ដំណឹងអាស៊ី-ប៉ាស៊ីភិក

ព្រះរាជាថៃរងការចោទថា បាន​ចាប់​ពង្រត់​សកម្មជន​នយោបាយ នៅ​កម្ពុជា

បើដំណឹង​នៅក្នុងប្រទេសថៃ ឬ នៅកម្ពុជា ហាក់ស្ងប់ស្ងៀមនោះ នៅទ្វីបអ៊ឺរ៉ុបឯណេះ ព័ត៌មាន​ដ៏ភ្ញាក់ផ្អើល បានផ្ទុះ​ឡើង ចំពោះករណី​ចាប់ពង្រត់ សកម្មជននយោបាយ​ថៃម្នាក់ ពីដងផ្លូវ​កណ្ដាលរាជធានីភ្នំពេញ។

អ្នកសារព័ត៌មានម្នាក់ ជាតិអង់គ្លេស ដែលជំនាញខាងប្រមាញ់ព័ត៌មាន ចេញពីព្រះបរម​រាជវាំងថៃ រួមនឹង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត បានអះអាងថា គឺព្រះរាជា​ថៃ​ផ្ទាល់​តែម្ដង ជាអ្នកបញ្ជា​ឲ្យចាប់​ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃ​ព្រហស្បត្តិ៍ ទី៤ ខែមិថុនា សប្ដាហ៍កន្លងមក។

អ្នកកាសែត លោក «Andrew MacGregor Marshall» បានសរសេរ​នៅលើទំព័រ​ទ្វីសធើរ​របស់លោក បញ្ជាក់ច្បាស់ៗថា ការចាប់ពង្រត់​សកម្មជន​ខាងលើ ត្រូវបានធ្វើឡើង តាម​ព្រះរាជបញ្ជា របស់ព្រះមហាក្សត្រ រាមាទី១០ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn)។

ដោយអះអាងទទួលប្រភព ពីក្នុងព្រះបរមរាជវាំងថៃ អ្នកសារព័ត៌មានខាងលើ បាន​បញ្ជាក់​ទៀតថា ព្រះរាជ​បញ្ជា​នេះ ត្រូវបានអនុវត្ត បានយ៉ាងល្អឥតខ្ចោះ ដោយលោក «Jakrapob Bhuridej» ដែលជាមេបញ្ជាការ​កងរក្សា​ព្រះអង្គ។

លោក «Jakrapob Bhuridej» គឺជាមនុស្សដ៏ជំនិត​ម្នាក់ ពីក្នុងចំណោមមនុស្ស ដ៏មាន​ឥទ្ធិពល​ច្រើននាក់ ដែលស្ថិត​នៅ​ជុំវិញស្ដេចថៃ។ ប្រភពពីព្រះរាជវាំងថៃ ដែល​អះអាង​ប្រាប់អ្នកកាសែតដដែល បានបន្ថែមទៀតថា លោកមេបញ្ជាការរូបនេះ បានដឹកនាំ​ប្រតិបត្តិការ ចាប់ពង្រត់​ខាងលើ ផ្ទាល់ពីប្រទេសថៃ។

អ្វីដែលគួរឲ្យតក់ស្លុត បន្ថែមទៀតនោះ គឺសកម្មជននយោបាយ អាយុ៣៧ឆ្នាំ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ទំនងជាត្រូវបានសម្លាប់ នៅក្រោយការចាប់ពង្រត់ ចេញពី​រាជធានី​ភ្នំពេញ។ លោក «Andrew MacGregor Marshall» បានអះអាងបន្តថា៖

«សពលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ទំនងជាត្រូវបានកប់ នៅក្នុងតំបន់​ដាច់ស្រយ៉ាល​មួយ ក្នុងប្រទេសកម្ពុជា ឬក៏ត្រូវបានពន្លិច ចូលទៅបាតស្ទឹង ឬបាតបឹងណាមួយ នៅកម្ពុជា ។»

យ៉ាងណា បើទោះជាដំណឹងខាងលើ ត្រូវបានបញ្ជាក់ ដោយអង្គការ​ក្រៅ​រដ្ឋាភិបាល មួយ​ចំនួន​ក្ដី  ក៏គ្មានប្រភពផ្លូវការណាផ្សេង បានអះអាងបន្ថែម ពីករណីចាប់ពង្រត់ បញ្ជា​ដោយ​ព្រះមហាក្សត្រ​ថៃនេះទេ។

