ប្រមុខរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា របបដឹកនាំរបស់លោក គាំទ្រនិងលើកទឹកចិត្ត ឲ្យមានការប្រារព្ធពិធីបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណី និងពិធីបុណ្យសាសនាសំខាន់ៗ ដោយលោកបានលើកយកមកបញ្ជាក់ នូវការអបអរសាទរ របស់មន្ត្រីរាជការមួយចំនួនធំ ដែលប្រារព្ធពិធីបុណ្យ«ចូលឆ្នាំចិន ក្នុងក្រសួងមន្ទីររបស់រដ្ឋ»។
ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយការបែកធ្លាយ នូវលិខិតស្នាមផ្លូវការមួយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលកោះអញ្ជើញមន្ត្រីរាជការចំណុះឲ្យក្រសួងទាំងអស់ មកចូលរួមសែនចូលឆ្នាំចិន កាលពីព្រឹកម្សិលម៉ិញ។
លោក ហ៊ុន សែន បានថ្លែងឡើងតាមបណ្ដាញសង្គមថា៖
«កាលពីថ្ងៃទី៤ កុម្ភះ ម្សិលមិញ គឺយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងអាជីវករភាគច្រើន នៅក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីសែនអបអរសាទរ ថ្ងៃចូលឆ្នាំចិនជួបជុំក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ក៏មានមន្រ្តីរាជការមួយចំនួនធំ បានចូលរួមអបអរសាទរ ទាំងនៅតាមក្រសួង មន្ទីរ និងនៅតាមគេហដ្ឋានផងដែរ។»
លោកនាយករដ្ឋមន្ត្រី បានបន្តថា៖
«មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានា របស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ឋិសេរីភាពពេញលេញក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួន ដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលផងដែរ។»
ប៉ុន្តែការរៀបចំពិធីសែន«ចូលឆ្នាំចិន ក្នុងក្រសួងមន្ទីររបស់រដ្ឋ»នៃប្រទេសកម្ពុជា ដែលគ្មានពិធីសែនចូលឆ្នាំរបៀបនេះ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន បានរងការរិះគន់ខ្លាំងក្លា ពីសាធារណជនទូទៅ ជាពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
លិខិតចុះហត្ថលេខាដោយលោក ឡុង សោភ័ណ្ឌ (អគ្គនាយករងកិច្ចការទូទៅ) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដែលបែកធ្លាយមកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសប្បកម្ម បានអញ្ជើញមន្ត្រីក្រសួងទាំងអស់ រាប់ចាប់ពីថ្នាក់រដ្ឋលេខាធិការ រហូតមកដល់មន្ត្រីរាជការធម្មតា ឲ្យស្លៀកពាក់សមរម្យ ដើម្បីចូលរួមពិធីសែនចូលឆ្នាំចិន នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ។
លិខិតនោះ ត្រូវបានអ្នកនាំពាក្យក្រសួងទទួលស្គាល់ថា ជាកំហុសផ្នែករដ្ឋបាលរបស់ក្រសួង និងបដិសេធតាមសារព័ត៌មានក្នុងស្រុកថា គ្មានពិធីសែនចូលឆ្នាំចិននោះទេ តែគ្រាន់តែជាពិធី«អុចធូបទៀន ក្នុងថ្ងៃសីលធម្មតា»ប៉ុណ្ណោះ។
ប្រភពក្រៅផ្លូវការមួយ បានអះអាងថា នៅក្នុងអំឡុងពេល នៃការជួបជុំគ្នានោះ ក្រុមមន្ត្រីអន្ទ្រើសៗនៅក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាននាំមកនូវ«អាំងប៉ាវដ៏ធំៗ» សម្រាប់ចែកជូនលោករដ្ឋមន្ត្រី ចម ប្រសិទ្ធិ នោះផង។ ប៉ុន្តែព័ត៌មាននេះ មិនមានការបញ្ជាក់ពីមន្ត្រីក្រសួងនោះទេ។
យ៉ាងណា រលកនៃការរិះគន់ចំពោះទង្វើរបស់ក្រសួងរដ្ឋមួយនេះ បានផ្ទុះឡើងយ៉ាងខ្លាំង រួចជាស្រេចហើយ។ សូមតាមដានការដកស្រង់ នូវការរិះគន់ទាំងនោះមួយចំនួន ដូចខាងក្រោម៖