កម្ពុជាដំណឹង

«ឯកឧត្ដម​ទេសរដ្ឋមន្ត្រី» វីល្លៀម គ័ង ត្រូវបាន​បណ្ដេញ​ចេញ​ពីតំណែង

លោក វីល្លៀម គ័ង (William Guang) ដែលជាឈ្មោះពិសេស ហៅក្រៅពីឈ្មោះដើម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ត្រូវបានបណ្ដេញចេញពីតំណែង ជាសមាជិកឧត្ដមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ និងពីឋានៈដែលសមាជិក នៃស្ថាប័ននេះ ទទួលបានស្មើរ«ទេសរដ្ឋមន្ត្រី»។

នេះ បើតាមព្រះរាជក្រឹត្យ ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋ​ស្ដីទី ​ប្រធាន​ព្រឹទ្ធសភា និងជា​អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា លោក សាយ ឈុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ ដែលធ្វើឡើង តាមសេចក្ដី«ក្រាបបង្គំទូលថ្វាយ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ព្រះរាជក្រឹត្យដែលត្រាស់បង្គាប់ ឲ្យលោក ហ៊ុន សែន ដដែលត្រូវអនុវត្តន៍ ចាប់ពីថ្ងៃ​ចុះ​ហត្ថលេខា បានសរសេរឲ្យដឹងថា៖

«បញ្ចប់មុខតំណែង ឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកឧត្ដមប្រឹក្សា ពិគ្រោះ​និងផ្ដល់យោបល់ មានឋានៈស្មើរទេសរដ្ឋមន្ត្រី។»

គេមិនដឹងថា តើលោក វីល្លៀម គ័ង បានប្រព្រឹត្តិកំហុសអ្វី ឲ្យច្បាស់នោះទេ។ តែនៅ​ក្នុង​សកម្មភាពចុងក្រោយ ដែលគួរឲ្យកត់សម្គាល់របស់លោក មានដូចជា ការចុះមើលបញ្ហា នៅព្រំដែន ជាមួយប្រទេសវៀតណាម បញ្ហាដីធ្លីរបស់ពលរដ្ឋ បញ្ហាដំណាំកសិកម្ម​ពិបាក​រក​ទីផ្សារ​ និងជម្លោះជាមួយមន្ត្រីបរិស្ថាន ក្នុងខេត្តព្រះសីហនុ​ជាដើម។

នៅលើបណ្ដាញសង្គម លោកប្រធានគណបក្សខ្មែរក្រោក បានសរសេរដោយប្រយោល  ប្រតិកម្ម​នឹងការបញ្ឈប់តំណែងឋានៈ របស់លោកដូច្នេះថា៖

«ក្នុងនាម ជាអ្នកបម្រេីប្រជាពលរដ្ឋ ការពារប្រយោជន៍ពលរដ្ឋ ខ្ញុំបានខិតខំ​អស់លទ្ធភាព​ហេីយ។ តែមិនថា នៅទីណា ឬកន្លែងណា ខ្ញុំនៅតែជាអ្នកបម្រេី ដ៏ស្មោះត្រង់​របស់ពលរដ្ឋ​គ្រប់គ្នា។»

ស្ថាប័នឧត្ដមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ ត្រូវបានលោក ហ៊ុន សែន ប្រកាស​បង្កើត​ឡើង យ៉ាងតក់ក្រហល់ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ពោលគឺ​នៅ​ប៉ុន្មានថ្ងៃ ក្រោយការចេញផ្សាយ នូវលទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលបាន​ផ្ដល់ជ័យជំនះ និងកៅអីរដ្ឋសភា ១០០ភាគរយ ទៅឲ្យគណបក្សប្រជាជនកម្ពុជា។

ការប្រកាសបង្កើតស្ថាប័នមួយនេះ ធ្វើឡើងនៅខណៈការបោះឆ្នោតជាតិនោះ ទទួលរង​ការរិះគន់ថា គ្រាន់តែជាការបោះឆ្នោតបង្គ្រប់កិច្ច ឬជាការបោះឆ្នោតក្លែងក្លាយ ដើម្បី​អនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន នៅបន្តកាន់អំណាច​នៅកម្ពុជា ដោយគ្មានសម្លេង របស់គណបក្សប្រឆាំងប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកនាំពាក្យថា សម រង្ស៊ី អាចត្រូវ​«ក្រុមបាតដៃទី៣»​សម្លាប់ បើហ៊ាន​ចូល​ស្រុក

បើឧត្ដមសេនីយ៍​យោធាច្រើននាក់ ស្និតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ត្រៀម​កម្ទេចលោក សម រង្ស៊ី នៅពេលមេដឹកនាំប្រឆាំងរូបនេះ វិលចូលកម្ពុជាវិញនោះ សម្រាប់លោក សុខ ឥសាន វិញ បានអះអាងថា ...
កម្ពុជា

មន្ត្រី CNRP ថា EBA ធ្វើឲ្យ ហ៊ុន សែន ក្លាយជា«ឃាតករ»

ក្រោយការបើកនីតិវិធីរបស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» នោះ ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) បានចេញមកធ្វើប្រតិកម្មព្រោងព្រាត ជាពិសេសនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហររបស់រដ្ឋាភិបាលលោក ថាមិនយក«ឯករាជភាព ...
កម្ពុជា

សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅ​មូលដ្ឋាន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.