ដំណឹងអាស៊ី-ប៉ាស៊ីភិក

ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប ប្រាប់ប្រទេសនៅអាស៊ី កុំប្រើ«Covid-19»ដើម្បីបិទការរិះគន់

ពីទីក្រុងហ្សឺណែវ (ស្វីស) ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីសែ្សល បាស្សេឡេត (Michelle Bachelet) បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ ចំពោះ​ការគាប​សង្កត់ លើសេរីភាព​នៃការបញ្ចេញមតិ នៅផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងអំឡុងពេល មានវិបត្ដិនៃជំងឺកូវីដ-១៩ ដោយមានប្រសាសន៍ថា វិធានការ​ទាំងឡាយ​ណា ដែលធ្វើឡើង ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវតែ​មាន​សមាមាត្រ។

សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ ក្នុងថ្ងៃទី៣ ខែមិថុនា បានឲ្យដឹងថា ប្រទេសជាច្រើន​នៅក្នុងតំបន់ មានរួចហើយ​នូវច្បាប់គ្រប់គ្រង ដែលគេហៅថា “ព័ត៌មានមិនពិត” និង​ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញ​ដែលលើកឡើង ពីកង្វល់អំពីសិទ្ធិមនុស្ស ហើយត្រូវបាន​គេ​​ប្រើប្រាស់ ក្នុងបរិបទផ្សេងទៀត ដើម្បីរារាំងការនិយាយស្តីស្របច្បាប់ ជាពិសេស ការជជែក​​ដេញដោល ជាសាធារណៈ ការរិះគន់អំពីគោលនយោបាយ របស់រដ្ឋាភិបាល និងការបង្ក្រាប​សេរីភាព ក្នុងការបញ្ចេញមតិ។

ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប អ្នកស្រី បាស្សេឡេត បានមានប្រសាសន៍ថា ជំងឺ​កូវីដ-១៩ ត្រូវបានគេមើលឃើញ​ ពី​ការរឹតត្បិត​បន្ថែមទៀត​ លើ​ការនិយាយស្តី​ នៅ​ក្នុង​ប្រទេស​ជាច្រើន អមដោយការចាប់ខ្លួន និងការឃុំខ្លួនអ្នកទាំងឡាយ ដែលនិយាយរិះគន់ ចំពោះការឆ្លើយតប របស់រដ្ឋាភិបាល ឬគ្រាន់តែ​ចែករំលែកព័ត៌មាន ឬទស្សនៈ អំពីជំងឺ​រាតត្បាត​នេះ។

ការចាប់ខ្លួន ដោយសារតែការបង្ហាញមតិមិនពេញចិត្ត ឬដែលអះអាងថា បានផ្សព្វផ្សាយ​ព័ត៌មានមិនពិត តាមរយៈសារព័ត៌មាន និងបណ្តាញសង្គម ត្រូវបានគេរាយការណ៍ថា មាននៅប្រទេសបង់ក្លាដែស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា នេប៉ាល់ ហ្វីលីពីន ស្រីលង្កា ថៃ និងវៀតណាម។

នៅប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យ OHCHR) បានចងក្រងជាឯកសារ ទាក់ទងនឹងការចាប់ខ្លួនមនុស្ស ចំនួន ៣០នាក់ រាប់ទាំងស្ត្រីប្រាំមួយនាក់ និងក្មេងស្រីម្នាក់ អាយុ ១៤ឆ្នាំ ដោយសារ​តែការនិយាយ​អត្ថា​ធិប្បាយ ជាសាធារណៈ និងការបង្ហោះលើបណ្តាញសង្គម ទាក់ទងនឹងជំងឺកូវីដ-១៩។

ក្នុងព្រះរាជាណាចក្រមួយនេះ មនុស្សមួយចំនួន ត្រូវបានចោទ​ប្រកាន់​ពីបទផ្សព្វផ្សាយ​ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំ​ផែនការ​ប្រឆាំង​នឹងរដ្ឋាភិបាល។ មនុស្សចំនួនដប់បួននាក់ កំពុងស្ថិតក្នុង​ការឃុំខ្លួន​នៅ​ឡើយ ក្នុងនោះ ១០ នាក់ ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន​ប្រកាស​រំលាយ​ហើយ​នោះ។

ឧត្តមស្នងការបានទទួលស្គាល់ ពីភាពចាំបាច់ ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬ​ព័ត៌មាន​មិនពិត ដែលបង្កគ្រោះថ្នាក់ ដល់សុខភាពសាធារណៈ ឬការញុះញង់ ឱ្យមាន​ការខឹងស្អប់ ចំពោះក្រុមជនជាតិភាគតិចផ្សេងៗ ប៉ុន្តែថា ការនេះមិនគួរបណ្តាល ឱ្យមាន​ការរឹតត្បិត លើការបញ្ចេញមតិផ្ទាល់ខ្លួន ដោយមានបំណង ឬដោយអចេតនា ដែលធ្វើឱ្យ​បាត់បង់ ការជឿទុកចិត្តឡើយ។