សារព័ត៌មាននានាក្នុងទ្វីបអ៊ឺរ៉ុប បានអះអាងថា ក្នុងអំឡុងពេល នៃការចាប់​ពង្រត់​សកម្មជន នៅរាជធានីភ្នំពេញ ព្រះមហាក្សត្រថៃ កំពុងគង់ប្រថាប់ នៅក្នុងសណ្ឋាគារ «Waldegg» នៃក្រុង «Engelberg» (ភាគ​កណ្ដាល​ប្រទេសស្វីស) ជាមួយព្រះជាយាទ្រង់ គឺព្រះនាង សុធីតា (Suthida) ដើម្បីប្រារព្ធ​ពិធីបុណ្យ​ចម្រើនព្រះជន្ម ថ្វាយព្រះនាង នៅទីនោះ។

សកម្មជនប្រជាធិបតេយ្យ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បាននិរទេស​ខ្លួន មករស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពីឆ្នាំ២០១៤។ សាក្សីជាច្រើននាក់ ដែលត្រូវបានស្រង់សំដី ដោយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) បាន​អះអាងថា សកម្មជនរូបនេះ ត្រូវបានចាប់ពង្រត់ ពីខាងមុខ​អាគារ​ស្នាក់នៅរ​បស់លោក នៅវេលា​ម៉ោង​ប្រមាណ ជាង៥ល្ងាច ដោយជន​បិទមុខ​មួយក្រុម ប្រដាប់ដោយអាវុធ។

​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ​មាន​ទំនាក់​ទំនងយ៉ាងជិតស្និត ​ជាមួយ​រណសិរ្ស​រួបរួម ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ (The United Front for Democracy Against Dictatorship – UDD)​ ដែលគេ​ស្គាល់​ថា ​ជា​ក្រុម​អាវ​ក្រហម​របស់​ប្រទេសថៃ។​

សារព័ត៌មាន​ថៃ បានអះអាងថា តាំងពីឆ្នាំ២០១៨កន្លងមក តុលាការថៃ បានចេញ​ដីកា ឲ្យតាមចាប់ខ្លួនលោក វ៉ាន់ឆាឡឺម  ក្រោមបទចោទ«ប្រមាថព្រះចេស្ដា»៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ថៃដាក់​កម្ពុជា ក្នុងចំណោម​៥ប្រទេស ដែល​មាន​ហានិភ័យ​ខ្ពស់

ប្រទេសកម្ពុជា ជាប់ឈ្មោះក្នុងបញ្ជីប្រទេសទាំង៥ ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុងការឆ្លងជំងឺ «Covid-19» និងដែលថៃត្រូវផ្អាកទំនាក់ទំនង ជាបណ្ដោះអាសន្ន។ នេះ បើតាមការសេចក្ដីសម្រេច របស់ក្រសួងសុខភាពសាធារណៈ របស់ប្រទេសថៃ ដែលចេញផ្សាយឲ្យដឹង ក្នុងថ្ងៃពុធ ...
កម្ពុជា

ការពង្រត់ វ៉ាន់ឆាឡឺម៖ កម្ពុជាគួរ​បញ្ចប់​​​ការធ្វើ​មិនដឹងឮ​«ដ៏គួរឲ្យ​អស់សំណើច»

ជាថ្មីម្ដងទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បានស្នើឲ្យអាជ្ញាធរ​កម្ពុជា គួរ​បញ្ចប់​ការធ្វើ​មិនដឹងឮ «ដ៏គួរឲ្យ​អស់សំណើច» ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ...
ដំណឹង

បោះឆ្នោត​ថៃ៖ អាមេរិក​សាទរ​«សញ្ញាវិជ្ជមាន»​នៃ​ដំណើរការ​ប្រជាធិបតេយ្យ

សហរដ្ឋអាមេរិកបានសំដែងការសាទររបស់ខ្លួន នៅថ្ងៃអង្គារនេះ ចំពោះការបោះឆ្នោតជាតិ នៅក្នុងប្រទេសថៃ ថាជា«សញ្ញាវិជ្ជមាន» ដើម្បីការវិលត្រឡប់ ទៅរករដ្ឋាភិបាលមួយ តាមបែបប្រជាធិបតេយ្យវិញ។ យ៉ាងណា ក្រុមគណបក្សប្រឆាំង បានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មានជាប់ដិតដាម ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.