កម្ពុជាដំណឹង

អ្នកជំនាញ អ.ស.ប បន្ត​ព្រមានថា ច្បាប់ថ្មី​របស់កម្ពុជា បង្កគ្រោះ​ដល់​សិទ្ធិ

អ្នកជំនាញ អ.ស.ប (អង្គការសហប្រជាជាតិ) ក្នុងវិស័យសិទ្ធិមនុស្ស​ មួយក្រុម បានចេញ​សេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងជាថ្មីទៀត ព្រមានថា ច្បាប់ថ្មី ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតប ទៅនឹង​ហានិភ័យ ដោយការរាតត្បាត នៃជំងឺ«Covid-19» រំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញ​មតិ​ដោយសេរី និងដាក់ជាបទព្រហ្មទណ្ឌ ចំពោះការជួបប្រជុំដោយសន្តិវិធី។

ការព្រមានរបស់ក្រុមអ្នកជំនាញ អ.ស.ប ចំនួន៩នាក់ ជាពិសេសមានអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មួយរូប​ផង ធ្វើឡើងបន្ទាប់ពីលិខិតមុន របស់ក្រុមអ្នកជំនាញទាំងនោះ ដែលត្រូវបានផ្ញើរ ទៅ​កាន់​រដ្ឋាភិបាលកម្ពុជា  តាំងពីថ្ងៃទី០៩ ខែមេសា មិនមានការឆ្លើយតប ​ជាវិជ្ជមាន​ត្រឡប់​មកវិញ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ ក្នុងថ្ងៃសុក្រទី១៧ ខែមេសា ពីក្រុងហ្សឺណែវ (ស្វីស) ក្រុមអ្នកជំនាញ របស់អង្គការពិភពលោក បានបន្តសង្កត់ធ្ងន់ថា «វិធានការនានា ដែល​ដាក់ចេញ ក្នុងស្ថានភាពមានអាសន្ន ត្រូវតែជាការចាំបាច់ និងសមាមាត្រ ទៅនឹងវិបត្តិ នានា ដែលត្រូវស្វែងរកដំណោះស្រាយ»។

អ្នកជំនាញ អ.ស.ប បានលើកឡើងថា ពាក្យដែលប្រើប្រាស់ នៅក្នុងច្បាប់ថ្មី មានន័យ​«ទូលាយ» ដែលអាចឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន យកទៅប្រើ ដើម្បី«រំលោភ​លើសិទ្ធិ​ឯកជន និងរឹតត្បិត ដោយមិនចាំបាច់ នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាព​ខាងសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធី»។

សេចក្ដីថ្លែងការណ៍ បានបរិហារច្បាប់ថ្មីថា៖

«ផ្តល់អំណាចទូលំទូលាយ ដល់រដ្ឋាភិបាលក្នុងរយៈពេល ៣ ខែដំបូង រួមមានការរឹតត្បិត និងការហាមឃាត់ លើការចែកចាយព័ត៌មាន និងវិធានការសម្រាប់ “ការតាមឃ្លាំមើល និងតាមដាន តាមគ្រប់មធ្យោបាយ”។»

អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ត្រូវបាន​ស្រង់​សំដី មកបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ 

«ការដាក់ទោសទណ្ឌ និងការផាកពិន័យ គួរតែស្រប ទៅនឹងស្ថានទម្ងន់ទោស ដែលបាន​ប្រព្រឹត្ត ដោយពិចារណា ទៅលើស្ថានភាពសេដ្ឋកិច្ច របស់បុគ្គលម្នាក់ៗ។ បញ្ហានេះ ពាក់ព័ន្ធ​ជាពិសេស សម្រាប់អ្នកគ្មានការងារធ្វើ និង/ឬ មិនអាចរកប្រាក់ចំណូលបាន ដោយសារ​តែវិធានការ​បន្ទាន់នេះ។»

អ្នកស្រីបន្តថា៖

«អាជ្ញាធរកម្ពុជា គួរតែចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាថា មនុស្សគ្រប់រូប​មានសិទ្ធិ​ស្មើគ្នា ក្នុងការទទួលបាន សេវាសុខភាពសមរម្យ និងអនុម័តវិធានការពិសេស សម្រាប់​បុគ្គល និងក្រុមនានា ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ រួមទាំងអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ ជនពិការ មនុស្សចាស់ជរា ជនជាប់ឃុំ ប្រជាជនក្រីក្រនៅតាមជនបទ ជនជាតិដើម​ភាគតិច និងជាតិពន្ធុភាគតិចជាដើម។»

