បរាជ័យរបស់លោក
ប៉ុន្តែនៅក្នុងរយៈពេល នៃការដឹកនាំរបស់លោក នៅក្នុងផ្នែកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិបានទទួលបរាជ័យពីរដង នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៖ គឺអំពើប្រល័យពូជសាសន៍ ក្នុងប្រទេសរវាន់ដា និងក្នុងប្រទេសបូស្នៀ។
នៅឆ្នាំ១៩៩៤ កងកម្លាំងមួកខៀវ បានដកខ្លួនថយ ពីប្រទេសរវាន់ដា ខណៈពេលដែលប្រទេសនេះ កំពុងធ្លាក់ខ្លួននៅក្នុងភាពវឹកវរ និងអំពើរហិង្សា រវាងក្រុមជនជាតិ។ នៅឆ្នាំ១៩៩៥ កងកម្លាំងមួកខៀវ មិនអាចទប់ស្កាត់ មិនឲ្យកើតមាននូវការកាប់សម្លាប់ ទៅលើក្រុមសាសនិកឥស្លាមរាប់ពាន់នាក់ នៅក្នុងក្រុង «Srebrenica» នៃប្រទេសបូស្នៀ។
បរាជ័យទាំងពីរលើកនេះ ត្រូវបានលោក កូហ្វី អាណាន់ សរសេរនៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួន ដែលលោកសរសេរដោយខ្លួនឯងថា វាបានធ្វើឲ្យលោក ត្រូវប្រឈមមុខទៅនឹងអ្វី ដែលបានក្លាយជាវិញ្ញាសារដ៏សំខាន់បំផុត ក្នុងនាមលោក ជាអគ្គលេខាធិការ៖ នោះគឺត្រូវធ្វើឱ្យមនុស្ស យល់ពីភាពស្របច្បាប់ និងតម្រូវការអន្តរាគមន៍ដ៏ចំបាច់ នៅក្នុងករណីរំលោភសិទ្ធិមនុស្សជាក់ស្តែង។
តារាការទូត
លោក អាណាន់ ចេះសម្របខ្លួន បានយ៉ាងឆាប់រហ័ស នៅក្នុងតួនាទីថ្មី នៃមេដឹកនាំការទូត របស់ពិភពលោក។ លោកបានបង្ហាញខ្លួន ជាញឹកញាប់ តាមកញ្ចក់ទូរទស្សន៍ និងបានចូលរួម នៅក្នុងការទទួលទានអាហារពេលល្ងាច ដែលរៀបចំជាលក្ខណៈផ្លូវការជាច្រើន នៅក្រុងញូយក (សហរដ្ឋអាមេរិក)។ ដោយហេតុនេះហើយ ទើបរូបលោក ត្រូវបានចាត់ទុក ថាជា«តារាការទូត»មួយរូប ដែលពិភពលោក មិនអាចខ្វះបាន ហើយប្រជាប្រិយភាពរបស់លោក ក៏ហក់ឡើងខ្លាំងជាងមេដឹកនាំកំពូលទាំងឡាយ របស់អង្គការសហប្រជាជាតិដែរ។
គេត្រូវរំលឹកឡើងវិញដែរ ថាលោក កូហ្វី អាណាន់ បានឡើងជាអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ គឺដោយសារសហរដ្ឋអាមេរិក បានប្រើសិទ្ធិ «VETO» របស់ខ្លួនជំទាស់ ការបន្តតំណែងក្នុងអាណត្តិទីពីរ នៃលោក ប៊ូស្ត្រូស ប៊ូស្ត្រូស-ហ្គាលី (Boutros Boutros-Ghali) អគ្គលេខាធិការជំនាន់ទី៦ (មុនលោក កូហ្វី អាណាន់)។
ប៉ុន្តែលោក អាណាន់ មិនដែលខកខាន ក្នុងការបង្ហាញពីឯករាជ្យភាពរបស់ខ្លួន នៅចំពោះឥទ្ធិពល នៃមហាអំណាចណាមួយឡើយ ដូចយ៉ាងលោកបានថ្លែង ដោយត្រង់ៗ ពី«ភាពមិនស្របច្បាប់» នៃការឈ្លានពានរបស់កងទ័ពអាមេរិក វ៉ៃចូលប្រទេសអៀរ៉ាក់ ក្នុងឆ្នាំ២០០៣ ក្រោមហេតុផលថា ប្រតិបត្តិការសឹកមួយនេះ មិនទទួលបានការអនុម័តជាមុន ដោយក្រុមប្រឹក្សាសន្តិសុខ។
ខ្លីៗ ពីជីវប្រវត្តិរបស់លោក
លោក អាណាន់ ចាប់កំណើតនៅឆ្នាំ ១៩៣៨ ក្នុងក្រុង «Kumasi» នៃប្រទេសហ្គាណា ចេញពីត្រកូលអ្នកមានទ្រព្យសម្បត្តិមធ្យមមួយ។ លោកបានសិក្សា នៅសាកលវិទ្យាល័យ «Kumasi» បន្ទាប់មកនៅសាកលវិទ្យាល័យ «Macalester» ក្នុងសហរដ្ឋអាមេរិក មុននឹងចូលសិក្សា ក្នុងវិទ្យាស្ថានជាន់ខ្ពស់ នៃទំនាក់ទំនងអន្តរជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅឆ្នាំ១៩៦៥ លោកបានរៀបការ ជាមួយភរិយាទីមួយរបស់លោក និងមានកូនពីរនាក់។ ប៉ុន្តែលោកបានលែងលះគ្នាវិញ នៅឆ្នាំ១៩៧០។ រហូតមកដល់ឆ្នាំ ១៩៨៤ ទើបលោកបានរៀបការសារជាថ្មី ជាមួយស្ត្រីអ្នកច្បាប់ ជាតិស៊ុយអែដមួយរូប និងមានកូនស្រីម្នាក់។
នៅខែកុម្ភៈ ឆ្នាំ២០១២ លោកត្រូវបានជ្រើសតាំង ដោយអង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ ដើម្បីដឹកនាំការសម្រុះសម្រួលមួយ នៅក្នុងសង្គ្រាមនៅស៊ីរី។ ប៉ុន្តែនៅ៥ខែក្រោយមក លោកបានបោះបង់ចោលតួនាទីនេះវិញ ដោយចោទបណ្ដាប្រទេសមហាអំណាច ថាតាមរយៈជម្លោះរបស់ពួកគេ បានធ្វើឲ្យការសម្រុះសម្រួលរបស់លោក ក្លាយជា «បេសកកម្ម ដែលមិនអាចធ្វើបាន (Impossible Mission)»៕