធ្វើអញ្ចឹង លោកឯងក៏មិនរួចខ្លួនដែរ សុំព្រមានទុកជាមុន ចង់នរណាថាអីថាទៅ ខ្ញុំព្រមានលោកឯង ទុកជាមុន។»

បុរសខ្លាំងកម្ពុជា បានលើកឡើង ដោយចំឈ្មោះមន្ត្រីការពារសិទ្ធិមនុស្ស ទៀតថា៖

«លោក អំ សំអាត នៃអង្គការលីកាដូ លោកឯងត្រូវតែប្រុងប្រយ័ត្ន ចំពោះសំដីលោកឯង នៅក្នុងកាលៈទេសៈនេះ។ បើទោះជាច្បាប់ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន មិនទាន់ចូលជាធរមាន ក៏ខ្ញុំចាប់លោកឯងបានដែរ ចាប់លោកឯងបានដែរ។»

ក្នុងពេលភ្លាមៗ នៅមិនទាន់មានប្រតិកម្មផ្ទាល់ ពីលោក អំ សំអាត ជុំវិញការព្រមានរបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅឡើយ។

លោក ហ៊ុន សែន បានពន្យល់បន្ថែមថា៖

«ព្រោះលោកឯងគាំទ្រ ដំណើរការខុសច្បាប់ [ដែលត្រូវបាន]​ចាត់ទុកថា ជាផ្នែកមួយ នៃការរួមគំនិត នៃការធ្វើអំពើខុសច្បាប់ ក្នុងប្រទេសកម្ពុជា។»

តាមរយៈវិទ្យុអាស៊ីសេរី លោក អំ សំអាត បានថ្លែងជំរុញ ឲ្យអាជ្ញាធរពិនិត្យមើល និង​វែកញែក​ឲ្យដាច់ពីគ្នា ថាអ្វីជាសិទ្ធិបញ្ចេញមតិ និងអ្វី​ដែលជាបទល្មើស នៅចំពោះការចាប់ខ្លួនមនុស្ស ជាច្រើននាក់ ក្នុងរយៈពេលដ៏ខ្លី រាប់ពីដើមឆ្នាំ២០២០នេះមក។ លោកបានហៅទង្វើនេះ ថាជា​ការ​បំបិទ​សិទ្ធ​ប្រជាពលរដ្ឋ​ មិន​ឱ្យ​សំដែង​មតិ ​ខណៈ​ជំងឺ«Covid-19» ​កំពុង​រាតត្បាត នៅជុំវិញ​ពិភពលោក។

នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​ នៃ​អង្គការ​លីកាដូរូបនេះ បានថ្លែងដូចការដកស្រង់ ខាងក្រោមថា៖

«ការ​ចាប់​និង​ការ​ឃុំខ្លួន​នេះ យើង​គូរ​តែ​ពិនិត្យ​មើល​ដែរ​ ថា​អ្វី​ជា​បទល្មើស​អ្វី ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ប្រសិនជា​យើង​ ធ្វើការ​ឃុំខ្លួន​ ដោយ​មិន​បាន​ពិចារណា ​ឱ្យ​ត្រឹមត្រូវ​ ថា​អ្វី​ជា​សេរីភាព​បញ្ចេញមតិ អ្វី​ជា​បទល្មើស​នោះ​ទេ អាហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដែរ​ សម្រាប់​សេរីភាព​បញ្ចេញមតិ​ របស់​ពលរដ្ឋ​នោះ​បាទ។»

​មនុស្ស​ចំនួន​២៤​នាក់ ​ត្រូវបានអាជ្ញាធរ នៃ​របប​ក្រុងភ្នំពេញ​ចាប់​ខ្លួន ​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា ក្នុងនោះមានមនុស្សមួយចំនួន ជាសមាជិកគណបក្សសង្គ្រោះជាតិផង។

លោក អំ សំអាត បានលើកឡើងថា ពីក្នុងចំណោមនោះ មនុស្ស១៧​នាក់ ត្រូវ​ចោទ​ប្រកាន់ ​ពី​បទ​សង្ស័យថា បានផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត រឿង​ជំងឺខាងលើ និងមនុស្ស​៧​នាក់​ផ្សេងទៀត​ ដែលជា​សកម្មជន​គណបក្សប្រឆាំង ត្រូវបាន​ចោទប្រកាន់​ ​ពី​បទ​រួមគំនិត​ក្បត់ ​ដែល​សំណុំរឿង​ខ្លះ ​បាន​កើតឡើង​ តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ៕



លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​«ការញុះញង់​ពីនាយសមុទ្រ»

របបដឹកនាំក្រុងភ្នំពេញ បានប្រកាសចាត់វិធានការ ប្រឆាំងនឹងបណ្ដាជននៅក្រៅប្រទេសទាំងឡាយណា ដែលរបបនេះរកឃើញថា បានបង្កើត«ការញុះញង់​ពីនាយសមុទ្រ» ដោយអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ «ក្នុងបំណងបង្កើតកម្លាំងចលនាមហាជន ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាជរដ្ឋាភិបាល»។ សេចក្ដីថ្លែងការណ៍មួយ របស់ការិយាល័យអ្នកនាំពាក្យ នៃរបបដឹកនាំក្រុងភ្នំពេញ ...
កម្ពុជា

អន្ទិត កក្កដា សុភ័ណ្ឌ បាន​ទៅដល់​អាមេរិក មួយថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​ផ្សឹក

វេលានេះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលត្រូវបានចាប់ផ្សឹក ដោយគណៈសង្ឃរាជធានី កាលពីយប់ថ្ងៃអាទិត្យទី២១ ចូលមកថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ។ ពីទីនោះ អតីតព្រះភិក្ខុ ...
កម្ពុជា

រដ្ឋាភិបាលកម្ពុជា​បដិសេធព័ត៌មាន​​ថាខ្លួន​គ្រោង​«ប្ដូររបបរាជានិយម»

រដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញមកបដិសេធព័ត៌មានមួយ ដែលថារដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មានគម្រោង«ប្ដូររបបរាជានិយម»។ អង្គភាពរដ្ឋាភិបាល បានហៅព័ត៌មាន ដែលអះអាង ពីគម្រោង«ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.