ដំណឹងអាស៊ី-ប៉ាស៊ីភិក

នៅរស់​យ៉ាងហោច​២នាក់ ក្នុងការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​​នៅ​ប៉ាគីស្ដង់

អ្នកដំណើរ«នៅរស់​យ៉ាងហោច​២នាក់» ពីក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «AirBus» កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភាម្សិលម៉ិញ ក្នុងសង្កាត់លំនៅដ្ឋាន នៃក្រុងការ៉ាឈី (Karachi) ភាគខាងត្បូង នៃប្រទេសប៉ាគីស្ដង់។

របាយការណ៍ជំហានដំបូង បានអះអាងថា យន្ដហោះមួយនេះ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៃប្រទេសប៉ាគីស្ដង់ (Pakistan international Airlines – PIA) ទំនងជាបានរងគ្រោះ ដោយបញ្ហាបច្ចេកទេស។

រូបភាពផ្សាយផ្ទាល់ អំពីផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែងកើតហេតុ ត្រូវបានបញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ខណៈរថយន្ដពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ព្រះអគិ ដែលកំពុងឆាប់ឆេះ​តួយន្ដហោះ និងគំនរអាគារបែកបាក់។ រីឯឧទ្ធម្ភាគចក្រយោធា ជាច្រើនគ្រឿង បានហោះក្រវែលទៅមក ពីលើក្រុង ការ៉ាឈី ទាំងមូល។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ លោក «Abdullah Hafeez» ត្រូវបានស្រង់សំដីដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក យកមកចុះផ្សាយថា៖

«មានអ្នកដំណើរ ចំនួន៩១នាក់ និងក្រុមបុគ្គលិកនៅក្នុងយន្ដហោះ ៧នាក់ (សរុប​៩៨នាក់ ខុសពីការផ្សាយជំហានដំបូង ដែលថាមានមនុស្សជាង១០០នាក់ នៅក្នុងយន្ដហោះ) នៅក្នុងយន្ដហោះ ដែលភ្ជាប់ជើងហោះហើរ លេខ”PK8303″។ យន្ដហោះ បានបាត់ការទាក់ទង ពីមណ្ឌលត្រួតពិនិត្យផ្លូវអាការ នៅម៉ោង១៤ និង៣៧នាទី (ម៉ោងក្នុងស្រុក)។»

រីឯអគ្គនាយក​ក្រុមហ៊ុនអាកាសចរណ៍ «PIA» លោក «Arshad Malik» វិញ បានរៀបរាប់ថា យន្ដហោះប្រភេទ«Airbus A320»ខាងលើ បានហោះចេញពីក្រុង «Lahore» ដែលស្ថិតនៅភាគខាងជើងប្រទេស។ លោកថា យន្ដហោះហៀបនឹងចុះចត នៅលើព្រលានបានសម្រេចទៅហើយ។

លោក «Arshad Malik» បាននិយាយថា៖

«ព័ត៌មានចុងក្រោយ ដែលយើងដឹង ពីអ្នកបើកយន្ដហោះ គឺគាត់ប្រាប់ថា គាត់មានបញ្ហាបច្ចេកទេសហើយ។ បន្ទាប់មក គេបានប្រាប់ពួកគាត់ថា មានផ្លូវព្រលានចំនួនពីរ ដែលអាចចុះចតបាន ស្រាប់តែគាត់សម្រេច បន្ថែមឧស្ម័នហ្គាស។ ហេតុអ្វី? វាចាំបាច់ត្រូវរកឲ្យឃើញ ថាអ្វីទៅជាបញ្ហាបច្ចេកទេស។»

បើតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក «Ijaz Ahmad Shah» បានលើកឡើងថា អ្នកបើក​យន្ដហោះ បាន​អះអាង​ថា ម៉ាស៊ីនប្រតិកម្មមួយចំហៀងបានខូច ហើយគាត់បានឲ្យសញ្ញា ពីភាពអាសន្ន។

ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចេញតុល្យភាពបណ្ដោះអាសន្ន ឲ្យដឹងថា យ៉ាងហោចមនុស្ស៤២នាក់ បានស្លាប់ ខណៈខាងអាកាសចរណ៍ស៊ីវិល នៃប្រទេសប៉ាគីស្ងង់ បានអះអាងថា មានមនុស្ស នៅរស់​យ៉ាងហោច​២នាក់ ពីក្នុងហេតុការណ៍នេះ។

ហេតុការណ៍នៃការធ្លាក់យន្ដហោះ បានកើតឡើងពីរថ្ងៃ ក្រោយការដាក់ ឲ្យមានដំណើរការឡើងវិញ នូវជើងហោះហើរក្នុងស្រុក ដែលត្រូវបានផ្អាក តាំងពីជាង១ខែមកហើយ ដើម្បីបង្ការការរាតត្បាត នៃជំងឺ«Covid-19»៕



លំអិតបន្ថែមទៀត

គ្រោះថ្នាក់យន្ដហោះធុនតូចមួយគ្រឿង ប្រភេទ «Let-410»
ដំណឹង

នេប៉ាល់ ៖ យន្ដហោះ១គ្រឿង ហោះ​បុក​ឧទ្ធម្ភាគចក្រ​២គ្រឿង ស្លាប់​៣នាក់

យន្ដហោះធុនតូចមួយគ្រឿង បានហោះងើបខ្លួនមិនបានល្អ ពីព្រលានយន្ដហោះ «Lukla» ដែលស្ថិតនៅលើចង្កេះភ្នំ និងជាមាត់ច្រក នៃភ្នំអេវើរេស របស់ប្រទេស នេប៉ាល់ ។
ដំណឹង

«Airbus»​​មួយគ្រឿង​ចុះចត​បន្ទាន់​ ក្នុង​ចំការពោត​នៅ​រ៉ុស្ស៊ី របួស​២៣នាក់

យន្ដហោះប្រភេទ «Airbus A321» ដែលមានមនុស្សជិះទាំងអស់ ២៣៣នាក់ បានចុះចតជាបន្ទាន់ ក្នុងតំបន់មួយក្បែររដ្ឋធានី មូស្គូ បន្ទាប់ពីយន្ដហោះបានហោះ បុកហ្វូងសត្វស្លាប។ តុល្យភាពដំបូង ដែលបានប្រកាសឲ្យដឹង បានអះអាងថា ...
ដំណឹង

«រន្ទះបាញ់»​បានធ្វើ​ឲ្យខូច​ប្រព័ន្ធបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​យន្ដហោះ

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ លែងដំណើរការ និងបញ្ហាផ្នែកគ្រឿងម៉ាស៊ីនបើកបរ បង្កឡើងដោយ«រន្ទះបាញ់» គឺជាមូលហេតុដែលធ្វើឲ្យយន្ដហោះ ប្រភេទ«Soukhoï Superjet 100» ជួបគ្រោះថ្នាក់កាលពីដើមខែឧសភាកន្លងទៅនេះ ក្នុងរដ្ឋធានីម៉ូស្គូ។ នេះ បើតាមរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត ដែលត្រូវបានចេញផ្សាយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.