កម្ពុជាដំណឹង

CPP បដិសេធ​ឯកសារមួយ ដែលអះអាង​ជាផ្ទៃក្នុង​បក្ស​ហើយ​គាំទ្រ ​សម រង្ស៊ី

តាំងពីព្រឹកម៉ិញនេះមក ឯកសារមួយដែលសរសេរក្រោមស្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា ( CPP ) និងមានដាក់ឈ្មោះថា «អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា» ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ «Ar Kambang Knong Ar Kambang (អាថ៌កំបាំងក្នុងអាថ៌កំបាំង)» យកមកបង្ហោះ មុននឹងត្រូវបានទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី យកមកចែករំលែកបន្ត។

លិខិតនោះ មានសរសេរក្នុងនាម ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានចំនួន«ភាគច្រើន»នៃគណៈកម្មាធិការរកណ្ដាល និងគណៈអចិន្ត្រៃយ៍គណបក្ស បានសំដែង«ការខកចិត្តយ៉ាងខ្លាំង និងព្រួយបារម្មណ៍យ៉ាងក្រៃលែង ចំពោះទង្វើផ្ដាច់ការ និងក្បត់ជាតិរបស់បុគ្គល ហ៊ុន សែន ដែលជាមនុស្សឆ្កួតនឹងអំណាច វង្វេងជាតិ»។ 

ម្ចាស់លិខិត ដែលអះអាងថា មិនទាន់បញ្ចេញឈ្មោះក្នុងពេលនេះ បានសរសេរថា៖

«ពួកយើងនឹងដឹកនាំ​កម្លាំងផ្ទៃក្នុង​គណបក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលប់ ដើម្បីមករួមកម្លាំងជាមួយអ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ (…) ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងឆ្នាំ២០១៩នេះ។»

ហៅ «ឯកឧត្ដម សម រង្ស៊ី» រួចក៏ហៅថា «លោក» វិញ…

បន្ទាប់មកលិខិតដដែល ដែលសរសេរក្នុងរបៀបជា «សេចក្ដីថ្លែងការណ៍» បានអះអាងទៀតថា នឹងរួមកម្លាំងជាមួយប្រជារាស្ត្រ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីស្វាគមន៍«ឯកឧត្ដម សម រង្ស៊ី ក្នុងដំណើរមាតុភូមិនិវត្តន៍ របស់លោក ក្នុងឆ្នាំ២០១៩​នេះ»។

ខ្លឹមសារ និងការបង្ហោះចេញ របស់លិខិតប្រកបដោយមន្ទិល ដែលមានការចែករំលែកច្រើនរយដង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះនោះ បានបង្កឲ្យប្រតិកម្មខ្លាំងៗមកវិញភ្លាមៗដែរ។ នោះគឺគណបក្សប្រជាជនកម្ពុជា បានប្រកាស«ទាត់ចោល»លិខិតខាងលើ ដោយចាត់ទុកលិខិតនោះ ថាជា«ឯកសារក្លែងក្លាយ» ដែលមានគោលបំណង «ញុះញង់បំបែកបំបាក់» «បង្កភាពវឹកវរក្នុងសង្គម» និង«បំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ»។

សេចក្ដីថ្លែងការណ៍របស់គណបក្សកាន់អំណាច ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីមុននេះ បានប្រកាសថ្កោលទោស ចំពោះទង្វើក្លែងឯកសារខាងលើ និងប្ដឹងដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីវែកមុខរកជនពាក់ព័ន្ធ មកផ្ដន្ទាទោសតាមច្បាប់។

អតីតគណបក្សកុម្មុយនីស្ដិ៍ បានប្រតិកម្មតបវិញទៀតថា៖

«គណបក្សប្រជាជនកម្ពុជាទាំងមូល មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ និងគោរពនូវតួនាទីជាប្រវត្តិសាស្ត្រ​ដ៏ឧត្ដុងឧត្ដម របស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគុទេសន៍ដ៏ឆ្នើម របស់ប្រជាជនកម្ពុជា។»

បើតាមឯកសារសំណៅព័ត៌មាន របស់ក្រុមហ៊ុន ហ្វេសប៊ុក បានបង្ហាញថា ទំព័រ «Ar Kambang Knong Ar Kambang (អាថ៌កំបាំងក្នុងអាថ៌កំបាំង)» ត្រូវបានបង្កើតឡើង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ មានប្រិយមិត្តរបស់ខ្លួនចូលចិត្ត «Like» ប្រមាណជាង១០០នាក់ (តួលេខមុនថ្ងៃនេះ) និងមានការបង្ហោះចេញ តិចតួចបំផុត។

ករណីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅត្រង់ថា ភ្លាមៗបន្ទាប់ពីឯកសាររបស់​«អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា ( CPP )»​ ត្រូវបង្ហោះចេញពីទំព័រខាងលើ ដែលមិនសូវមាននរណាស្គាល់ ឬចាប់អារម្មណ៍នោះ គឺទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ជាអ្នកចែករំលែកឯកសារនេះមុនគេ៕



លំអិតបន្ថែមទៀត

កម្ពុជា

តុលាការកម្ពុជា​កោះហៅ​«ម្ចាស់គណនេយ្យខ្មោច»​ហ្វេសប៊ុក ឲ្យឡើងសវនាការ

ពីក្នុងចំណោមមនុស្សទាំង៦៨នាក់ ដែលរងការកោះហៅ ពីសំណាក់សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យឡើងសវនាការ នៅចុងខែវិច្ឆិកាខាងមុខ មានមួយភាគ គឺជា​«ម្ចាស់​គណនេយ្យខ្មោច» នៅលើបណ្ដាញសង្គម។ នេះ បើតាមការអះអាង របស់អ្នកជំនាញ ដែលវិភាគ​ទៅលើដីកាកោះមួយច្បាប់ មាន៦ទំព័រ ...
កម្ពុជា

សម រង្ស៊ី ផ្ញើរ​សារ​«ឲ្យ ហ៊ុន សែន ដោះលែង កឹម សុខា មុន​មន្ត្រី​ទាំង​១១៨»

មេដឹកនាំប្រឆាំងរបស់កម្ពុជា លោក សម រង្ស៊ី ដែលកំពុងស្ថិត​​ក្នុងប្រទេសបារាំង បានផ្ញើរសារមួយ នៅមុននេះបន្តិច ជូនទៅនាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា លោក ហ៊ុន សែន ដើម្បីស្នើឲ្យធ្វើការដោះលែង ...
កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.