បុរសខ្លាំងកម្ពុជា បានចេញមុខបដិសេធ​ដោយផ្ទាល់ ដើម្បីប្រតិកម្មតប នឹងការចុះផ្សាយរបាយការណ៍មួយ របស់សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «The Wall Street Journal» ដែលអះអាងថា កម្ពុជាបានចុះ«ហត្ថលេខា​សម្ងាត់» ដើម្បីអនុញ្ញាតឲ្យចិនកុម្មុយនីស្ដិ៍ ប្រើប្រាស់មូលដ្ឋានយោធាជើងទឹកកម្ពុជា។

កាលពីប៉ុន្មានម៉ោងមុន សារព័ត៌មានអាមេរិកដ៏ល្បី បានលើកយកប្រភពមន្ត្រីអាមេរិក មកអះអាងថា ប្រទេសចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្ងាត់មួយ ជាមួយរបបក្រុងភ្នំពេញ ដើម្បីអនុញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅ«រាម» ខេត្តព្រះសីហនុ។

ការចុះផ្សាយនោះ បានបង្ហាញពីរូបថតជាច្រើនសន្លឹក ដែលទើបនឹងថតបានថ្មីៗ ពីប្រព័ន្ធផ្កាយរណប និងធ្វើឲ្យគេយល់ថា ព្រលានយន្ដហោះមួយ កំពុងត្រូវបានក្រុមហ៊ុនចិនឈ្មោះ យ៉ូញៀន ឌឹវិឡុបមិន គ្រុប (Union Development Group) រូតរះសាងសង់ ឲ្យឆាប់ចប់រួចរាល់ នៅក្នុងខេត្តកោះកុង ។

មន្ត្រីដែលធ្វើការក្នុងករណីនេះ តែសុំមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ «The Wall Street Journal» ថាកិច្ចព្រមព្រៀងសម្ងាត់ ត្រូវវបានចុះហត្ថលេខា កាលពីនិទាឃរដូវកន្លងទៅ តែមិនត្រូវបានទម្លាយ ឲ្យដឹងជាសាធារណៈឡើយ។ កិច្ចព្រមព្រៀងនោះ គឺកម្ពុជាផ្តល់សិទ្ធិផ្ដាច់មុខ នូវដែនទឹកមួយផ្នែក នៃឈូងសមុទ្រកម្ពុជា ដើម្បីឲ្យចិនធ្វើជាមូលដ្ឋានយោធាជើងទឹក របស់ខ្លួន នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីព្រលានយន្តហោះ ដ៏ធំខាងលើ។

ព្រលានយន្ដហោះ នៅខេត្តកោះកុង ដែលត្រូវបានសាងសង់ឡើង យ៉ាងប្រញាប់ប្រញាល។ (រូបថត WSJ)

ជាប្រតិកម្មតបវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការចុះផ្សាយ ពី«កិច្ចព្រមព្រៀងសម្ងាត់»ខាងលើ ថាជាព័ត៌មានប្រឌិត ដ៏អាក្រក់បំផុតប្រឆាំងកម្ពុជា។ លោកបានឆ្លើយតប ​តាមរយៈសារព័ត៌មានក្នុងស្រុក ដែលស្និតនឹងរូបលោក ដូច្នេះថា៖

«តើកម្ពុជាត្រូវការវត្តមានយោធាចិន លើទឹកដីរបស់ខ្លួន ដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយ ដល់មានចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិន លើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ។»

«ហត្ថលេខាសម្ងាត់» ដើម្បីធ្វើកិច្ចព្រមព្រៀង «សម្ងាត់»?

លោក ហ៊ុន សែន អះអាងទៀតថា៖

«នេះ ជាព័ត៌មានប្រឌិត ដ៏អាក្រក់បំផុត ប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។»

ព័ត៌មានទាំងឡាយ ទាក់ទងនឹងគម្រោងរបស់ប្រទេសចិន ក្នុងការដាក់មូលដ្ឋានយោធា នៅលើទឹកដីកម្ពុជា មិនមែនទើប តែត្រូវសារព័ត៌មាន «The Wall Street Journal» នេះមួយ ចុះផ្សាយទេ។ សារព័ត៌មានបរទេសជាច្រើន ក្នុងនោះមានទាំងសារព័ត៌មាន «Asia Time» និង «South China Morning Post» ដែលមានទីតាំង ក្នុងក្រុងហុងកុងផង ក៏បានធ្វើរបាយការណ៍របស់ផងខ្លួន អំពីករណីនេះ ជាបន្តបន្ទាប់ដែរ។