អ្នកស្រី ស្មីត បានមានប្រសាសន៍ទៀតថា ទណ្ឌកម្ម និងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ​ដែលមានចែងក្នុងច្បាប់ថ្មីនេះចំពោះនីតិបុគ្គល ក៏អាចរួមបញ្ចូលផងដែរ នូវសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សទាំងឡាយ ដែលប្រតិបត្តិការ នៅក្នុងបរិយាកាសមួយ​ដែលមាន​ការរឹតត្បិត​ខ្លាំងរួច​ទៅហើយ។ អ្នកស្រីថា៖

«ស្ថានភាពអាសន្ន គួរតែត្រូវបានណែនាំ ដោយគោលការណ៍សិទ្ធិមនុស្ស ហើយទោះជាស្ថិត​ក្នុង​កាលៈទេសៈណាក៏ដោយ មិនគួរយកធ្វើជាលេស ឬជាការដោះសារណាមួយ ចំពោះ​ការបង្ក្រាប ក្រុមអ្នកមានមតិប្រឆាំង ឬផលប៉ះពាល់មិនសមាមាត្រា និងអវិជ្ជមាន ដល់ក្រុម​ណាមួយ​ផ្សេងទៀតឡើយ។»

ក្រុមអ្នកជំនាញ ដែលចូលរួមចេញសេចក្តីថ្លែងការណ៍ខាងលើ រួមមាន៖

  • អ្នកស្រី រ៉ូណា ស្មីត
  • លោក «Dainius Pras» អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិសុខភាពរាងកាយ និង​សុខភាព​ផ្លូវចិត្ត
  • អ្នកស្រី «Fionnuala D. NíAoláin» អ្នករាយការណ៍ពិសេស ស្តីពីការលើកកម្ពស់ និង​ការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ទន្ទឹមនឹងប្រឆាំង​នឹងអំពើ​ភេរវកម្ម
  • អ្នកស្រី «Agnès Callamard» អ្នករាយការណ៍ពិសេស ស្តីពីការសម្លាប់ភ្លាមៗ ឬតាម​អំពើចិត្ត ក្រៅប្រព័ន្ធតុលាការ និងក្រុមការងារ ស្តីពីការឃុំខ្លួនដោយបំពាន
  • លោក «Jose Jose Antonio Guevara Bermúdez» (ម៉ិកស៊ីក ប្រធាន​អ្នករាយការណ៍)
  • អ្នកស្រី« Elina Steinerte» (ឡេតូនី អនុប្រធានផ្នែកតាមដាន)
  • អ្នកស្រី «Leigh Toomey« (អូស្ត្រាលី អនុប្រធានផ្នែកទំនាក់ទំនង)
  • លោក «Sètondji Roland Adjovi» (បេណាំង)
  • និងលោក «Seong-Phil Hong» (សាធារណរដ្ឋកូរ៉េ)៕


You may also like

កម្ពុជា

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ថ្លែង​​«សារដំបូង»​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក ផាទ្រីក មរហ្វី (W. Patrick Murphy) បានថ្លែង«សារដំបូង»របស់លោក ទៅកាន់ពលរដ្ឋកម្ពុជា ក្នុងថ្ងៃនេះ ដោយមានពាក្យពេចន៍មួយចំនួនអះអាងថា លោកនឹងផ្ដល់ការគាំទ្រ ...
កម្ពុជា

ហ៊ុន សែន ថា សម រង្ស៊ី ជាមនុស្សដ៏អន់​បំផុត ដែល​គ្រប់គ្រង​ក្រុមខ្លួន​​មិនបាន

«បើអ្នកឯងទុកឲ្យគេបំបែកបានដូច្នេះ អ្នកឯងមិនស័ក្ដិសមធ្វើជាមេដឹកនាំទេ» នេះ ជាសារនយោបាយរបស់លោក ហ៊ុន សែន ដែលថ្លែងសំដៅទៅលោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ជុំវិញការលើកឡើងថា យុទ្ធនាការចុងក្រោយ ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...