របាយការណ៍ឯកសារលំអិត

បាញ់ប្រហារ​នៅ​តិចសាស់ ព្រោះ​ការស្អប់ខ្ពើម? ស្លាប់​២០នាក់ របួស​២៦នាក់

ជនសង្ស័យ «Patrick Crusius» នៃការបាញ់ប្រហារដ៏រង្គាលមួយក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់។
ជនសង្ស័យ «Patrick Crusius» នៃការបាញ់ប្រហារដ៏រង្គាលមួយក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់។

បាញ់ប្រហារ​នៅតិចសាស់ – សហរដ្ឋអាមេរិកបានកាន់ទុក្ខសារជាថ្មី បន្ទាប់ពី​ការបាញ់​ប្រហារ​ដ៏រង្គាលមួយ បានកើតឡើងក្នុងថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០១៩ម្សិលម៉ិញ ក្នុង​មជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់ (ភាគខាងត្បូង) ដែលបង្ក​ឲ្យមនុស្ស​២០នាក់ស្លាប់ និង​២៦នាក់របួស។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាប​ជូន​ប្រិយមិត្ត អំពីអ្វីដែលបានដឹង ជុំវិញហេតុការណ៍នេះ។

ព្រឹត្តិការណ៍នេះ បានក្លាយជាការបាញ់សម្លាប់ យ៉ាងរង្គាល លើកទី៨ នៅក្នុងប្រវត្តិសាស្ត្រ​នៃ​សហរដ្ឋអាមេរិក ដែលអាចកើតឡើង ពីចរិតស្អប់ខ្ពើម របស់ជនសង្ស័យអាយុ២១ឆ្នាំ។ នេះ បើតាមការអះអាង របស់នគរបាលតំបន់ ដែលកំពុងសិក្សា ទៅលើឯកសារមួយ ដែល​ទើប​នឹងត្រូវបានបង្ហោះ នៅលើគេហទំព័រ «8Chan» ប៉ុន្មាននាទីមុន​ពេលកើតហេតុ។

ឯកសារដ៏គួរឲ្យសង្ស័យនោះ បានសរសេរទទួលស្គាល់ និងចាត់ទុកការបាញ់ប្រហារនេះ ថា​ជា«ចម្លើយមួយ ទៅនឹងការឈ្លានពាន នៃបណ្ដាជននិយាយភាសាអេស្ប៉ាញ ក្នុងរដ្ឋ​តិចសាស់»។

តើរឿងរ៉ាវកើតឡើង យ៉ាងដូម្ដេច?

ខ្មាន់កាំភ្លើងបានបើកការបាញ់រះ នៅពេលដើរជុំវិញ និងនៅខាងក្នុង ផ្សារទំនើបឈ្មោះ «Walmart» នៃក្រុង «El Paso»។ នគរបាលបានអះអាង ទទួលបានសញ្ញាអាសន្ន នៅ​វេលាម៉ោង១០និង៣៩នាទីព្រឹក (ម៉ោងនៅក្នុងរដ្ឋតិចសាស់)។

ទូរទស្សន៍តំបន់ «KTSM» បានបង្ហាញរូបថតដំបូងគេ របស់ជនសង្ស័យ ដែលថតចេញ​ពីកាម៉េរ៉ាសុវត្ថិភាព របស់ផ្សារទំនើប។ ជននោះពាក់អាវក្រម៉ៅ ខោគគី កាន់អាវុធវែង និងមានកាសពាក់ជាប់នឹងត្រចៀក។

នគរបាលបានអះអាងថា នៅវេលានោះ មានមនុស្សម្នា ដែលជាអតិថិជន នៃមជ្ឈមណ្ឌល​ពាណិជ្ជកម្ម រវាងពី១០០០នាក់ ទៅដល់៣០០០នាក់។

សាក្សីម្នាក់ត្រូវបានស្រង់សំដី ដោយសារព័ត៌មាន «El Paso Times» មកផ្សាយថា ជន​សង្ស័យ​បានបាញ់តម្រង់មករកខ្លួន តែខ្លួនបានគេចផុត និងបានលាក់ខ្លួន ជាមួយ​ម្ដាយ នៅត្រង់ច្រកចូល ទៅក្នុងហាងទំនិញ។ សាក្សីអះអាងទៀងថា អាវុធដែល​ជនសង្ស័យ​កាន់ គឺជាប្រភេទ «AK-47»។

កងកម្លាំងនគរបាល បានធ្វើអន្តរាគមន៍ នៅវេលាម៉ោង១០ និង៤៥នាទី ពោលគឺ​៦នាទី​ក្រោយទទួលបាន​សញ្ញាអាសន្ន។ ជនសង្ស័យបានប្រគល់ខ្លួន ឲ្យអាជ្ញាធរចាប់ខ្លួន នៅ​ពេល​បន្ទាប់មក។

បន្ទាប់ពីការស្រាវជ្រាវ និងអង្កេតក្នុងជំហានដំបូងរួច អាជ្ញាធរបានសន្និដ្ឋានថា ការបាញ់​ប្រហារ ត្រូវបានប្រព្រឹត្តិឡើង ដោយជនសង្ស័យ តែម្នាក់ឯងប៉ុណ្ណោះ។

ចុះតុល្យភាព?

