ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កកទ្រព្យ និងហាមឃាត់ មិនឲ្យជាន់ដីអាមេរិកនោះ ដូចជាបានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ពិតជាជនដៃដល់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខអាគាររដ្ឋសភាចាស់ ខែមីនា ឆ្នាំ១៩៩៧ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់។
រឿងដែលរសើប មិនស្ថិតនៅត្រឹមតែទណ្ឌកម្ម ដាក់ប្រឆាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
តែគេត្រូវសម្លឹងមើល ពីមូលហេតុដ៏សំខាន់មួយ ដែលឈានទៅដាក់មេបញ្ជាការយោធាខ្មែរ ចូលក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក៖ នោះគឺលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិករកឃើញថា គឺជាជនដៃដល់ នៃការគប់គ្រាប់បែក ប្រឆាំងក្រុមបាតុករអហិង្សា នៅខាងមុខវិមានរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ (ក្នុងនោះមានពលរដ្ឋអាមេរិកាំងម្នាក់)។
«អំពើភេរវកម្មថ្នាក់រដ្ឋ»
ទង្វើនេះ ធ្លាប់ត្រូវបានលោក សម រង្ស៊ី ជនរងគ្រោះម្នាក់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនោះ ចាត់ទុកជា«អំពើភេរវកម្មថ្នាក់រដ្ឋ» ហើយមេក្លោងអ្នកបញ្ជាពីក្រោយ មិនមាននរណាផ្សេង ក្រៅពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរាប់ទសវត្សន៍ នៅកម្ពុជានោះឡើយ។
ការចោទប្រកាន់ របស់មេដឹកនាំប្រឆាំង ដែលកាលពីមុន បានរងការវាយបកវិញ ថាជាការចោទប្រកាន់ខ្យល់នោះ បាននិងកំពុងបង្ហាញ ពី«ពន្លឺ» ចេញបន្តិចម្ដងៗ។ នេះ បើគេវិលត្រឡប់ ទៅតាមដានសាច់រឿងឡើងវិញ ជាមួយនឹងការអះអាង របស់សាក្សីជាច្រើននាក់ រួមនឹងសំដីរបស់លោក ហ៊ីង ប៊ុនហៀង ខ្លួនឯងផង ដែលបានឆ្លើយដោះខ្លួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថាលោកធ្វើតាមតែបញ្ជា របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹង នៅលើបណ្ដាញសង្គមទ្វីសធើរ កាលពីមុននេះបន្តិចថា៖
«វាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋបាលអាមេរិក បានផ្តល់យុត្តិធម៌ ដល់ដាក់ទណ្ឌកម្ម នៅសប្តាហ៍នេះ ទៅលើឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាមួយនឹងការចង្អុលបង្ហាញ ពីការជាប់ពាក់ព័ន្ធរបស់គាត់ នៅក្នុងការវាយប្រហារ គ្រាប់បែកសម្លាប់មនុស្ស ក្នុងឆ្នាំ១៩៩៧ នៅរាជធានីភ្នំពេញ រួមជាមួយអំពើហិង្សា ជាបន្តបន្ទាប់។»
មេដឹកនាំប្រឆាំង បានបន្តថា៖
«ការទទួលស្គាល់ជាផ្លូវការ នូវការទទួលខុសត្រូវ របស់លោក ហ៊ីង ប៊ុនហៀង នៅក្នុងឧក្រិដ្ឋកម្មដ៏សាហាវនេះ ទំនងជាមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ ដោយចាប់ផ្តើម ពីការបញ្ជាក់ នូវតួនាទីដ៏ច្បាស់លាស់ របស់លោក ហ៊ុន សែន ដែលជាមនុស្សតែម្នាក់គត់ ក្នុងការបញ្ជា។»
«នៅពេលការដាក់ទណ្ឌកម្ម ត្រូវបានប្រកាស ដាក់ទៅលើរូបគាត់រួច លោក ប៊ុនហៀង បានព្យាយាមកាត់បន្ថយ ការទទួលខុសត្រូវ របស់គាត់ថា “ខ្ញុំមិនដែលធ្វើអ្វី តាមចិត្តខ្ញុំទេ ខ្ញុំគ្រាន់តែធ្វើតាមការបញ្ជាប៉ុណ្ណោះ”។ គាត់ចាប់ផ្តើមចង្អុល ទៅលោក ហ៊ុន សែន។»។
ការបញ្ជាក់របស់អនុរដ្ឋលេខាធិការអាមេរិក…
ការដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ីង ប៊ុនហៀង ត្រូវបានប្រកាសឲ្យដឹង ដោយសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងរតនាគារជាតិអាមេរិក ដែលចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
សេចក្ដីប្រកាសនោះ បានសង្កត់ធ្ងន់ថា មេបញ្ជាការផ្កាយ៤រូបនេះ រួមនឹងកងអង្គរក្សរបស់លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការបង្រ្កាប លើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែក លើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្ស ជាច្រើននាក់ រួមទាំងរបួសពលរដ្ឋអាមេរិកមួយរូប។
សេចក្ដីប្រកាសព័ត៌មានដដែល ថែមទាំងស្រង់សំដីរបស់អ្នកស្រី «Sigal Mandelker» អនុរដ្ឋលេខាធិការ នៃក្រសួងរតនាគារជាតិអាមេរិក មកបញ្ជាក់ថែមទៀត ជុំវិញករណីនេះផង។ សូមចូលទៅអាន សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារជាតិអាមេរិក នៅត្រង់នេះ។
» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យមុនគេ
ការបង្ករបួសស្នាម ទៅលើពលរដ្ឋអាមេរិក នៅពេលនោះ បានតម្រូវឲ្យអាជ្ញាធរអាមេរិក ចាំបាច់ត្រូវបញ្ជូនភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា «FBI» មកកាន់កម្ពុជា។ ក្រុមភ្នាក់ងារទាំងនោះ មិនបានស្នាក់នៅ ក្នុងប្រទេសកម្ពុជាយូរថ្ងៃទេ ដោយស្ថានទូតអាមេរិក បានប្រាប់ពួកគេ ឲ្យចាកចេញពីកម្ពុជា ជាបន្ទាន់វិញ ក្រោមហេតុផលសុវត្ថិភាព។ ប៉ុន្តែមិនបានស្នាក់នៅកម្ពុជាយូរថ្ងៃ មិនមានសេចក្ដីថា ការស៊ើបអង្កេត មិនអាចធ្វើបាននោះឡើយ។
«ហ៊ីង ប៊ុនហៀង ៖ ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ»
របាយការណ៍ «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ – ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន» របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» ដែលចេញផ្សាយ នៅចុងឆ្នាំ២០១២ ធ្លាប់បានអះអាងថា អង្គការសហប្រជាជាតិ និងការិយាល័យ «FBI» នៃសហរដ្ឋអាមេរិក បានចោទអំពីការជាប់ពាក់ព័ន្ធ របស់អង្គភាពកងអង្គរក្ស របស់លោក ហ៊ុន សែន ក្នុងការវាយប្រហារនេះ និងបានរកឃើញថា លោក ប៊ុនហៀង ជាអ្នកដឹកនាំប្រតិបត្តិការនេះ។
ប៉ុន្តែ អង្គការសហប្រជាជាតិ និងការិយាល័យ «FBI» មិនបានអះអាងជាផ្លូវការ ពីការចោទប្រកាន់នេះទេ។
គួរកត់សម្គាល់ថា ចំណងជើងរបស់របាយការណ៍ ដែលមានសេចក្ដីថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ» នេះ គឺជាការដកស្រង់សំដី របស់លោក ហ៊ីង ប៊ុនហៀង ផ្ទាល់ ដែលបានឆ្លើយតប ទៅនឹងសំណួរមួយ របស់អ្នកកាសែត ដែលសួរជុំវិញការចោទប្រកាន់លោក នៅក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែកនោះឯង។
» អត្ថបទដែលទាក់ទង៖ មនុស្សជាង៣០០នាក់ ត្រូវបានសម្លាប់ ក្នុង២០ឆ្នាំ និងនិទណ្ឌភាព
បន្ថែមពីលើនេះ សាក្សីរស់ដ៏សំខាន់មួយរូប ដែលបានស្ថិតនៅក្នុងហេតុការណ៍នោះ និងដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ រហូតមកដល់ថ្ងៃនេះ បានអះអាងច្បាស់ៗ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីបារាំងថា អង្គរក្សលោក ហ៊ុន សែន គឺជាជនដៃដល់ ហើយពួកគេថែមទាំងរត់ ទៅលាក់ខ្លួន នៅក្នុងគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ឯវិមានឯករាជ្យនោះទៀតផង។ សាក្សីរស់នោះ គឺលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។
«ខ្ញុំស្ដាប់តាមបញ្ជា របស់លោក ហ៊ុន សែន»
លោក ហេង ពៅ បានថ្លែងប្រាប់ ក្នុងកិច្ចសម្ភាសនោះថា លោកបានទៅដល់ មុខវិមានរដ្ឋសភាចាស់ នៅប៉ុន្មាននាទីមុនគ្រាប់បែកផ្ទុះបន្តិច ហើយលោកបានឃើញ មនុស្សបួននាក់ បានរត់តម្រង់គេហដ្ឋាន របស់នាយករដ្ឋមន្ត្រី។ លោកបានថ្លែងឡើងថា៖
«ខ្ញុំបានតាមដានពួកគេ ហើយខ្ញុំបានស្គាល់ថា ពីរនាក់ពីក្នុងចំណោមនោះ ជាអង្គរក្សរបស់លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបាននិយាយ ពីការមើលឃើញរបស់ខ្ញុំ ប្រាប់ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលជាមេបញ្ជាការកងកម្លាំងនេះ។ លោកបានប្រាប់ខ្ញុំ ឲ្យនៅស្ងៀម និងកុំនិយាយប្រាប់នរណាទាំងអស់។ តែខ្ញុំបានផ្ទុះកំហឹងឡើង និងបន្ទាប់មក បាននិយាយរឿងនេះជាបន្ត ប្រាប់ទៅលោក ហុក ឡងឌី (Editor’s Note: ហុង ឡងឌី ជាអតីតអគ្គស្នងការនគរបាលជាតិ)។»
«លោក ហុក ឡងឌី ក៏មានប្រតិកម្មដូចលោក ហ៊ុយ ពិសិដ្ឋ ដែរ។ នៅឆ្នាំ២០០៣ ជនម្នាក់ពីក្នុងចំណោមមនុស្ស ដែលខ្ញុំបានកំណត់អត្តសញ្ញាណ នៅនឹងកន្លែងនោះ បានសារភាពប្រាប់ខ្ញុំថា ខ្លួនគេពិតជាអ្នកបោកគ្រាប់បែក។ ជននោះ បាននិយាយប្រាប់ខ្ញុំថា “ខ្ញុំស្ដាប់តាមបញ្ជា របស់លោក ហ៊ុន សែន”។ ខ្ញុំមានខ្សែអាត់សម្លេង ពីការសារភាពរបស់ជននេះ។»
» អត្ថបទដែលទាក់ទង៖ សម្ភាសសាក្សីដ៏សំខាន់ ដែលតាមលង ហ៊ុន សែន
សាក្សីមួយរូបទៀត ដែលជាជនជាតិន័រវេស ធ្លាប់រស់នៅក្នុងប្រទេសកម្ពុជា ក៏បានអះអាងដែរថា យោធាគឺជាអ្នករៀបចំ ឲ្យមានហេតុការណ៍នេះឡើង។ សាក្សីរូបនោះ ដែលដាក់ឈ្មោះ «Faraya Mishakit» នៅលើបណ្ដាញសង្គមទ្វីសធើរ បានរៀបរាប់ថា នៅពេលកើតហេតុ លោកកំពុងស្ថិតក្នុងអាគារស្នាក់នៅមួយ ក្បែរវិមានរដ្ឋសភាចាស់។
«Faraya Mishakit» បានអះអាងថា៖
«ខ្ញុំបានឃើញទាហានរដ្ឋាភិបាល បានមកឈរជើង នៅខាងលើដំបូលផ្ទះ ដែលស្ថិតនៅទល់មុខផ្ទះខ្ញុំ។ ខ្ញុំចោទសួរខ្លួនឯងថា ហេតុអ្វីបានជាទាហានរដ្ឋាភិបាល ស្ថិតនៅទីនោះ នៅពេលផ្ទុះហេតុការណ៍នេះឡើង? [ព្រោះ] ការវាយប្រហារនេះ រៀបចំឡើង ដោយកងទ័ព។»៕
— Faraya (@FarayaMishakit) 15 juin 2018
This is correct. I was there. I looked out of my bathroom window only seconds after the first granade exploded. I saw gov’t soldier stationed on the rooftop across from me. I wondered why a government soldier was there at that moment. The attack was orchestrated by the military.