សម្រាប់សារព័ត៌មានបរទេសមួយ ឈ្មោះ «War on the rocks» បានពន្យល់យ៉ាងលំអិត តាមរយៈ​របាយការណ៍មួយ មានចំណងជើងថា «ចិនលាក់ខ្លួនវាតទី នៅអាស៊ីអាគ្នេយ៍» អំពីការពង្រីកឥទ្ធិពល ​ភូមិសាស្ត្រនយោបាយ របស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការ​ដាក់​មូលដ្ឋាន​​យោធា​របស់ខ្លួន នៅកម្ពុជា។

អត្ថបទរបស់ «War on the rocks» បានរៀបរាប់ថា ព្រលានយន្តហោះ ដ៏ធំខាងលើនោះ គឺស្រដៀងគ្នានឹងវាលយន្តហោះចិន នៅលើប្រជុំកោះស្ព្រែតលី ដែលអាចឲ្យយោធាចិន ប្រើប្រាស់យន្តហោះឈ្លបយកការណ៍ យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក តាមផ្លូវអាកាសបាន។

ក្នុងពេលកន្លងមក លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានចេញមុខធ្វើប្រតិកម្ម ចំពោះការចេញផ្សាយព័ត៌មាន ទាំងនោះដែរ។ លោកបានចាត់ទុកព័ត៌មានបែបនេះថា ជាការចោទប្រកាន់មួលបង្កាច់ របបក្រុងភ្នំពេញ ហើយមានចេតនានយោបាយទុច្ចរិត ធ្វើឱ្យពិភពលោកមានការភាន់ច្រឡំ មកលើកម្ពុជា។

ប៉ុន្តែ សម្រាប់ព័ត៌មានចុងក្រោយ ដែលចេញផ្សាយ ដោយសារព័ត៌មាន «The Wall Street Journal» បានបញ្ជាក់ថា កិច្ចព្រមព្រៀងសម្ងាត់ កម្ពុជា-ចិន នឹងអនុញាតឲ្យចិន ប្រើមូលដ្ឋានយោធាកម្ពុជា ក្នុងរយ:ពេល៣០ឆ្នាំ ដើម្បីដាក់ទ័ព ដាក់គ្រឿងសព្វាវុធ និងកន្លែងចតនាវាជាដើម។

សារព័ត៌មានអាមេរិកខាងលើ បានពន្យល់ទៀតថា ​បើប្រទេស​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក ​នៅ​ក្នុង​ឈូង​សមុទ្រកម្ពុជា ​នោះ​ប្រទេសយក្សកុម្មុយនីស្ដិ៍មួយនេះ នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឡើង ​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ និង​មាន​ប្រៀបក្នុងតំបន់ ជាពិសេសនៅក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ ដែលប្រទេសនេះកំពុង​មាន​វិវាទ​ ជាមួយបណ្ដា​ប្រទេស​អាស៊ាន ជាច្រើន៕

កាល ពី ថ្ងៃ ទី​ ៩​ ខែ ឧសភា​ ឆ្នាំ​ ២០១៩​ កន្លង ទៅ ​នេះ​ មាន គេហទំព័រ អនឡាញ បរទេស មួយ ឈ្មោះ​ War On The Rocks…

Posted by នាយ ឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat on Saturday, May 11, 2019


លំអិតបន្ថែមទៀត

ខ្មែរនៅបរទេស

អ្នកនិពន្ធ​ម្នាក់​ផ្ញើ​លិខិត​អរគុណនាយករដ្ឋមន្ត្រី​សិង្ហបូរី ដែលរំឭក«រឿងពិត»

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវខ្មែរមួយរូប រស់នៅក្នុងប្រទេសបារាំង លោក សាគូ សាមុត បានផ្ញើរលិខិតមួយ ទៅនាយករដ្ឋមន្ត្រីសិង្ហបូរី លោក លី សៀនឡុង (Lee Hsien ...
កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ត្រូវការ​«អំណាច»​ដើម្បី​បញ្ចៀស​ទោសឧក្រិដ្ឋ​របស់គាត់

ជាថ្មីទៀត គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានថ្លែងបរិហារលោក ហ៊ុន សែន ថាកំពុងអង្កៀម «អំណាច» ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីគេចចេញ ពីការផ្ដន្ទាទោស ...
កម្ពុជា

ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។ អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.