ចាប់យកសណ្ដែកខៀវមួយកញ្ចប់ រួមនឹងគ្រាប់សាគូ ខ្ទិះដូង និងស្កអំពៅចេញមក ខ្ញុំបាននិយាយ ដោយ«បំណងល្អ»ទៅកាន់កូនប្រុស ថា៖

  • គ្រូប៉ាបានប្រាប់ប៉ា តាំងពីពេលប៉ានៅរៀនថា សណ្ដែកខៀវជួយបណ្ដុះជាតិដែក និងកោសិកាខួរក្បាល ហើយញ៉ាំបង្អែមសណ្ដែកខៀវមួយចាន និងជួយបណ្ដុះកោសិកានេះ បានប៉ុន្មានលាន​កោសិកា… និយាយឲ្យខ្លី គឺញ៉ាំសណ្ដែកខៀវមានប្រយោជន៍ខ្លាំងណាស់កូន។

កូនប្រុសងក់ក្បាលតប៖

  • អឺហឹស!

ពាក្យ«អឺហឹស»របស់កូនខ្មែរ ដែលកើតនៅស្រុកបារាំង និងដែលរៀននៅក្នុងសាលាបារាំង គឺមានន័យថា អូអញ្ចឹងផងឬ។ ខ្ញុំយល់ពីទម្លាប់របស់ពួកវា ទាំងកូនគេទាំងកូនខ្ញុំ ដែលត្រូវតែមានចរិត តាមសង្គមបារាំង។

ប៉ុន្តែខ្ញុំមិនចង់ឲ្យវាភ្លេចខ្លួនថា ខ្លួនវាកើតចេញពីឪពុកម្ដាយជាខ្មែរ ឬហៅម្យ៉ាងទៀតថា វាមានដើមកំណើតជាខ្មែរ នោះទេ។ អញ្ចឹងហើយ ទើបខ្ញុំតែងតំណាលរឿង ពីស្រុកទេស កន្លែងសប្បាយៗ ល្អៗ… ជាពិសេសគឺនិយាយជាមួយវា ជាភាសាខ្មែរ ដើម្បីឲ្យវាស្គាល់ភាសាដើមរបស់វា។ តែបើនិយាយខ្មែរមួយឃ្លា ខ្ញុំក៏ត្រូវពន្យល់វា ជាភាសាបារាំងមួយឃ្លាវិញដែរ។ គឺមិនជាស្រួលប៉ុន្មានទេ។

ខ្ញុំងាកមករឿងសណ្ដែកខៀវ បន្តទៀតថា៖

  • មានម្ដងនោះ ប៉ាបានឆក់ខ្សែភ្លើង ហើយត្រូវគ្រូប៉ាបន្ទោស ស្ដីឲ្យយ៉ាងខ្លាំង។ គ្រូប៉ាថា បើគួរចៀសវាងការលេងចរន្តភ្លើង គឺប្រសើរណាស់ ព្រោះបើយើងត្រូវភ្លើងឆក់ វានឹងធ្វើឲ្យបាត់កោសិកាខួរក្បាល អស់រាប់លាន។ ប៉ានឹកឃើញពាក្យគាត់លើកមុន ដែលនិយាយពីការញ៉ាំសណ្ដែកខៀវ ដើម្បីបណ្ដុះកោសិកាខួរក្បាល ប៉ាក៏យកមកប្រាប់គាត់វិញ។ តែគាត់ថា ឆក់ខ្សែភ្លើងគឺខាតច្រើនណាស់! ទោះប៉ាញ៉ាំបង្អែមសណ្ដែកខៀវ អស់១០ឆ្នាំងទៀត ក៏មិនអាចបណ្ដុះកោសិកាខួរក្បាលបានភ្លាមៗ និងដូចដើមវិញដែរ។

កូនប្រុសខ្ញុំងក់ក្បាលតប៖

  • អឺហឹស!

ដោយសម្លឹងមើលកូនប្រុស កំពុងជក់ចិត្តនឹងការរៀបរាប់របស់ខ្ញុំ ខ្ញុំគ្មានជម្រើសថា នឹងត្រូវឈប់ការរៀបរាប់របស់ខ្ញុំនេះ នៅពេលនេះទេ។ ខ្ញុំបន្តថា៖

  • នៅពេលប៉ាមកដល់ស្រុកបារាំង ដោយរវល់រៀន រវល់ធ្វើការ មិនសូវជាមានពេលធ្វើបង្អែមនេះញ៉ាំទេ។ តែឥឡូវនេះ ប៉ាមានរូបកូន ប៉ាចាំបាច់ត្រូវរកពេល ដើម្បីធ្វើចំណីនេះ ឲ្យកូនឯងញ៉ាំ។
  • អឺហឹស!