អ្នកស្រី មីសែ្សល បាស្សេឡេត មានប្រសាសន៍ទៀតថា៖

«ទោះបីជារដ្ឋាភិបាលទាំងឡាយ មានផលប្រយោជន៍ស្របច្បាប់ ក្នុងការគ្រប់គ្រង ការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបរិបទ ដែលងាយនឹងបង្កជាហេតុ និងងាយ​រងគ្រោះ​នេះក៏ដោយ ក៏ផលប្រយោជន៍ស្របច្បាប់នោះ ត្រូវតែមានសមាមាត្រ និងការពារ​សេរីភាព​ក្នុងការ​បញ្ចេញមតិផងដែរ។»

«នៅក្នុងគ្រាលំបាក ដែលមិនច្បាស់លាស់នេះ អ្នកជំនាញវេជ្ជសាស្រ្ត អ្នកកាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និងសាធារណជនទូទៅ ត្រូវតែបានអនុញ្ញាត ឱ្យបញ្ចេញមតិយោបល់ លើប្រធានបទសំខាន់ៗ ដែលជាផលប្រយោជន៍សាធារណៈ ដូចជា ការផ្តល់កិច្ច​គាំពារ​សុខភាព និងការគ្រប់គ្រង​វិបត្តិសុខភាព និងសេដ្ឋកិច្ចសង្គម និងការចែកចាយ​ជំនួយ​សង្គ្រោះ។»

ប្រមុខ​សិទ្ធិមនុស្ស របស់អង្គការពិភពលោក បានអះអាងទៀតថា៖

«វិបត្តិនេះ មិនគួរត្រូវបានប្រើប្រាស់ ដើម្បីរឹតត្បិតមតិប្រឆាំង ឬលំហូរដោយសេរី នៃ​ព័ត៌មាន និងការជជែកដេញដោលឡើយ។ ចម្រុះភាពនៃទស្សនៈ នឹងជំរុញ​ឱ្យមាន​ការយល់ដឹង កាន់តែច្រើនថែមទៀត អំពីបញ្ហាប្រឈមផ្សេងៗ ដែលយើងជួបប្រទះ និង​ជួយយើង ឱ្យរិតតែជំនះបាន នូវបញ្ហាទាំងនោះ។»

«វាក៏ជួយប្រទេសនានា ឱ្យមាន​ការជជែក​ដេញដោល ដ៏រស់រវើក អំពីឫសគល់នៃបញ្ហា និង​ការអនុវត្តល្អៗ ដែលចាំបាច់ ដើម្បីជំនះ​ផល​ប៉ះពាល់ ខាងសេដ្ឋកិច្ច-សង្គម រយៈពេលវែង និងផលប៉ះពាល់ដទៃ​ផ្សេង​ទៀត។ ការជជែកដេញដោលនេះ មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំងឡាយ ក្នុងការកសាងស្តារឡើងវិញ បន្ទាប់ពីមានវិបត្តិ៕»

បណ្ដាប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីភិក ដែលមាននៅក្នុងបញ្ជី របស់ស្នងការ អ.ស.ប ទទួល​បន្ទុក​សិទ្ធិមនុស្ស រួមមាន បង់ក្លាដេស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា នេប៉ាល់ ហ្វីលីពីន ស្រីលង្កា ថៃ​ និងវៀតណាម៕

(English version below) – UN HUMAN RIGHTS CHIEF ALARMED BY CLAMPDOWN ON FREEDOM OF EXPRESSION DURING…

Gepostet von United Nations Human Rights in Cambodia am Mittwoch, 3. Juni 2020


លំអិតបន្ថែមទៀត

ដំណឹង

Covid-19 ៖ មកដល់​ម៉ោង​នេះ អ្នកជំងឺ​សរុប​ជាង១១ពាន់​នាក់ បានស្លាប់

មកដល់​ម៉ោង​នេះ ជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី បណ្ដាលមកពីមេរោគ«កូរូណា» ឬ«Covid-19» បានសម្លាប់​អ្នកជំងឺសរុប ជាង១១ពាន់នាក់ហើយ។ តុល្យភាពចុងក្រោយ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បង្ហាញថា មនុស្សចំនួន ...
កម្ពុជា

Covid-19៖ កម្ពុជា​មានអ្នកជំងឺ​ស្លាប់ពីរនាក់ ក្នុងមួយថ្ងៃនេះ

ក្នុងថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​មានអ្នកជំងឺ​ស្លាប់ពីរនាក់ ក្នុងនោះម្នាក់ ជាស្ត្រីអាយុ៦២ឆ្នាំ និងម្នាក់ទៀត ជាបុរស​អាយុ​៤៦ឆ្នាំ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន និងប្រភពផ្លូវការ របស់ក្រសួងសុខាភិបាលកម្ពុជា នៅប៉ុន្មាននាទីមុននេះ។ ...
ដំណឹង

Covid-19៖ នៅអ៊ីតាលី គ្រូពេទ្យ​១៥១នាក់ បាន​ទទួល​មរណភាព

នៅប្រទេសអ៊ីតាលី គ្រូពេទ្យ​១៥១នាក់ បាន​ទទួល​មរណភាព ដោយសារពួកគេបានឆ្លងជំងឺ ព្រោះស្ថិតនៅជួរមុខ នៅផ្ទាល់ជាមួយអ្នកជំងឺ«Covid-19»។ នេះ បើតាមរបាយការណ៍ចេញផ្សាយ កាលពីដើមសប្ដាហ៍ ដោយសហព័ន្ធជាតិ នៃគណៈគ្រូពេទ្យ (FNOMCEO) របស់ប្រទេសអ៊ីតាលី។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.