សាកសពរបស់ ស្ត្រីទេសចរណ៍អាល្លឺម៉ង់ ដែលបានមកធ្វើវិសមកាល តាំងពីថ្ងៃទី២៣ ខែមិនា ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យនេះ នៅលើកោះ «ស៊ីឆាង» ក្នុងឈូងសមុទ្រថៃ (ខាងត្បូងរាជធានីបាងកក)។ ប៉ុន្មានម៉ោង ក្រោយការរកឃើញសាកសព នគរបាលថៃបានចាប់បានជនសង្ស័យម្នាក់ ដែលសារភាពនៅពេលក្រោយមក ថាខ្លួនពិតជាបានរំលោភ រួចសម្លាប់ស្ត្រីខាងលើ។
អ្នកនាំពាក្យនគរបាលថៃ លោក «Krissana Pattanacharoen» បានថ្លែងថា សាកសពរបស់នាង «Miriam Beelte» អាយុ២៧ឆ្នាំ ត្រូវបានរកឃើញ នៅលើទួលលំហែមួយ។ សាកសពនោះ មានគ្របដណ្ដប់ដោយស្លឹកឈើ និងដុំថ្ម ដោយមានដិតដាម ដោយឈាម។
នគរបាលបានបញ្ជាក់ទៀតថា សាក្សីជាច្រើនបានឲ្យតម្រុយ ទៅអ្នកស៊ើបអង្កេត អំពីភិនភាគយុវជនម្នាក់ ដែលមានខោអាវប្រឡាក់ដោយឈាម នៅអំឡុងពេលកើតហេតុ។ ដោយហេតុនេះហើយ ទើបអាជ្ញាធរស្រាវជ្រាវកំណត់បាន ពីអត្តសញ្ញាណរបស់ជនសង្ស័យ ហើយឈានទៅចាប់ខ្លួនជននេះ ពីក្នុងលំនៅដ្ឋាន នៅប៉ុន្មានម៉ោងក្រោយ ពីការរកឃើញសាកសព។
ជនសង្ស័យឈ្មោះ «Ronnakorn Romruen» អាយុ២៣ឆ្នាំ និងជាអ្នកប្រមែប្រមូលកាកសំណល់ម្នាក់ រស់នៅក្នុងភូមិក្បែរនោះ។
អ្នកនាំពាក្យនគរបាល បានបន្តថា ស្ត្រីទេសចរណ៍អាល្លឺម៉ង់ បានធ្វើវិសមកាលតែម្នាក់ឯង នៅក្នុងប្រទេសថៃ និងបានស្នាក់នៅក្នុងក្រុងប៉ាតាយ៉ា ទល់មុខកោះ ស៊ីឆាង។ បន្ទាប់មក នាងបានជិះកាណូត ទៅដើរកំសាន្ដនៅកោះខាងលើ ហើយក៏បានជួបរឿងហេតុ ដ៏ព្រៃផ្សៃនេះតែម្ដង។
ជនសង្ស័យបានសារភាព នៅពេលសួរចម្លើយថា ខ្លួនបានធ្វើទង្វើនេះ នៅខណៈពេលដែលជននេះអះអាងថា កំពុងញៀនថ្នាំ។ «Ronnakorn Romruen» បានរៀបរាប់ថា ក្រោយពីបានឃើញស្ត្រីទេសចរណ៍ ខ្លួនក៏តាមទៅចែចង់ និងសុំរួមរ័ក្ស តែថាស្ត្រីអាល្លឺម៉ង់រូបនេះមិនព្រម ទើបខ្លួនដើរទៅតាមពីក្រោយ រួចចាប់នាងរំលោភ។
រូបភាពកាម៉េរ៉ាសុវត្ថិភាព នៅជុំវិញកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថា នាង «Miriam Beelte» បានដើរឡើងទៅទីទួលកំសាន្ដ ជាច្រើននាទី មុននឹងជនសង្ស័យ ដើរទៅតាមក្រោយ។
អ្នកនាំពាក្យនគរបាល បានបន្តទៀតថា ជនសង្ស័យបានយកដុំថ្ម វាយលើមុខជនរងគ្រោះយ៉ាងដំណំ ដើម្បីបញ្ចៀសខ្លាចនាងស្រែក។ នគរបាលបញ្ជាក់បន្ថែមថា សាកសពមានស្លាកស្នាមរបួស គួរឲ្យរន្ធត់ណាស់ នៅលើផ្ទៃមុខ។
នៅវេលានេះ ជនសង្ស័យត្រូវបានចោទ ពីបទរំលោភ និងសម្លាប់ ហើយត្រូវបានយកទៅឃុំ ជាបណ្ដោះអាសន្ន តាំងពីថ្ងៃអង្គារមក នៅក្នុងខេត្តឈុនបូរី ដើម្បីរង់ចាំថ្ងៃបើកសវនាការកាត់ទោស។
មរណភាពរបស់ស្ត្រីទេសចរណ៍អាល្លឺម៉ង់ បានបង្កើតឲ្យមានការខឹងសម្បារ យ៉ាងខ្លាំងក្លា ពីសំណាក់បណ្ដាជនថៃ ក្នុងស្រុក ដែលមួយភាគធំ ទទួលបានប្រយោជន៍ ពីវិស័យទេសចរណ៍ដ៏រីកលូតលាស់។ កាលពីឆ្នាំ២០១៤ ប្រទេសនេះបានល្បីម្ដងហើយ ជុំវិញឃាតកម្ម ទៅលើយុវតីជាតិអង់គ្លេស ឈ្មោះ «Hannah Witheridge» និងសង្សារបស់នាង ឈ្មោះ «David Miller» នៅលើកោះតៅ ស្ថិតនៅភាគខាងត្បូង៕