ខ្ញុំចាប់ផ្ដើមចាក់សណ្ដែកខៀវ ក្នុងឆ្នាំងហើយលាងវា ដោយទឹកបីរួច ទើបយកវាទៅដាំនៅលើចង្ក្រាន។ ខ្ញុំធ្វើបណ្ដើរ តែមិនភ្លេចងាកមកពន្យល់កូនបណ្ដើរ ទេថា៖

  • ដំបូងត្រូវលាងវាឲ្យស្អាត និងស្រង់យកចេញ នូវសណ្ដែកណា ដែលវាអណ្ដែតឡើង ព្រោះសណ្ដែកដែលអណ្ដែត គឺជាសណ្ដែកងាប់។ បន្ទាប់មក ត្រូវដាក់ទឹកចូលក្នុងឆ្នាំងឲ្យច្រើន ដើម្បីអាចដាំរំងាស់សណ្ដែកទាំងនេះ រហូតវាផុយ។
  • អឺហឹស!

រង់ចាំរហូតលុះត្រាសណ្ដែក ត្រូវបានរំងាស់ អស់ច្រើននាទី ខ្ញុំត្រឡប់មកវិញ ហើយបន្តភាគនិទានរឿងសណ្ដែកនេះ ជាមួយកូនប្រុសថា៖

  • បន្ទាប់មកត្រូវចាក់គ្រាប់សាគូ ដែលលាងស្អាតរួចដាក់ចូលដែរ មុននឹងដាក់ទឹកខ្ទិះដូងចូល ហើយត្រូវទុកឲ្យវាពុះមួយសន្ទុះ រហូតដល់គ្រាប់សាគូរទន់ និងចូលជាតិជាមួយសណ្ដែក… ឥឡូវនេះ គឺដល់ពេលយើងចាក់ស្កចូល។ បើនៅស្រុកយើង មានស្កត្នោត គឺឆ្ងាញ់ជាងស្កអំពៅ តែកូនអើយនៅបារាំង ពិបាករកស្កត្នោត… អញ្ចឹងមានតែដាក់ស្កអំពៅនេះទៅ គឺវាប្រសើរហើយ។
  • អឺហឹស!
  • យើងទុកវាឲ្យពុះបន្តិច ដើម្បីអាចបង្កា កុំឲ្យញ៉ាំទៅហើមពោះ… រួចទុកឲ្យត្រជាក់ទើបឆ្ងាញ់។

ខ្ញុំរៀបចំតុ កៅអី ដាក់ចានបង្អែម ស្លាព្រាតូច ដើម្បីយើងអាចទទួលទានបង្អែមដ៏ពិសេស កម្រមាននៅបារាំង។ កូនប្រុសខ្ញុំ ក៏វាបានមកអង្គុយ រង់ចាំភ្លក្សបង្អែមដ៏ពិសេស ស្នាដៃឪពុកផ្ទាល់នេះដែរ។ ខ្ញុំត្រូវទុកបង្អែមនេះ ឲ្យត្រជាក់មែនទែន ព្រោះក្មេងមិនអាចញ៉ាំរបស់ណា ដែលមានកម្ដៅក្ដៅបានទេ។

លុះដល់ដំណាក់កាលក្ដៅអ៊ុនៗ ខ្ញុំដួសដាក់ក្នុងកូនចានឲ្យកូន និងប្រាប់វាថា អាចញ៉ាំបានហើយ ដោយសង្ឃឹមថា «បំណងល្អ»របស់ខ្ញុំ នឹងទទួលបានផ្លែផ្កាមកវិញ។ វាដាក់មួយម៉ាត់ចូលក្នុងមាត់ ស្រាប់តែវាខ្ជាក់ចេញមកវិញ ហើយឧទានឡើង ជាភាសាបារាំងថា៖

  • ស្អីគេហ្នឹងប៉ា? បង្អែមប៉ាឯង គួរឲ្យខ្ពើម!!!


You may also like

វប្បធម៌ និងជីវិត

ហេតុអ្វី​«បេះដូង​ប្រេះស្រាំ»​ហើយ អាច​ប៉ះ​ភ្ជាប់​ឡើង​វិញ​បាន?

«បេះដូង​ប្រេះស្រាំ» ៖ ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ...
កំសាន្ដ

«សារភាព… មុនផុតដង្ហើម» សំណើចខ្លី

មុនផុតដង្ហើម លាចាកលោក បុរសជាប្ដីបានហៅភរិយាខ្លួនមកជិត ហើយខ្សិបប្រាប់ថា៖ – អូនសម្លាញ់ មុននឹងបងស្លាប់ បងសូមសារភាពប្រាប់អូនរឿងមួយ… – រឿងអ្វីទៅបង? – រឿងនោះ គឺបងបានលួចទាក់ទង ...
កំសាន្ដ

«ប្រពន្ធ​អញ​កើត​ អេដស៍ !» សំណើចខ្លី

ពីរនាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​ជំងឺ​ អេដស៍ តែពួក​គេ​ស្រលាញ់​គ្នា​ រស់នៅ រកស៊ី​មានលុយ​មាន​កាក់ ​មាន​ផ្ទះ​សម្បែង​ធំ​គួរ​សម។​ ថ្ងៃ​មួយ ​ចោរ​ស្លៀក​លីអូម្នាក់ បានចូល​មក​ប្លន់ ​ហើយ​ឃើញ​នាង​ជា​ប្រពន្ធ​ស្អាត ក៏​ចូល​ទៅ​ចាប់​រំលោភ។ ​ពេល​នោះ​ បុរស​ជា​ប្ដី​ចេញ​មក​ទាន់​ ...

Comments are closed.

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...