កម្ពុជាដំណឹង

ការតែងតាំង ហុ៊ន ម៉ាណែត «តាម​ទំនើងចិត្ត» ជា​«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»

ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាកូន ឲ្យមានតំណែងឡើងខ្ពស់ ជាបន្តបន្ទាប់ ពី​សំណាក់​លោក ហ៊ុន សែន ជាឪពុកត្រូវបានអ្នកវិភាគ មើលឃើញជាការតែងតាំង តាមតែ​អំណាចទំនើងចិត្ត ដែលជា«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»ប្រជាធិបតេយ្យផ្ទៃក្នុង។

លោក គីម សុខ អ្នកវិភាគមិនសំចៃសំដី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេស​ហ្វាំងឡង់ បានថ្លែងដូច្នេះ ដើម្បីប្រតិកម្មទៅនឹងសេចក្ដីសម្រេច របស់លោក ហ៊ុន សែន ដែលបានតែងតាំង លោក ហ៊ុន ម៉ាណែត ឲ្យមានតំណែងជា ប្រធានយុវជន​គណបក្ស​ប្រជាជន​​កម្ពុជា​ថ្នាក់កណ្ដាល។

សេចក្ដីសម្រេចនោះ ត្រូវបានចុះហត្ថលេខា ដោយលោក ហ៊ុន សែន ប្រធានគណបក្ស នៅ​ថ្ងៃទី៨ ខែមិថុនានេះ ដោយសរសេរយោង ពីសំណូមពរការងារ និងសមត្ថភាព ព្រមទាំង​តាមសំណើររបស់គណៈចាត់តាំង និងមតិរបស់គណៈអចិន្ត្រៃយ៍ របស់គណបក្ស។

តែសម្រាប់លោក គីម សុខ បានមើលឃើញថា ការតែងតាំង យ៉ាងប្រញាប់ប្រញាល បែប​«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»​នេះ ដោយហេតុថា លោក ហ៊ុន សែន មានអារម្មណ៍មិនស្ងប់ និង​មិនទុកចិត្តនរណាផ្សេង ក្រៅ​តែ​ពីសាច់ឈាមខ្លួនឯង ដែលច្បាស់ជាមាន «អរិភាពចិត្ត» នៃមន្ត្រីផ្ទៃក្នុងគណបក្ស។

នៅលើបណ្ដាញសង្គម អ្នកវិភាគ បានសរសេរថា៖

«លោក ហ៊ុន សែន មានខ្លួនជាប់នឹងបទល្មើសធំៗ រាប់មិនអស់។ ធម្មជាតិនៃ​បុគ្គល​បែប​នេះ មានអារម្មណ៍ច្របូកច្របល់ មិនស្ងប់ទេ ជាពិសេសនៅពេលផែនការ រៀបកំផែង​ការពារ​ខ្លួន មិនទាន់ដល់គោលដៅ ហើយមនុស្សប្រភេទគាត់ ក៏មិនទុកចិត្តអ្នកណា ជាង​កូនរបស់ខ្លួនដែរ។ ដូច្នេះ គាត់ត្រូវឈ្មូសឈ្មុល ប្រឹងលើកលោក ហ៊ុន ម៉ាណែត ជាកូន ឲ្យដល់​កម្រិតកំពូល កាន់តែឆាប់ ដើម្បីជួយសំអាតផ្លូវ ការពារកិត្តិយសគាត់។»

«រឿងនេះ ច្បាស់ជាមានអរិភាពចិត្ត នៃមន្ត្រីផ្ទៃក្នុង ប៉ុន្តែពុំមានភាពប្រទូស្ដ ទាស់ទែង​ជាក់ស្ដែងទេ ព្រោះលោក ហ៊ុន សែន ក្ដោបគណបក្សប្រជាជនកម្ពុជា ស្ទើរតែណែនក្នុងដៃ​ទៅហើយ ម្ល៉ោះហើយពុំមានមន្ត្រីថ្នាក់ណា ហ៊ានសម្ដែងឲ្យឃើញសកម្មភាពប្រឆាំងឡើយ។»

«ប្រការឪពុកតម្លើងកូនតាមអំណាចទំនើងចិត្ត គឺជាលក្ខន្តិកៈឧក្រិដ្ឋកម្មប្រជាធិបតេយ្យផ្ទៃក្នុង»លោក ហ៊ុន សែន…

Gepostet von Kim Sok am Montag, 8. Juni 2020

ការលើកឡើងខាងលើ មិនត្រូវបានសារទ ដោយអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន នោះឡើយ ដោយលោកបាន​អះអាង ត្រឡប់មកវិញថា សេចក្ដី​សម្រេច​របស់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស។

