កម្ពុជាដំណឹង

ហ៊ុន សែន៖ «បើ​ចង់​រួច​បម្រាម​ហាម​ធ្វើ​នយោបាយ ត្រូវ​ស្នើ​ម្នាក់​ម្ដងៗ មក​នាយករដ្ឋមន្ត្រី»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)

បណ្ដាជនទាំងឡាយណា ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ ហើយមានបំណងចង់រួចខ្លួន ចេញពីបម្រាមនេះ ត្រូវធ្វើសំណើរម្នាក់ម្ដងៗ ឡើងទៅនាយករដ្ឋមន្ត្រី ដើម្បីឲ្យលោកពិនិត្យមើល ថាតើជននោះ មានលក្ខណៈសម្បត្តិ អាចត្រូវលោកទូលស្នើ ទៅព្រះមហាក្សត្រ ឲ្យលើកលែងបម្រាមនោះ ឬយ៉ាងណា។ នេះ ជាការអះអាងឡើង​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលមួយ នាស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានប្រកាសថា សេចក្ដីព្រាងច្បាប់​វិសោធនកម្ម មាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាបើកសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័ត នៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ មិនសំដៅទៅបក្សនយោបាយណាមួយទេ តែជាច្បាប់សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ហើយក៏មិនសម្រាប់មនុស្សមួយគណបក្សនោះដែរ។

 លោកថា៖ «ប្រសិនជាគេមានការស្នើសុំ មកនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីបានពិនិត្យឃើញថា គេមិនបានប្រឆាំង នឹងសាលដីកាតុលាការកំពូលនោះទេ (…) នៅពេលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រៀមនឹងទទួលយក នូវសំណើររបស់សាមីជនម្នាក់ៗ មិនមែនតំណាង ឲ្យបក្សនយោបាយណាមួយ មកស្នើទេ។ បុគ្គលម្នាក់ៗ ត្រូវស្នើមកនាយករដ្ឋមន្ត្រី ឬស្នើតាមរយៈ​រដ្ឋមន្ត្រីមហាផ្ទៃ (…) មិនមែនចេញច្បាប់ហើយ អ្នកប៉ុន្មានហ្នឹង រួចអស់ទេ។ ម្នាក់ម្ដងៗ ម្នាក់មានព្រះរាជក្រិត្យមួយ ឬបួនប្រាំនាក់សុំមក គឺមានព្រះរាជក្រិត្យមួយ។»។

បុរសខ្លាំងកម្ពុជា បញ្ជាក់ថា៖ «អញ្ចឹង ជាឆន្ទានុសិទ្ធិ របស់នាយករដ្ឋមន្ត្រី នៅត្រង់កន្លែងនេះ»។

សេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រា៤៥ ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រ ចំនួន​៨៧រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយ ស្នើធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី(ស្ទួនមួយ) ដែលមានខ្លឹមសារថា៖

បុគ្គលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាព នយោបាយ មិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុងគណបក្ស នយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់កំណត់ ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យ៉ាងណា ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងព្រឹកនេះ ដែលថាការព្រាងច្បាប់វិសោធនកម្មខាងលើ មិនសំដៅទៅគណបក្សណាមួយនោះ មានលក្ខណៈផ្ទុយនឹងសេចក្ដីថ្លែងការណ៍ កាលពីដើមសប្ដាហ៍មុន របស់ក្រសួងការបរទេស និងរដ្ឋសភាកម្ពុជា ដែលបានពន្យល់ថា ការកែច្បាប់ស្ដីគណបក្សនយោបាយនេះ មានទិសដៅផ្ដល់សិទ្ធិនយោបាយឡើងវិញ ឲ្យមន្ត្រីទាំង១១៨នាក់ មកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីពួកគេត្រូវបានតុលាការកំពូល ចេញសាលក្រម​ហាមឃាត់​សកម្មភាពរបស់ពួកគេ ចេញពីរាល់ជីវភាពនយោបាយនោះ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ឲ្យ ហ៊ុន សែន ឈប់​ដឹកនាំ​ប្រទេស​ដោយយោង​វប្បធម៌​«សុំទាន»

ចំណុចមួយ ដែលយើងត្រូវតែបញ្ឈប់ គឺវប្បធម៌«សុំទាន» ! នេះ ជាការថ្លែងឡើង របស់ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ដើម្បីប្រតិកម្មតប នឹងការ«រៃអង្គាស» ...
កម្ពុជា

អាមេរិក​ស្នើឲ្យ​ស៊ើប​ករណី ទិត្យ រ៉ន និង​ឲ្យ​ក្រុងភ្នំពេញ​​ឈប់​​ធ្វើទុក្ខ CNRP

ករណីមរណភាព របស់សកម្មជនគណបក្សសង្គ្រោះជាតិ ( CNRP ) លោក ទិត្យ រ៉ន ដែល​ពោរពេញដោយមន្ទិល រួមទាំងការកោះហៅ ចាប់ចងមន្ត្រី-សកម្មជន​គណបក្សប្រឆាំង ជាច្រើននាក់ផ្សេងទៀត ក្នុងរយៈពេលប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ ...
កម្ពុជា

សម រង្ស៊ី ថ្លែង​បន្ថែម​ឲ្យ​ជនមាន​កាំភ្លើង ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ

នៅចំពោះគម្រោងបើកសវនាការ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទចោទ «ញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព» លោក សម រង្ស៊ី បានបញ្ជាក់ជំហរថា លោកមិនខ្វល់អ្វីឡើយ។ ផ្ទុយទៅវិញ លោកបានអំពាវនាវបន្ថែម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.