មកដល់ពេលនេះ តុល្យភាពជាបណ្ដោះអាសន្ន បានបញ្ជាក់ថា ជនសង្ស័យបានបាញ់​មនុស្ស ស្លាប់២០នាក់ និងរបួស ២៦នាក់ផ្សេងទៀត។ ពីក្នុងចំណោមអ្នករបួស មានមួយ​ចំនួន ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

ប្រធានាធិបតីម៉ិចសិក លោក «Andrés Manuel López Obrador» បានអះអាងថា ពលរដ្ឋម៉ិចសិកបីនាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ និង៦នាក់ទៀត ស្ថិតក្នុងចំណោម​អ្នករងរបួស។

ប៉ុន្តែបើតាមទូរទស្សន៍ «CNN» បានពន្យល់ឲ្យដឹងថា តុល្យភាពអាចធ្ងន់ធ្ងរជាងនេះ ដោយ​ហេតុថា ជនរងគ្រោះមួយភាគទៀត ដែលជាជនបរទេសគ្មានក្រដាសស្នាម មិនបានទៅធ្វើការព្យាបាលខ្លួន នៅឯមន្ទីរពេទ្យទេ ដោយខ្លាចមានការចាប់បញ្ជូនខ្លួន ចេញពី​សហរដ្ឋអាមេរិក។

ជនសង្ស័យជានរណា?

អាជ្ញាធរមិនទាន់ទម្លាយឲ្យដឹង ពីអត្តសញ្ញាណពិត របស់ជនសង្ស័យម្នាក់នេះ នៅឡើយ។ តែបណ្ដាញផ្សព្វផ្សាយអាមេរិក បានអះអាងថា ជននេះអាយុ២១ឆ្នាំ ជាអ្នករស់នៅ​ក្នុង​ក្រុង «Allen» ជាយក្រុង «Dallas (រដ្ឋធានី នៃរដ្ឋតិចសាស់)» ដែលមានចំងាយ ជាង​១០០០គីឡូម៉ែត្រ ពីក្រុង «El Paso»។

ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានស្រង់ប្រភពពីមន្ត្រីនគរបាល មកបញ្ជាក់ថា ជននេះ​មាន​ឈ្មោះ «Patrick Crusius»។

នៅលើគណនីទ្វីសធើរមួយ ដែលមានឈ្មោះជនខាងលើ គេឃើញមានបង្ហោះសារគាំទ្រ ទៅដល់​លោក ដូណាល់ ត្រាំ (Donald Trump) ជាពិសេសការស្វាគមន៍ ចំពោះការគោរព​កិច្ចសន្យា របស់លោក ក្នុងការសាងសង់ជញ្ជាំង ខណ្ឌរវាងសហរដ្ឋអាមេរិក និងប្រទេស​ម៉ិចសិក។ ប៉ុន្តែគណនីនោះ ដែលមិនមានសកម្មភាពអ្វីថ្មី តាំងពី២ឆ្នាំមកនោះ ទើប​ត្រូវបាន​ក្រុមហ៊ុនទ្វីសធើរបិទ កាលពីយប់ថ្ងៃសៅរ៍។

El Paso Walmart shooter Patrick Crusius posted twisted anti-Mexican manifesto online

'This attack is a response to the Hispanic invasion of Texas'Read more: https://dailym.ai/2MDE11Z

Gepostet von Daily Mail am Sonntag, 4. August 2019

គោលបំណង នៃការ«បាញ់ប្រហារ​នៅតិចសាស់»

នាយនគរបាលក្រុង «El Paso» បានលើកឡើង ពីលទ្ធភាព​នៃ«ឧក្រិដ្ឋកម្មមួយ ដែល​កើតចេញ ពីភាពស្អប់ខ្ពើម»។ ភាពស្អប់ខ្ពើម ដែលជាពាក្យត្រូវបានប្រើ នៅសហរដ្ឋ​អាមេរិក ជំនួសឲ្យទង្វើប្រកាន់ពូជសាសន៍ និងភាពរើសអើង។ 

ក្នុងខណៈនេះ អាជ្ញាធរកំពុងពិនិត្យស្រាវជ្រាវ ទៅលើឯកសារមួយ ដែលត្រូវបានបង្ហោះ នៅលើ​គេហទំព័រ «8Chan» ល្បីខាងផ្ទុកព័ត៌មានទាំងឡាយ ទាក់នឹងទ្រឹស្ដីប្រកាន់​ពូជសាសន៍ និងការរើសអើង។ អាជ្ញាធរត្រូវការចង់ដឹងថា តើឯកសារនោះ ពិតជារបស់​ជនសង្ស័យ ឬយ៉ាងណា?

