បុរសជនជាតិចិនម្នាក់ ទើបជួបជុំ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់អាជ្ញាធរ និងដោយសារ កម្មវិធីកែប្រែមុខ និងកម្មវិធីស្គាល់មុខមនុស្ស នៅក្នុងកំព្យូទ័រ។
សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យសន្តិសុខសាធារណៈចិន បានឲ្យដឹងថា បុរស «Mao Yin» ដែលថ្ងៃនេះ មានអាយុ៣៤ឆ្នាំ ត្រូវបានចាប់ពង្រត់ កាលពីឆ្នាំ១៩៨៨ នៅខាងមុខសណ្ឋាគារមួយ នៃក្រុង ស៊ីអាន (Xi’an – ភាគកណ្ដាលចិន)។
កាលនោះ កុមារតូច «Mao Yin» ដែលមានអាយុ២ឆ្នាំ ត្រូវបានជនចាប់ពង្រត់ យកទៅលក់ ឲ្យគូស្វាមីភរិយាមួយ ដែលរស់នៅក្នុងខេត្ត ស៊ីឈ័ន (Sichuan) ស្ថិតនៅភាគនារតី នៃប្រទេស។ ប្ដីប្រពន្ធទាំងពីរនាក់នោះ បានចិញ្ចឹមបីបាច់ «Mao Yin» ដូចជាកូនបង្កើតរបស់ខ្លួន។
ប៉ុន្តែឈាមតែមួយ បានបណ្ដាលឲ្យ ឪម៉ែ-កូនបង្កើតទាំងបីនាក់ បានជួបគ្នាវិញ កាលពីថ្ងៃចន្ទ កន្លងមក។
អ្នកស្រី «Li Jingzhi» ជាម្ដាយបង្កើត បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋ «CCTV» ថា បន្ទាប់ពីបានបាត់កូន នៅពេលនោះ អ្នកស្រីបានលាឈប់ ពីការងារ ហើយបានដើរចែកខិត្តប័ណ ស្វែងរកកូន ប្រមាណាជា១សែនខិត្តប័ណ តែគ្មានបានលទ្ធផលអ្វីឡើយ។
ទូរទស្សន៍រដ្ឋចិន បានរៀបរាប់ថា អាជ្ញាធរបានបើកសំនុំរឿងនេះឡើងវិញ បន្ទាប់ពីបានទទួលរបាយការណ៍មួយ ដែលអះអាងថា បុរសម្នាក់នៅក្នុងខេត្ត ស៊ីឈ័ន ទំនងជាបានទិញក្មេងម្នាក់ ពីក្រុង ស៊ីអាន តាំងពីទសវត្សរ៍ឆ្នាំ៨០។
បន្ទាប់មក នគរបាលបានប្រើកម្មវិធីកំព្យូទ័រ ដើម្បីធ្វើឲ្យមុខ ក្លាយជាចាស់ ទៅលើរូបថតរបស់កុមារ «Mao Yin» ដែលថតតាំងពីនៅតូច មុននឹងយករូបថតប្រែមុខនោះ ទៅប្រៀបធៀប នឹងរូបថតអត្តសញ្ញាប័ណ្ណ របស់ពលរដ្ឋទាំងឡាយ ដែលត្រូវបានរក្សាទុក ក្នុងទិន្នន័យជាតិ។
ដោយហេតុដូច្នេះហើយ ទើបនៅទីបំផុត អាជ្ញាធរបានរកឃើញ បុរស «Mao Yin» ដែលជាម្ចាស់ហាងមួយ ក្នុងខេត្តស៊ីឈ័ន។ ការធ្វើតេស្ដិ៍ «ADN» បានបញ្ជាក់បន្ថែមទៀត ថាលោក «Mao Yin» គឺជាកុមារ ដែលត្រូវបានចាប់ពង្រត់នោះ។
ទើបជួបជុំ និងមិនចង់បែកវិញ…
«Mao Yin» បានថ្លែងថា លោកបានធំដឹងក្ដី ដោយមិនបានដឹងឡើយថា លោកត្រូវបានចាប់ពង្រត់ តាំងពីតូចក្រូចឆ្មារ និងមិនដែលសង្ស័យ សូម្បីបន្តិច អំពីឪពុកម្ដាយ«បង្កើត»របស់លោក។ លោកបន្តថា លោកគ្រោងនឹងរើផ្ទះ មករស់នៅជាមួយឪពុកម្ដាយ ក្នុងក្រុង ស៊ីអាន វិញ។
អ្នកស្រី «Li Jingzhi» ជាម្ដាយ ដែលចាប់ដៃកូនខ្លួនមិនលែង បានអះអាងថា៖
«ខ្ញុំលែងចង់ឲ្យវា ចាកចេញពីយើង ទៀតហើយ។ ខ្ញុំនឹងមិនទុកឲ្យវា ចាកចេញពីយើងទៀតទេ។»
ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ចិន «Xinhua» បានរាយការណ៍បន្ថែមថា ក្នុងរយៈពេល មួយទសវត្សរ៍ ចុងក្រោយនេះ នគរបាលចិន បានជួយឲ្យកុមារចិន ច្រើនជាង ៦៣០០នាក់ បានវិលត្រឡប់ មកជួបជុំឪពុកម្ដាយបង្កើតរបស់ខ្លួនវិញ ដោយការធ្វើតេស្ដិ៍ «ADN»។
យុទ្ធនាការចាប់ពង្រត់ក្មេង បានផ្ទុះឡើង យ៉ាងខ្លាំងក្លា ក្នុងទសវត្សន៍ឆ្នាំ ៨០ នៅខណៈនយោបាយ «កូនមួយ» របស់ប្រទេសកុម្មយនីស្ដិ៍ ត្រូវបានអនុវត្តន៍ គួបផ្សំនឹងប្រពៃណីចិនមួយទៀត គឺស្រឡាញ់កូនប្រុស ជាងកូនស្រី៕