ដំណឹងអាស៊ី-ប៉ាស៊ីភិក

បាញ់ប្រហារ នៅញ៉ូហ្សេឡេន៖ ខ្មាន់កាំភ្លើង​បង្ហោះ​វីដេអូផ្ទាល់​ហេតុការណ៍

រូបភាពវីដេអូ «ដ៏រន្ធត់ និងយ៉ាងសហាវព្រៃផ្សៃ» កំពុងមានវត្តមាន នៅលើបណ្ដាញអ៊ិនធើណែតអំពីការ«បាញ់ប្រហារ» ក្នុងព្រះវិហារឥស្លាមចំនួនពីរកន្លែង នៅក្រុង «Christchurch» នៃប្រទេសញូហ្សេឡេន ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ យ៉ាងតិច៤០នាក់ នៅថ្ងៃសុក្រនេះ។

គឺខ្មាន់កាំភ្លើងខ្លួនឯង ជាអ្នកបង្ហោះវីដេអូនោះ ដោយផ្សាយផ្ទាល់លើបណ្ដាញសង្គម នៅពេលខ្លួនកំពុងធ្វើសកម្មភាព។

នៅក្នុងរូបភាព គេឃើញបុរសម្នាក់នេះ ក្នុងសម្លៀកបំពាក់ជាយុទ្ធជនចេញប្រយុទ្ធ កំពុងបើករថយន្ដតូចមួយគ្រឿង ឆ្ពោះទៅកាន់ព្រះវិហារឥស្លាមមួយ ពីក្នុងចំណោមព្រះវិហារពីរកន្លែង ដែលជននេះយកធ្វើជាទិសដៅ នៃការវាយប្រហាររបស់ខ្លួន។

ដោយអមដោយចម្រៀងប្រជាប្រិយ ចេញពីអ៊ឺរ៉ុបខាងកើតនោះផង ខ្មាន់កាំភ្លើងបានចតរថយន្ដ នៅលើដងផ្លូវតូចមួយ ជាប់នឹងព្រះវិហារ និងចុះទៅបើកទ្វារថយន្ដខាងក្រោយ ដើម្បីយកកាំភ្លើងរបស់ខ្លួន មុននឹងដើរចូលទៅក្នុងព្រះវិហារ។

ចាប់ពីមាត់ទ្វាព្រះវិហារមក ខ្មាន់កាំភ្លើងបានបើកការបាញ់រះ ហាក់ដូចជានៅក្នុងល្បែងវីដេអូ (Video Game) ទៅលើនរណាក៏ដោយ ដែលជននេះប្រទះ។

ឯកសារវីដេអូត្រូវបានចែករំលែកបន្តៗគ្នា នៅលើបណ្ដាញសង្គម ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ទទួលបានវីដេអូនេះមួយច្បាប់ដែរ។ តែទិដ្ឋភាពដ៏អាក្រក់ហួស និងដ៏អមនុស្សធម៌ នៃហេតុការណ៍ តម្រូវឲ្យទស្សនាវដ្ដី មិនធ្វើការផ្សព្វផ្សាយរូបភាព ទាំងនោះទេ។

ធ្វើសកម្មភាពលើកទីមួយរួច ខ្មាន់កាំភ្លើងបានចេញមកខាងក្រៅ នៅនឹងទីចំណតរថយន្ដ និងបានបាញ់ប្រហារជាច្រើនគ្រាប់។ ដោយទំនងជាមិនទាន់គ្រប់គ្រាន់ បុរសប្រដាប់ដោយអាវុធ បានត្រឡប់ចូលទៅខាងក្នុងវិញ ហើយបន្តបាញ់រះ ទៅលើរូបរាងកាយស្ដូកស្ដឹងជាច្រើននៅទីនោះ។

ការ«បាញ់ប្រហារ»បែបភេរវកម្ម…

អាជ្ញាធរនៃប្រទេសញូហ្សេឡេន បានកំណត់អត្តសញ្ញាណរបស់ជននោះ ថាជាជនជាតិអូស្ត្រាលី អាយុ២៨ឆ្នាំ។ នាយករដ្ឋមន្ត្រីញូហ្សេឡេន អ្នកស្រី «Jacinda Ardern» បានហៅខ្មាន់កាំភ្លើង ថាជា«ភេរវជនស្ដាំនិយមជ្រុល និងហិង្សានិយម»។

បន្ទាប់ពីធ្វើសកម្មភាព នៅខាងក្នុងព្រះវិហារទីមួយរួច ខ្មាន់កាំភ្លើងបានដើរចេញមកខាងក្រៅវិញ និងបានបាញ់សំដៅមនុស្សម្នាក់ ដែលអើតខ្លួន ចេញមកតាមរបងព្រះវិហារ។ បុរសប្រដាប់ដោយអាវុធ បានតាមទៅបាញ់បង្ហើយ លើជនរងគ្រោះម្នាក់នេះ ដែលកំពុងដួលដេកទៅលើដី ដោយស្រែកឡើងថា «ជួយខ្ញុំផងៗ» មុននឹងបើករថយន្ដរបស់ខ្លួន កិនពីលើបន្ថែមទៀត។

នៅតាមដងផ្លូវ ខ្មាន់កាំភ្លើងបានបន្តផ្ទុះអាវុធបន្ថែម ជាច្រើនគ្រាប់ តែគេនៅមិនទាន់ដឹងថា តើជននេះបាញ់តម្រង់លើអ្វីទេ។ គេបានឮសូរជននេះ ថ្លែងឡើងទៅកាន់ទស្សនិកជន ដែលទស្សនាវីដេអូ​របស់ខ្លួន ពី«ជោគជ័យ»នៃយុទ្ធនាការខាងលើ។

នៅមុននេះ អាជ្ញាធរញូហ្សេឡេនបានអំពាវនាវ ឲ្យបណ្ដាជនទាំងឡាយ កុំទស្សនាវីដេអូដ៏រន្ធត់មួយនេះ ហើយកុំធ្វើការចែករំលែក និងបានទាមទារ ទៅម្ចាស់វីដេអូទាំងឡាយ ដែលបានយកទៅ​ផ្សាយបន្ត ឲ្យលប់វីដេអូនេះចេញវិញ។

បណ្ដាញសង្គម និងបណ្ដាញចែករំលែកវីដេអូ នៅលើអ៊ិនធើណែត ក៏កំពុងធ្វើយុទ្ធនាការ ដើម្បីដកវីដេអូខាងលើ ចេញពីប្រព័ន្ធរបស់ផងខ្លួនវិញដែរ៕



You may also like

ដំណឹង

ភេរវកម្មនៅស្រីលង្កា ជា«ការ​សងសឹក»នឹងការបាញ់ប្រហារនៅ​ញ៉ូហ្សេឡេន

រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក «Ruwan Wijewardene» បានថ្លែងក្នុងរដ្ឋសភា នៅថ្ងៃអង្គារនេះថា ការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ច្រើនកន្លែង កាលពីថ្ងៃអាទិត្យ ទំនងជា«ការ​សងសឹក» ចំពោះការបាញ់ប្រហារ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...