ដំណឹងបារាំង

កងទ័ព​បារាំង​ប្រតិបត្តិការ​រំដោះ ចំណាប់ខ្មាំង​៤នាក់ តែ​ពលីទាហាន​២នាក់

ទាហានបារាំងពីរនាក់​បានបាត់បង់ជីវិត ក្នុងប្រតិបត្តិការដ៏សំខាន់មួយ នៅប្រទេសប៊ួគីណាហ្វាសូ (ទ្វីបអាហ្វ្រិកខាងលិច) ដើម្បីរំដោះ ចំណាប់ខ្មាំង​៤នាក់ ក្នុងនោះ២នាក់ជាតិបារាំង ម្នាក់ជាតិអាមេរិកាំង និងម្នាក់ទៀតជាតិកូរ៉េខាងត្បូង។

វិមានប្រធានាធិបតីបារាំង «Elysée» បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖

«ការរំដោះនេះ អាចធ្វើទៅបាន ដោយសារប្រតិបត្តិការយោធា ដែលដឹកនាំដោយកងកុម្មង់ដូពិសេសបារាំង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ ចូលមកព្រឹកថ្ងៃសុក្រ នាតំបន់ភាគខាងជើងនៃប្រទេស ប៊ួគីណាហ្វាសូ ។»

ទេសចរណ៍ជាតិបារាំងពីរនាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង នៅថ្ងៃទី១ ខែឧសភា  នៅពេលពួកគេ និងមគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ កំពុងដើរកំសាន្ដ នៅក្នុងប្រទេសបេណាំង (ក្នុងទ្វីបអាហ្វ្រិកខាងលិច) ដែលពីមុនមក មិនធ្លាប់មានបញ្ហាអសន្តិសុខ កើតឡើងដូច្នេះទេ ខណៈស្ថានភាពតំបន់ ត្រូវបានញាំញីដោយក្រុមសកម្មប្រយុទ្ធជាច្រើន ដែលជាប់ទាក់ទង នឹងបណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) និងរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS)។

កាលពីថ្ងៃសៅរ៍ សាកសពមគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវបានរកឃើញ នៅក្នុងរមណីដ្ឋានជាតិ «Pendjari» នៃប្រទេសបេណាំង។ បន្ទាប់មករថយន្ដទេសចរណ៍​របស់អ្នកទាំងបី ត្រូវបានរកឃើញជាបន្ត នៅតំបន់មួយ ស្ថិតនៅភាគខាងកើត នៃប្រទេសប៊ួគីណាហ្វាសូ ដែលនៅជាប់ព្រំដែនប្រទេស បេណាំង។

ចំណាប់ខ្មាំងពីរនាក់ទៀត ពីក្នុងចំណោម ចំណាប់ខ្មាំង​៤នាក់ មិនត្រូវបានបញ្ចេញ​ឲ្យដឹង ពីអត្តសញ្ញាណទេ។

វិមានប្រធានាធិបតីបារាំង បានបន្តទៀតថា៖

«នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង ទាហានពីរនាក់បានទទួលមរណភាព គឺលោកសាស្ត្រាចារ្យ “Cédric de Pierrepont” និងលោកសាស្ត្រាចារ្យ “Alain Bertoncello” ដែលសុទ្ធសឹងជាទាហានជំនាញ នៅក្នុងបញ្ជាការដ្ឋាន នៃកងកម្លាំងពិសេស។»

មេទ័ពបារាំង លោក «François Lecointre» បានបញ្ជាក់​នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​មួយដែរ​ថា៖

«ប្រតិបត្តិការដ៏សម្បើមមួយនេះ អាចធ្វើទៅបាន តាមរយៈការចល័តមធ្យោបាយ ដែលមាននៅក្នុងបេសកកម្ម “Barkhane” របស់កងទ័ពបារាំង រួមបញ្ចូលទាំងកងទ័ពរបស់ប្រទេសប៊ួគីណាហ្វាសូ និងការគាំទ្រផ្នែកចារកម្ម របស់សហរដ្ឋអាមេរិកផង។»

តាំងពីឆ្នាំ២០១៤មក ប្រទេសបារាំងបានដាក់ពង្រាយកងទ័ព ប្រមាណជា ៤៥០០នាក់ សម្រាប់បំពេញបេសកកម្ម «Barkhane» ក្នុងគោលដៅវាយប្រយុទ្ធ ទល់នឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម នៅតាមប្រទេសជាច្រើន ដែលស្ថិតនៅលើខ្សែបន្ទាត់ «Sahel»។

បើតាមអ្នកជំនាញ​ផ្នែកភូមិសាស្ត្រ និងប្រភពពីផ្នែកសន្តិសុខតំបន់ បានអះអាងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ ប្រទេសមួយចំនួន​​នៅក្នុង​ទ្វីបអាហ្វ្រិក​ខាងលិច ដូចយ៉ាងប្រទេសតូហ្គោ និងបេណាំងជាដើម បានក្លាយខ្លួន​ងាយរងគ្រោះ​ជាទីបំផុត នឹងយុទ្ធសាស្ត្រពង្រីកកម្លាំង នៃក្រុមប្រដាប់អាវុធជាច្រើន និងខុសៗគ្នា នៅក្នុងតំបន់៕



លំអិតបន្ថែមទៀត

របាយការណ៍

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ...
ដំណឹង

ISIS ប្រាប់​សមាជិក​ខ្លួន កុំ​ធ្វើដំណើរ​ចូល​អ៊ឺរ៉ុប ព្រោះ​ខ្លាច​«Covid-19»

ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយមរដ្ឋអ៊ីស្លាម (ISIS) ទើបទទួលបញ្ជាហាមក្រុមខ្លួន កុំធ្វើដំណើរចូលអ៊ឺរ៉ុប ដែលកំពុងរងការរាតត្បាត ពីមេរោគ«កូរូណា» ឬហៅតាមពាក្យបច្ចេកទេស «Covid-19»។ នេះ បើតាមការផ្សាយ របស់«Al-Naba» ដែលជាព្រឹត្តិប័ត្រឃោសនា ...
ដំណឹង

បាញ់ប្រហារ នៅហូឡង់៖ ចាប់ខ្លួនខ្មាន់កាំភ្លើង – ស្លាប់យ៉ាងតិច​៣នាក់

នគរបាលនៃប្រទេសហូឡង់ បានហៅហេតុការណ៍«បាញ់ប្រហារ» ​នៅក្រុង «Utrecht» ស្ថិតនៅភាគកណ្ដាលនៃប្រទេស ថាមានទំនោរបែបភេរវកម្ម។ អង្គភាពជាតិ ដើម្បីសន្តិសុខ និងប្រឆាំងអំពើភេរវកម្ម បានអះអាងថា ការបាញ់ប្រហារ​ជាច្រើនបានកើតឡើង នៅក្នុងក្រុង ចាប់ពីម៉ោង១០និង៤៥នាទី ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.