កម្ពុជាដំណឹង

ហ៊ុន សែន «ប្ដូរចិត្ត»ទទួល​ទាហាន​មួកខៀវ​ខ្មែរ និងបញ្ជូន​ទាហាន​ទៅជំនួស

ផ្ទុយពីការថ្លែងជាសាធារណៈ កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​«ប្ដូរចិត្ត»វិញ នៅថ្ងៃនេះ ថាលោកនឹងទទួលយក​កងកម្លាំងមួកខៀវកម្ពុជា ដែល​នឹងត្រូវ​ធ្វើមាតុភូមិនិវត្តន៍ ក្នុងពេលវេលាជាក់លាក់ ដែលកំណត់ដោយ​អង្គការ​សហប្រជាជាតិ (អ.ស.ប) រួចហើយនោះ។

ការ«ប្ដូរចិត្ត»របស់លោក ហ៊ុន សែន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក​បាន​ថ្លែង ក្នុងពិធី​សម្ពោធ​សួនលេងទឹក​ឯកជន​មួយកន្លែង កាលពីព្រឹកម្សិលម៉ិញថា លោក​បាន​​ស្នើ​ ទៅ​ប្រមុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ឱ្យ​ពន្យា​ពេល​ការ​ផ្លាស់ប្ដូរ​វេន​ កងទ័ព​មួកខៀវ​កម្ពុជា​មួយ​រយៈ ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ (Covid-19) ពី​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

នៅព្រឹកថ្ងៃចន្ទនេះ បុរសខ្លាំងនៅកម្ពុជា បានសរសេរឲ្យដឹង​នៅលើទំព័រ​ហ្វេសប៊ុក​របស់លោកថា៖

«ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរ​កងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅព្រឹក​នេះ ខ្ញុំបានសម្រេចឡើងវិញ គឺមិនសុំពន្យាពេល ការវិលត្រឡប់របស់ កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវ ទៅជំនួសនោះទេ។»

ប្រភពមួយស្និតនឹងការិយាល័យ អង្គការសហប្រជាជាតិ ប្រចាំក្នុងរាជធានីភ្នំពេញ បាន​ខ្សិបប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ពេលវេលា​នៃការធ្វើមាតុភូមិនវត្តន៍ និង​ការផ្លាស់ប្ដូរ​កងទ័ពមួយខៀវកម្ពុជា ត្រូវបាន​អង្គការសហប្រជាជាតិកំណត់ យ៉ាង​ជាក់លាក់​​​រួចស្រេចហើយ និងមិនអាចប្ដូរតាមចិត្តលោក ហ៊ុន សែន ចង់នោះឡើយ។

តែលោក ហ៊ុន សែន បានប្រកាសក្នុងសាររបស់លោក ផ្ទុយទៅវិញថា៖

«ការរៀបចំពេលវេលា របស់អង្គការសហប្រជាជាតិ បានផ្តល់ឱ្យយើងរៀបចំការធ្វើ​ចត្តាឡីស័ក បានងាយស្រួល​ដើម្បីទប់ស្កាត់ ការនាំចូលកូវីដ១៩ មកក្នុងប្រទេសនោះគឺ៖ (១) មកពីប្រទេសម៉ាលី ខែកញ្ញា២០២០ (២) ស៊ូដង់ខាងត្បូង ខែតុលា២០២០ (៣) អាហ្រ្វិកកណ្តាល ខែវិច្ឆិកា២០២០ (៤) លីបង់ ខែមករា២០២១។»

បច្ចុប្បន្ននេះ កងទ័ពមួកខៀវកម្ពុជាចំនួន៧៨៧នាក់ កំពុងបំពេញបេសកម្មនៅប្រទេសចំនួន៨គឺ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល។

កាលពីពេលថ្មីៗនេះ កងទ័ពមួកខៀវកម្ពុជាមួយរូប ដែលកំពុងបំពេញ​បេសកកម្ម នៅក្នុង​ប្រទេសម៉ាលី (ទ្វីបអាហ្វ្រិកខាងលិច)​ ​បាន​ទទួលមរណភាព ដោយសារតែជំងឺ​កូវីដ១៩ និង​មួយចំនួន​ទៀត បានឆ្លងជំងឺរាតត្បាតនេះ ទាំងនៅ​ក្រៅ​ប្រទេស និងនៅ​ពេលត្រឡប់​មកដល់​កម្ពុជា។

យ៉ាងណា លោក ហ៊ុន សែន បានអះអាងបន្តថា កម្ពុជានៅតែបន្តកាតព្វកិច្ច ជាមួយ​អង្គការ​សហប្រជាជាតិ បើទោះជាលោក បានសារភាពថា កម្ពុជាជាប្រទេស«ក្រីក្រ» និងមានបញ្ហាប្រឈមនោះក្ដី។ លោកថា៖

«បើទោះបីកម្ពុជា ជាប្រទេសក្រីក្រ និងកំពុងប្រឈម ជាមួយកូវីដ១៩ បន្ថែម​ដោយ​ប្រទេស ដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅ កំពុងមានការវាយលុក ដោយ​កូវីដ១៩​ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ច​ក្នុង​ការចូលរួមថែរក្សាសន្តិភាព នៅតាមប្រទេសនានា ក្រោមឆត្ររបស់​អង្គការ​សហប្រជាជាតិ​នោះឡើយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ផែង វណ្ណៈ ត្រូវ​បាន​ចាប់ខ្លួន​ទាក់ទង​ការបង្ហោះ​មួយ​អំពី ហ៊ុន សែន

៊លោក ផែង វណ្ណៈ មន្ត្រីយោធាមួយរូប ដែលគេស្គាល់ថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បី និងជាអ្នកគាំទ្រលោក ហ៊ុន សែន ដ៏មុតមាំនោះ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២ ...
កម្ពុជា

ហ៊ុន សែន ថាបានរក«វិធីនានា ដែលអាចធ្វើបាន» ដើម្បីជួយ​ជនក្រីក្រ

ខណៈវិបត្តិបានផ្ទុះឡើង តាំងពីប៉ុន្មានខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ក្នុងថ្ងៃអាទិត្យនេះ ថារដ្ឋាភិបាលបានរិះរក «វិធីនានា ដែលអាចធ្វើបាន» ដើម្បី​ជួយ​ពលរដ្ឋក្រីក្រ នៅតាមតំបន់ដាច់ស្រយាល ដែលខ្វះខាតម្ហូបអាហារ។ ការប្រកាសរបស់បុរសខ្លាំង ...
កម្ពុជា

ហ៊ុន សែន ដាក់ខ្លួន​ធ្វើចត្តាឡីស័ក បន្ទាប់ពីជួប​ប្រមុខការទូត​ហុងគ្រី

លោក ហ៊ុន សែន ដែលហៅខ្លួនលោក ថាជា«បុរសសង្ហាដើរបញ្ច្រាសទិស» បានប្រកាស​«ដាក់ខ្លួន​ធ្វើចត្តាឡីស័ក» ចំនួន១៤ថ្ងៃ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះ មួយថ្ងៃក្រោយពី​លោកបានដឹកនាំរដ្ឋាភិបាល ឲ្យជួបចាប់ដៃជើង ជាមួយប្រមុខការទូត ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.