បើតាមទូរទស្សន៍ «CNN» បានឲ្យដឹងថា ឯកសារនោះ មាន៤ទំព័រ ហើយត្រូវបានបង្ហោះ នៅលើ​គេហទំព័រខាងលើ ២០នាទី មុនហេតុការណ៍កើតឡើង។ ឯកសារនោះ មានសរសេរ​អមមកជាមួយ នូវឃ្លា «ខ្ញុំទំនងជានឹងស្លាប់ ក្នុងថ្ងៃនេះ» និងមានសរសេរគាំទ្រ ការបាញ់​ប្រហារ នៅក្នុងប្រទេសញូហ្សេឡែន កាលពីពាក់កណ្ដាលខែមិនា ដែលបណ្ដាលឲ្យមនុស្ស ជាង៥០នាក់​ស្លាប់។

សារព័ត៌មាន «New York Times» បានដកស្រង់សំណេរ ពីក្នុងឯកសារនោះ មកបញ្ជាក់​ថា ការវាយប្រហារខាងលើ ជា«ចម្លើយមួយ ទៅនឹងការឈ្លានពាន នៃបណ្ដាជន​និយាយ​ភាសាអេស្ប៉ាញ ក្នុងរដ្ឋតិចសាស់» ដោយបញ្ជាក់ថា ម្ចាស់ឯកសារនេះ មានការស្អប់ខ្ពើម​ជាពន់ពេក ចំពោះជនអន្តោរប្រវេសន៍ និងមានការបារម្ភថា រដ្ឋតិចសាស់ នឹងធ្លាក់​ទៅក្រោម​ឥទ្ធិពល របស់គណបក្សប្រជាធិបតេយ្យ ក្នុងពេលណាមួយ។

ស្ថានភាពភូមិសាស្ត្រ

ក្រុង «El Paso» ស្ថិតនៅជាប់ព្រំដែន អាមេរិក-ម៉ិចសិក ហើយក៏ជាទីក្រុងមួយ នៃតំបន់​ត្រីកោណ រវាងក្រុង «Las Cruces» របស់រដ្ឋ «New Mexico» នៃសហរដ្ឋអាមេរិក និង​ក្រុង «Ciudad Juarez» នៃប្រទេសម៉ិចសិកដែរ។

ទីក្រុងនេះ មានបណ្ដាជនរស់នៅ ប្រមាណជា២,៥លាននាក់ ដែលសម្បូរដោយបណ្ដាជន មាន​សញ្ជាតិពីរ និងនិយាយភាសារពីរ (អង់គ្លេស និងអេស្ប៉ាញ)។ ប៉ុន្តែដូចបានជម្រាប​ជូន ពីខាងលើរួច ទីក្រុងនេះ មានចំងាយជាង១០០០គីឡូម៉ែត្រ ពីលំនៅដ្ឋានរបស់​ជន​សង្ស័យ ហើយដើម្បីមកដល់ទីនេះ ជនសង្ស័យត្រូវធ្វើដំណើរ បើតាមរថយន្ដ មិនតិច​ជាង៩ម៉ោង​ទេ៕



លំអិតបន្ថែមទៀត

ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ចិន អបអរជ័យជំនះ​របស់ បៃដិន

សម្រេចសម្រួលទៅ ប្រទេស«ចិន»ប្រជាមានិត បានសំដែងការអបអរ ចំពោះជ័យជំនះ​របស់លោក ចូ បៃដិន (Joe Biden) នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះ បើតាមការប្រកាសឡើង របស់លោក ...
ដំណឹង

បីនាក់ស្លាប់ ក្នុងការផ្ទុះអាវុធមួយ នាមណ្ឌលបោះប៊ូលីង ក្បែរក្រុង ឡូសអេនជឺឡេស

ជាថ្មីម្ដងទៀត ការបាញ់ប្រហារគ្នាមួយ បានផ្ទុះឡើង នៅក្នុងមណ្ឌលកំសាន្ដបោះប៊ូលីង ឈ្មោះ «Gable House Bowl» ស្ថិតក្នុងក្រុង «Torrance» នៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីក្រុងឡូសអេនជឺឡេស ...
កម្រមាន

ម៉ិចសិក៖ ក្រុមជនប្រដាប់អាវុធ ប្រហារជីវិតមួយគ្រួសារ សូម្បីកូន​ក្មេង

សូម្បីកូន​ក្មេង ក៏មិនទុកជីវិត ឲ្យរស់ដែរ! ជាឧក្រិដ្ឋកម្ម ដ៏សាហាវមួយ ដែលបានប្រហារ​ជីវិត ក្រុមគ្រួសារមួយ ដែលមានសមាជិក៦នាក់ ក្នុងក្រុង «Celaya» នៃរដ្ឋ «Guanajuato» ភាគកណ្ដាល​នៃប្រទេសម៉ិចសិក។ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.