រហូតមកដល់ថ្ងៃនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ ចំនួនសរុប ៩៤៤នាក់ ត្រូវបានធ្វើតេស្ដិ៍ ដើម្បីស្វែងរកមេរោគ «Covid-19» បន្ទាប់ពីពួកគេ រងការសង្ស័យ ពីការជាប់ប៉ះពាល់ ដោយផ្ទាល់និងមិនផ្ទាល់ ជាមួយប្រមុខការទូត នៃប្រទេសហុងគ្រី និងបន្ទាប់ពីអង្គរក្សម្នាក់ ត្រូវបានធ្វើតេស្ដិ៍ ចេញលទ្ធផលវិជ្ជមាន។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ នៅព្រឹកថ្ងៃចន្ទទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអះអាងថា ចំនួនធ្វើតេស្ដិ៍បានកើនឡើង ដល់ចំនួនខាងលើ បន្ទាប់ពីមនុស្សចំនួន៥២នាក់ ត្រូវបានធ្វើតេស្ដិ៍រួច ក្នុងថ្ងៃអាទិត្យម្សិលមិញ។
កាលពីថ្ងៃអង្គារទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា ដែលរួមទាំងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីគ្រាក់ៗច្រើននាក់ បានរៀបចំពិធីផ្លូវការជាច្រើន ដើម្បីទទួលជួបលោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសហុងគ្រី នៅក្នុងដំណើរទស្សនកិច្ចមួយជុំរបស់លោក នៅទ្វីបអាស៊ី។
ក្នុងជំនួបទាំងនោះ មន្ត្រីប្រតិភូហុងគ្រីពាក់ម៉ាស់ទាំងអស់ លើកលែងតែលោក ភីតធ័រ ស្ស៊ីយ៉ាតូ ម្នាក់។ រីឯមន្ត្រីរដ្ឋាភិបាលកម្ពុជាភាគច្រើន រួមនឹងលោក ហ៊ុន សែន ផង មិនឃើញពាក់ម៉ាស់ផងទេ។
នៅថ្ងៃអង្គារដដែលនោះ ក្រោយគណៈប្រតិភូហុងគ្រី ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ អាជ្ញាធរថៃបានធ្វើតេស្ លើរដ្ឋមន្ត្រីការបរទេសហុងគ្រីខាងលើ និងរកឃើញថា ប្រមុខការទូតរូបនេះ មានផ្ទុកជំងឺកូវីដ-១៩ តែមន្ត្រីហុងគ្រី ១២នាក់ទៀត ដែលអមដំណើរជាមួយ មិនមានផ្ទុកជំងឺនេះទេ។
នៅក្រោយការរកឃើញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ខ្លួន ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ពោលគឺមួយថ្ងៃក្រោយជំនួប ខណៈបុរសខ្លាំងរូបនេះ បានបញ្ជាក់ថា ការធ្វើតេស្ដិ៍សម្រាប់ខ្លួនលោក មានលទ្ធផលអវិជ្ជមាន។
ប៉ុន្តែនៅថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកា លោក ហ៊ុន សែន បានបញ្ជាឲ្យពង្រីកការធ្វើតេស្ដិ៍ និងការដាក់ខ្លួន ឲ្យធ្វើចត្តាឡីស័ក សម្រាប់មន្ត្រីរដ្ឋាភិបាល មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ។
បញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងតាមរយៈសារសម្លេងមួយ ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន បន្ទាប់ពីលោកទទួលរបាយការណ៍ថា អង្គរក្សផ្ទាល់ ដែលការពារលោក ភីតធ័រ ស្ស៊ីយ៉ាតូ មានផ្ទុកជំងឺ«Covid-19»។
ក្រសួងសុខាភិបាលបានអះអាងថា លទ្ធផលដែលទទួលបាន ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មនុស្សទាំង«៩៤៤នាក់»គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ រីឯអង្គរក្សខាងលើ ដែលធ្វើតេស្ដិ៍វិជ្ជមាន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបានក្រើនរំលឹក ក្រុមមនុស្សទាំងអស់ខាងលើ ដែលមានលទ្ធផលតេស្តិ៍ លើកទី១ អវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានគ្រប់១៤ថ្ងៃ និងត្រូវត្រឡប់មកធ្វីតេស្ដិ៍ ចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្ដីការគណរដ្ឋមន្ត្រី ចាប់ពីម៉ោង០៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
– លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
– លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
– លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
មកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា បានអះអាងរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះអ្នកជំងឺ ដែលទទួលការព្យាបាល បានជាសះស្បើយ មានចំនួនសរុប ២៨៨នាក់ នៅទូទាំងប្រទេស ខណៈអ្នកជំងឺកំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ភ្នំពេញ) មានចំនួន ០៩នាក់ (ស្រី០២នាក់ និងបុរស០៧នាក់)៕