កម្ពុជាដំណឹង

ហ៊ុន សែន លើកពី​ខឿន​ការពារ​សុខភាព​ក្នុង​សមរភូមិ​ប្រឆាំង​«Covid-19»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រើពាក្យ «ខឿនការពារជាតិ» ​ក្នុងវិស័យយោធាតាំងមុនមកនោះ នៅថ្ងៃនេះ លោកបានប្រើពាក្យប្រហាក់ប្រហែលគ្នានេះ គឺ«ខឿនការពារសុខភាព» ក្នុងសមរភូមិប្រឆាំង នឹងមេរោគ«Covid-19»។ លោកលើកឡើងថា «ខឿនការពារសុខភាព» របស់ប្រជាជន គឺជា«គោលនយោបាយគន្លឹះ» របស់រដ្ឋាភិបាលលោក។

មេដឹកនាំកម្ពុជា បានលើកឡើងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយចាប់ផ្ដើមពន្យល់ថា កម្ពុជាមាន«ខឿនការពារជាតិ របស់ប្រជាជន ដែលផ្សាភ្ជាប់ប្រជាជន ជាមួយកងកម្លាំងប្រដាប់អាវុធ»។ តែនៅពេលនេះ កម្ពុជាមាន «ខឿនការពារសុខភាពសាធារណៈ របស់ប្រជាជន សារជាថ្មីម្ដងទៀត»។ លោក ហ៊ុន សែន សរសេរថា៖

«ក្នុងវិស័យការពារជាតិយើង មានខឿនការពារជាតិ របស់ប្រជាជន ដែលផ្សាភ្ជាប់ប្រជាជន ជាមួយកងកម្លាំងប្រដាប់អាវុធ។ ពេលនេះ ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំង ជាមួយជំងឺឆ្លងកូវីដ-១៩ យើងពិនិត្យឃើញថា យើងមានខឿនការពារសុខភាពសាធារណៈ របស់ប្រជាជនសារជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។»

លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃដោយខ្លួនលោកថា «ក្រសួង ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុកខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ ដោះស្រាយបានយ៉ាងល្អ» ចំពោះការជួយ«ប្រជាជននៅមូលដ្ឋាន រាប់ទាំងកម្មករចំណាកស្រុក មកពីថៃ និងកម្មករមួយចំនួនតូច ដែលទៅលេងស្រុកកំណើត»។

លោកបន្តថា៖

«សម្រាប់ប្រជាជនម្នាក់ៗ សុទ្ធតែបានរួមចំណែក ទប់ស្កាត់ជំងឺឆ្លងនេះ តាមរយៈការធ្វើអានាម័យផ្ទាល់ខ្លួន និងតាមក្រុមគ្រួសារ តាមការណែនាំ ពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករកម្មការនី ដែលទៅលេងស្រុក ក្នុងពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីធានាថាមិនមានកូវីដ-១៩ មកតាមខ្លួន ចម្លងចូលទៅក្រុមគ្រួសារ ឬរោងចក្រសហគ្រាសនោះឡើយ។»

មកដល់ថ្ងៃនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ចេញ«តួលេខផ្លូវការ» ថាកម្ពុជាមានករណីឆ្លងជំងឺ «Covid-19» នៅត្រឹម ១២២នាក់ ដែលជាតួលេខរកឃើញ តាំងពី១៣ថ្ងៃមុន។ ក្រសួងសុខាភិបាល បានអះអាងទៀតថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួនកើនឡើង ដល់១១៧នាក់។

លោក ហ៊ុន សែន លើកឡើងបន្ថែមថា៖

«ពិតមែនតែប្រទេសយើង មិនមានមនុស្សស្លាប់ និងមិនមានការឆ្លងថ្មី ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបានព្យាបាលបានជាសះស្បើយច្រើន រួចមកហើយក្តី តែបញ្ហាប្រឈមនៅធំធេងណាស់ ដែលត្រូវខិតខំបន្ត។ ប្រសិនមិនមានអ្វី ជួយដល់អ្នកជំងឺ ឬជួយដល់គ្រូពេទ្យ តែសូមកុំនាំជំងឺ ឱ្យគ្រូពេទ្យព្យាបាល ដែលជាការបន្ថែមបន្ទុក ដល់គ្រូពេទ្យ ដល់រដ្ឋ និងជាពិសេស ដល់ខ្លួនឯង និងក្រុមគ្រួសារ ព្រោះអ្នកជំងឺនឹងរងគ្រោះមុនគេ៕»



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​អស់ជាង​១ខែ

បន្ទាប់ពី​ស្ងប់ស្ងាត់​អស់ជាង​១ខែ នៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ​នេះ ប្រទេសកម្ពុជា បានអះអាងរកឃើញករណីឆ្លងថ្មី នៃជំងឺ«Covid-19» លើបុរសកម្ពុជាម្នាក់ ដែលបាន​វិលត្រឡប់ ពីក្រៅប្រទេស។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២១ ខែឧសភា ...
កម្ពុជា

សម រង្ស៊ី ចូលរួម​មរណទុក្ខ ហ៊ុន សែន ដោយ​បញ្ជាក់​ពីទឹកចិត្ត​ផ្ទាល់ខ្លួន

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងមួយរូបទៀត ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានផ្ញើលិខិត​«ចូលរួម​មរណទុក្ខ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹង​បាន​បាត់បង់​ម្ដាយក្មេក កាលពីព្រឹកថ្ងៃទី៤ ខែឧសភា​កន្លងមក។ ...
កម្ពុជា

ភរិយា កែម ឡី ប្ដេជ្ញាបន្ត​«បេសកកម្ម»​ស្វាមី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយនៃសពលោកបណ្ឌិត កែម ឡី បានសំដែងការប្ដេជ្ញាចិត្ត ថាអ្នកស្រីនឹងបន្ត​«បេសកកម្ម»​របស់ស្វាមី រហូតដល់ប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ​​ពិតប្រាកដ។ ការថ្លែងរបស់អ្នកស្រី ធ្វើឡើងក្នុងការប្រារព្ធខួបឆ្នាំទី​៣ នៃការធ្វើឃាត ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.