ស្រង់សំដីដោយវិទ្យុ «VOD» លោក សុខ ឥសាន បានថ្លែងឡើងថា៖

«ការងារ​ផ្ទៃ​ក្នុង ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​ឡើង​ទៅ​តាម​គោលការណ៍ ​លទ្ធិ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​​ យ៉ាង​ទូលំ​ទូលាយ។ អ៊ីចឹង ការ​សម្រេច​តែង​តាំង​ មន្ត្រី​ណា​ក៏​ដោយ គឺ​សុទ្ធ​តែ​មាន​ការ​ពិភាក្សា​​ ជា​សមូហភាព​ នៅ​ក្នុង​ជួរ​គណៈកម្មការ​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​​កណ្ដាល​ គណបក្ស​ប្រជាជន​កម្ពុជា។ អ៊ីចឹង​ មិន​មែន​អត្តនោម័ត ​ដោយ​ថ្នាក់​ដឹកនាំ​ណា​ម្នាក់​ទេ។»

យ៉ាងណា លោក សុខ ឥសាន បានបង្ហើបឲ្យដឹងថា នៅក្នុងដំណើរការតែងតាំងនេះ មិន​មាន​បេក្ខជនណាផ្សេង ឈរឈ្មោះដើម្បីប្រជែង ទល់នឹងលោក ហ៊ុន ម៉ាណែត ដែល​ជាកូន​ប្រុស​ច្បង របស់ប្រធានគណបក្ស និងនាយករដ្ឋមន្ត្រី ដ៏មានអំណាច​នោះឡើយ។

ការតែងតាំងនេះ គឺលោក ហ៊ុន ម៉ាណែត នឹងមកជំនួសលោក កែ ប៊ុនខៀវ ដែលបាន​កាន់តំណែងនេះ តាំងពីជាង២០ឆ្នាំមកហើយ។

ក្នុងរយៈពេលប្រមាណជា ៩ឆ្នាំប៉ុណ្ណោះ លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោក តំឡើង​ឋានន្តរស័ក្ដិ និងតំណែងតួនាទី យ៉ាងច្រើន នៅក្នុងជួរយោធា។ រាប់ពីឆ្នាំ​២០១៨​មក បុរសអាយុ៤២ឆ្នាំរូបនេះ បានពាក់ផ្កាយ៤ នៅលើស្មារ និងក្លាយ​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍បន្ថែមថា លោក ហ៊ុន ម៉ាណែត នៅមាន​តំណែង ​ជាមេ​បញ្ជាការ​រង​ នៃ​កង​អង្គរក្ស​​ផ្ទាល់​ខ្លួន​ របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អង្គភាព​​ប្រឆាំង​ភេរវកម្ម​ របស់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

សម្រាប់តំណែងថ្មីថ្មោង របស់លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជន​គណបក្ស​ប្រជាជន​​កម្ពុជា​ថ្នាក់កណ្ដាល ត្រូវបានលោក គីម សុខ រំពឹងទៀតថា ទំនងជាតម្រូវ​តាម​ហេតុការណ៍​អ្វីមួយ ដែលនឹងកើតឡើង ក្នុងពេលឆាប់ៗខាងមុខ។ លោកសរសេរថា៖

«ការតែងតាំង ក្នុងកាលៈទេសៈពិសេសស្ងៀមៗរបៀបនេះ ទំនងជាការត្រៀមបម្រុង នឹងព្រឹត្តិការណ៍អ្វីមួយ៕»



លំអិតបន្ថែមទៀត

កិច្ចសម្ភាស

កិច្ចសម្ភាស​សាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

តើពាក្យសំដី​ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នា​រវាងសំដី ...
កម្ពុជា

ស្រុតអគារចិន៖ ហ៊ុន សែន បានចែកប្រាក់ជាង​១៥ម៉ឺន​ដុល្លារ ជូន​ក្រុមសង្គ្រោះ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងថា លោកបានយកថវិកាផ្ទាល់របស់លោក ចំនួនជាង១៥ម៉ឺនដុល្លារ​ចែក ជូន​ក្រុមសង្គ្រោះ សរុបចំនួន​១៤៨៧នាក់ ដែលបានធ្វើការរុករក និងជួយសង្គ្រោះជីវិត ក្នុងហេតុការណ៍រលំអគារ ដែលសង់ដោយសហគ្រាសចិន ...
កម្ពុជា

ហ៊ុន សែន ដាក់ គន់ គីម ជំនួស ញឹម វណ្ណដា ជាអនុប្រធានទី១ គ.ជ.គ.ម

ភ្លាមៗ បន្ទាប់ពីសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសម្រេចដាក់លោក គន់ គីម ឲ្យមកជំនួសលោក ញឹម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.