សង្វៀនកីឡា ឬព្រលានប្រកួតកីឡា ដែលមានវ័យដ៏ចំណាស់មួយនេះ ស្ថិតនៅកណ្ដាលក្រុង«Vérone» នៃខេត្ត«Vénétie» (ប្រទេសអ៊ីតាលី)។ វាត្រូវបានសង់ឡើង នៅឆ្នាំ៣០ នៃគ្រឹះសករាជ នាសម័យកាលចក្រភពរ៉ូម «ROME» ដ៏ខ្លាំងក្លា។ នៅពេលសាងសង់រួច ព្រលាននេះ មានកំពស់៣២ម៉ែត្រ បើមើលពីក្រៅ មាន២ជាន់ និងអាចទទួលមនុស្ស ឲ្យមកអង្គុយជាថ្នាក់ៗ បានចំនួន៣ម៉ឺននាក់។
ដូចព្រលានបូរាណផ្សេងទៀតដែរ ព្រលានក្រុង «Vérone» មួយនេះ មានរាងពងក្រពើ ដោយមានអង្កត់ផ្ចិតវែង ១៥២ម៉ែត្រ និងអង្កត់ផ្ចិតខ្លី ១២៣ម៉ែត្រ។
នៅឆ្នាំ១១១៧ វាត្រូវបានបំផ្លាញ សឹងតែរាបដល់ដី ដោយសារគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយ។ បន្ទាប់មក គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៨០៥ ទើបព្រលានបុរាណនេះ ត្រូវបានជុសជុល និងសាងសង់ឡើងវិញ ក្រោមការដឹកនាំគម្រោង របស់ឧត្ដមសេនីយ៍បារាំងមួយរូប នៃសម័យកាល«ចក្រភពបារាំងទី១»(*)។
មកដល់សព្វថ្ងៃនេះ ការជុសជុលនៅតែបន្តធ្វើ ដើម្បីរក្សាឲ្យបាន នូវរូបរាងដើមរបស់វា។
បើទោះជាអតីតសង្វៀនកីឡា គឺភស្ដុតាងនៃប្រវត្តិសាស្ត្រ ដ៏អាស្ចារ្យមួយក៏ដោយក្ដី ក៏ព្រលានបុរាណ នៅរក្សាភាពរឹងមាំរបស់វា និងតែងត្រូវបានយកមកប្រើប្រាស់ ជាញឹកញាប់ ដើម្បីធ្វើជាទីលានជួបជុំ នៃពិធីបុណ្យអ្វីមួយ ក្នុងនោះមានការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ មហោស្រពប្រចាំតំបន់ ឬការកម្សាន្ដផ្សេងៗជាដើម។
ហើយកម្មវិធីដ៏ពិសេសមួយ ដែលនឹងត្រូវយកមកប្រារព្ធ នៅក្នុងព្រលានបុរាណនេះ គឺពិធីបិទបញ្ចប់កីឡាអូឡាំពិក សិសិររដូវ នាឆ្នាំ២០២៦ខាងមុខ៕
(*) ចក្រភពបារាំងទី១ នៃរជ្ជកាលព្រះចៅអធិរាជ ណាប៉ូឡេអុង បូណាប៉ាត្រ៍ (Napoléon Bonapatre) ដែលបានវាយកាន់កាប់ទឹកដី សឹងតែទាំងអស់ ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច។