លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ឪពុករបស់លោក និងជាសកម្មជន ការពារធនធានធម្មជាតិខ្មែរដ៏ល្បីល្បាញ កាលពី៨ឆ្នាំមុន។

គម្រោងធ្វើបុណ្យរំឭកខួប៨ឆ្នាំ នៃមរណភាពរបស់លោក ឈុត វុទ្ធី ក្នុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខាន ដោយសារកងកម្លាំងអាជ្ញាធរ ស្រុករវៀង ខេត្តបន្ទាយមានជ័យ រារាំងក្រុមសកម្មជន​ការពារព្រៃឈើ និងជាអ្នកគោរពស្រឡាញ់លោក ឈុត វុទ្ធី មិនឲ្យចូលទៅក្នុងព្រៃឡង់ ដើម្បីធ្វើបុណ្យ​ខាងលើ​នេះ​បានទេ ។

ប្រភពនៅផ្ទាល់កន្លែង បានឲ្យដឹងថា ក្រុមអាជ្ញាធរបានប្រើហេតុផលថា ការហាមឃាត់នេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ «Covid-19»។ ប៉ុន្តែការរារាំង បានបង្កឲ្យមានការជជែក និងបន្ថែមភាពក្ដៅក្រហាយ សម្រាប់ក្រុមអ្នកចូលរួម ជាពិសេសលោក ឆឺយ ឧត្ដមរស្មី នៅខណៈពួកគេគិតថា ឃាតកម្មលើលោក ឈុត វុទ្ធី មិនទាន់ទទួលបានយុត្តិធម៌ នៅឡើយនោះ។

លោក ឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្ត ទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន «Timber Green» នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

របាយការណ៍មួយ របស់គណកម្មាធិការចំរុះ ដែលបង្កើតឡើង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីប៉េអ៊ិមម្នាក់ ឈ្មោះ អ៊ិន រតនា មុននឹងមន្ត្រីប៉េអ៊ឹមរូបនេះ ត្រូវ​បាន​​បាញ់​​សម្លាប់​​«ដោយ​​រាកៃ» ដោយមន្ត្រីអ្នកការពារសន្ដិសុខម្នាក់ទៀត ឈ្មោះ រ៉ាន់ បូរត្ន័។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ តុលា​ការ​ខេត្ត​កោះ​កុង បាន​សម្រេច​ចោទ​ប្រកាន់ ​ទៅ​លើ​លោក រ៉ាន់ ប៊ូ​រ័ត្ន ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត ​ដោយ​អចេតនា និង​សម្រេច​មិន​ចាត់ការ ទៅលើឃាតកម្មនៃលោក ឈុត វុទ្ធី ឡើយ ដោយសំអាងថា ឃាតករសម្លាប់លោក ឈុត វុទ្ធី (គឺលោក អ៊ិន រតនា បើតាមអាជ្ញាធរ និងតុលាការ) បានស្លាប់ទៅហើយ។

ដូច្នេះដំណើររឿង និងមូលហេតុ ដែលឈានទៅដល់ ការបាញ់សម្លាប់សកម្មជនការពារបរិស្ថាន នៅស្ថិតជាអាថ៌កំបាំង និងនៅតែជាមន្ទិល សម្រាប់ក្រុមគ្រួសារលោក ឈុត វុទ្ធី។ លោក ឆឺយ ឧត្ដមរស្មី ដែលជាកូនប្រុស បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ថា៖

«ទាក់ទងនឹងរឿងយុត្តិធម៌ យើងមិនមានជំនឿចិត្ត ទៅលើរដ្ឋាភិបាលសព្វថ្ងៃនោះទេ ព្រោះមន្រ្តី នៅក្នុងជួររដ្ឋាភិបាល ជាប់ពាក់ព័ន្ធ នឹងរឿងឃាតកម្មនេះ។»

នៅពេលទស្សនាវដ្ដី សាកសួរស៊ីជម្រៅ អំពីភស្ដុតាងដែលអនុញ្ញាតឲ្យលោក ឆឺយ ឧត្ដមរស្មី ថ្លែងឡើងដូច្នេះ លោកបានឆ្លើយថា អ្នកដែល​ដឹងរឿងនេះ ជាមិត្តចាស់របស់ឪពុកលោក និងសព្វថ្ងៃ ជាមន្ត្រីនៅក្នុងជួររដ្ឋាភិបាលដែរ តែមិនអាចបញ្ចេញឈ្មោះ ជាសាធារណៈបានឡើយ។

អ្នកនាំពាក្យកងរាជអាវុធហត្ថ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាង កាលពីប៉ុន្មានថ្ងៃមុននេះថា សំនុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី បានចប់​សព្វគ្រប់​រួចរាល់ ហើយបើតាមច្បាប់កម្ពុជា ក្រុមគ្រួសារសព ក៏ទទួលបានយុត្តិធម៌រួចហើយដែរ។

ក្រុមហ៊ុន «Timber Green» ជានរណា?

នៅក្រោយឃាតកម្មប៉ុន្មានថ្ងៃ សារព័ត៌មាន «The Cambodia Daily» បានសរសេរចុះផ្សាយថា ហេតុការណ៍​បាន​ផ្តើមឡើង ​ដោយសារ​តែ​ការរារាំង​ មិន​ឲ្យ​អ្នកកាសែត និង​អ្នកការពារ​ព្រៃឈើ​ ថតរូប​គំនរ​ឈើ និង​វល្លិ​រមៀត ​ដែល​គេ​បានគរ​ទុក​ នៅ​ទីនោះ។ ការព្យាយាម​ថតរូប​ភាពនេះ បានធ្វើ​ឲ្យ​ក្រុម​ជនប្រដាប់អាវុធ​ ដែល​ឈរ​ការពារ​​ទីតាំង​នោះ​ខឹងសម្បា និង​ព្យាយាម ​ដកយក​ម៉ាស៊ីន​ថត​ ពី​ពួកគេ។

ទំនាស់​ បាន​ឈានដល់​ការជជែក​គ្នា​ យ៉ាង​តឹងសរសៃក និង​រហូតដល់ មានការប្រតាយប្រតប់គ្នា មុននឹងស្នូរផ្ទុះអាវុធច្រើនគ្រាប់ បានលាន់ឮឡើង។​ សារព័ត៌មាន មិនបានអះអាងថា នរណាជាអ្នកបាញ់ទេ។

នៅក្នុងភាពយន្ដឯកសារមួយ ដែលមានចំណងជើងថា «ខ្ញុំជា​ ឈុត វុទ្ធី» កញ្ញា អូឡេស៊ា ផ្លូកឃី (Olesia PLOKHII) អ្នកសារព័ត៌មានមួយរូប ក្នុងចំណោមអ្នកសារព័ត៌មាន ទាំងពីររូប របស់សារព័ត៌មានខាងលើ ដែលស្ថិត​ក្នុងហេតុការណ៍បាញ់ប្រហារនោះ ក៏បានត្រឡប់​​មក​រៀបរាប់​ ដោយ​ផ្ទាល់ឡើងវិញ ពីរឿងរ៉ាវនេះដែរ។

កញ្ញា ផ្លូកឃី បានបញ្ជាក់​នៅចុងបញ្ចប់ នៃ​ការ​រៀបរាប់​នោះ​ថា៖

«ខ្ញុំគិតថា ពួកគេបាន​សម្លាប់​ទាហាន​ម្នាក់ (លោក អ៊ិន រតនា) ដើម្បីលាក់ការពិត»។

ប៉ុន្តែរឿងរ៉ាវ ទំនងជាបានកើតឡើង តាំងពីច្រើនខែមកហើយ។ នេះ បើតាមការចុះផ្សាយ របស់សារព័ត៌មាន ភ្នំពេញ​ប៉ុស្ដ៍ ដែលបានអះអាងថា អ្នកសារព័ត៌មានរបស់ខ្លួនពីររូប រួមនឹងលោក ឈុត វុទ្ធី នៅអំឡុងខែធ្នូ ឆ្នាំ២០១១ ត្រូវបាន​ក្រុមជនប្រដាប់អាវុធមួយក្រុម ឃាត់ខ្លួនទុក បន្ទាប់ពីពួកគេ បានចុះទៅកាន់តំបន់​កណ្តាល​ភ្នំ​ក្រវាញ​ នៃ​តំបន់​ព្រៃ​ការពារ។

ភ្នំពេញប៉ុស្ដិ៍បានរៀបរាប់ថា ក្រុមជនប្រដាប់​អាវុធទាំងនោះ បាន​តម្រូវ​ឲ្យ​លោក ឈុត វុទ្ធី និយាយ​ទៅ​កាន់​មេ​បញ្ជាការ​ពួក​គេ ​តាម​ទូរស័ព្ទ ហើយ​បន្ទាប់​ពី​ការ​និយាយ​ឆ្លើយឆ្លង​គ្នា​ ដ៏ខ្លាំងៗ​នោះ​មក​ លោក ឈុត វុទ្ធី បាន​កំណត់​អត្តសញ្ញាណ ​របស់​«មេ​ម្នាក់»​នោះ​ថា​ ជា​ប្រធាន​សន្តិសុខ របស់​ក្រុមហ៊ុន «Timber Green»។

នៅក្នុងឯកសារចុះបញ្ជីរ នៅឯក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន «Timber Green» មានម្ចាស់ភាគហ៊ុនធំ ឈ្មោះអ្នកស្រី ខៀវ សស៊ីលាភ។ ប៉ុន្តែក្រុមហ៊ុននេះ នៅមានមន្ត្រីមានអំណាច ជាច្រើននាក់ទៀត នៅក្នុងជួររដ្ឋាភិបាល ជាអ្នក​ចូលរួមភាគហ៊ុន ជាមួយដែរ។

ភ្នំពេញប៉ុស្តិ៍ បានរាយការណ៍បន្តថា៖ «ក្រុមហ៊ុន “Timber Green” ​ទទួល​បាន​អាជ្ញាប័ណ្ណ ធ្វើ​ការ​ឈូស​ឆាយ ​លើ​ផ្ទៃ​ដី​ទំហំ​ជិត ២​ពាន់​ហិកតា ​នៃ​ទំនប់​ស្ទឹង​តាតៃ ក្នុង​ស្រុក​ថ្មបាំង ហើយ​លោក​ ឈុត វុទ្ធី បាន​សង្ស័យ​ថា ក្រុមហ៊ុន​នេះ​​កំពុង​​កាប់​ឈើ​​ច្រើន​​ហួសហេតុ​ ពី​ក្នុង​តំបន់​ដែល គេ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ ពីរដ្ឋាភិបាល​កម្ពុជា»។

កូនប្រុស ថាលោក ឈុត វុទ្ធី និងលោក អ៊ិន រតនា រាប់អានគ្នា

លោក ឆឺយ ឧត្ដមរស្មី ធ្លាប់បានបង្ហើបឡើងថា ឪពុករបស់លោក និងលោក អ៊ិន រតនា (ដែលរងការចោទ ថាជា​អ្នកបាញ់​លោក ឈុត វុទ្ធី) បានស្គាល់ និងរាប់អានគ្នាយ៉ាងច្បាស់។ កូនប្រុស របស់លោក ឈុត វុទ្ធី រូបនេះ បានថ្លែង​​តាមរយៈ​កិច្ចសម្ភាសមួយ ឲ្យទៅវិទ្យុអាស៊ីសេរី កាលពីខួប៥ឆ្នាំ នៃមរណភាពឪពុកលោក ដូច្នេះថា៖

«ឪពុកខ្ញុំបានបង្រៀន [លោក អ៊ិន រតនា] ពីច្បាប់យោធា ពីការប្រើប្រាស់អាវុធយោធាមួយចំនួន ទៅគាត់។ បើអញ្ចឹង ខ្ញុំគិតថា មិនមានរូបប្អូនណា មកលើកកាំភ្លើងបាញ់ រៀមច្បង ដែលជាគ្រូបង្រៀនបានទេ ព្រោះឪពុកខ្ញុំ ធ្លាប់ជា​អតីត​ទាហាន និងធ្លាប់ទៅសិក្សា នៅប្រទេសរ៉ូស្ស៊ី រយៈពេល៧ឆ្នាំ ផ្នែកបណ្ឌិតយោធា។»

«ខ្ញុំមិនជឿថា លោក អ៊ិន រតនា ដែលជាមន្ត្រីកងរាជអាវុធហត្ថ ដែលមានថានៈតូចទាបនេះ ហ៊ានលើកកាំភ្លើងបាញ់ សម្លាប់ឪពុកខ្ញុំនោះទេ៕»



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ ផ្ទុះ​កុបកម្ម​ហិង្សា​បន្តបន្ទាប់ ក្រោយ​ការស្លាប់​របស់ ជច៍ ផ្លយ

ការឃាត់ខ្លួន​បុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្ដាល​ឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា បានបង្កឲ្យ​បណ្ដាជន​អាមេរិក ផ្ទុះការក្ដៅក្រហាយ ជា​បន្តបន្ទាប់ តាំងពីម្សិលមិញមក។ ...
កម្រមាន

បារាំង៖ ម្ដាយបើករថយន្ដថយ កិន​ទារក​ខ្លួនឯង អាយុទើប​១៧ខែ

ទារកតូចមួយ អាយុទើប​១៧ខែ ដែលកំពុងលេង នៅក្នុងបរិវេណផ្ទះ ត្រូវបានរថយន្ដ បើកបរដោយស្ត្រីជាម្ដាយ កិនពីលើ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃអាទិត្យ។ វិទ្យុបារាំង «France Bleu» បានរាយការណ៍ពីហេតុការណ៍នេះ ...
ដំណឹង

បារាំង៖ វិស្វករម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ផ្ទុះអាវុធ សម្លាប់ស្ត្រី២នាក់

វិស្វករម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានផ្ទុះអាវុធ សម្លាប់ស្ត្រីពីរនាក់ ក្នុងនោះម្នាក់ ជាទីប្រឹក្សានៅក្នុងភ្នាក់ងាររដ្ឋ ដើម្បីស្វែងរកការងារធ្វើ (Pôle emploi) ប្រចាំក្រុង«Valence» និងម្នាក់ទៀត ជាមន្ត្រីទទួលបន្ទុក«HR» ក្នុងសហគ្រាសមួយ នៅក្រុង ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.