នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយៈពេល២០ឆ្នាំ ឬពីរទសវត្សរ៍ ក្រោមការកាន់អំណាចដោយហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ជាមួយនឹងចំណងជើងដែលមានន័យជាភាសាខ្មែរថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ – ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន» របាយការណ៍កម្រាស់៦៨ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសារអង់គ្លេស «Human Rights Watch» ដែលមានការិយាល័យនៅទីក្រុងញ៉ូយក បានលើកយកឯកសារជាគន្លឹះនានា ដែលទាក់ទងនឹងករណីឃាតកម្ម លើពួកសកម្មជននយោបាយ ពួកអ្នកកាសែត ពួកអ្នកនយោបាយប្រឆាំង និងមនុស្សដទៃទៀត រាប់ចាប់តាំងពីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩១ ដោយប្រទេសចំនួន១៨ និងបណ្ដាភាគីខ្មែរនោះមក។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយ ក្នុងរបាយការណ៍នោះថា៖
«មានមនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហារ ដោយហេតុផលនយោបាយ ក្នុងនេះមិនទាន់មានករណីណាមួយ ត្រូវបានធ្វើការស៊ើបអង្កេត ដោយហ្មត់ចត់ និងនាំខ្លួនអ្នកប្រព្រឹត្ត មកផ្តន្ទាទោសនៅឡើយទេ។»
របាយការណ៍នេះ បានធ្វើឡើងដោយផ្អែកទៅលើ បទសម្ភាសចំនួនរាប់រយ ដោយប្រើរយះពេលជាច្រើនឆ្នាំ ជាមួយអតីត និងបច្ចុប្បន្នមន្ត្រីរដ្ឋាភិបាល សមាជិកកងកម្លាំងប្រដាប់អាវុធ នគរបាល មន្ត្រីយុត្តិធម៌ សមាជិកសភា និងស្ថាប័នរដ្ឋដទៃទៀត ព្រមទាំងតំណាងគណបក្សនយោបាយនានា សហជីពកម្មករ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអង្គការសិទិ្ធមនុស្សនានា។
បន្ថែមពីលើនេះ របាយការណ៍ក៏បានសរសេរ ដោយយោងទៅលើឯកសារផ្សេងដទៃទៀតជាច្រើន មានជាអាថ៌ ឯកសាររបស់តំណាង និងអ្នករាយការណ៍ ពិសេស អ.ស.ប. ព្រមទាំងពីការិយាល័យឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា អង្គការសិទិ្ធមនុស្ស មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងតាមការលើកឡើង នៃប្រព័ន្ធសារពត៌មាននានាផង។
ចំណងជើង «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ» ជាអ្វីដែលរបាយការណ៍ បានលើកឡើងថា ជាការដកស្រង់សំដីរបស់លោក ហ៊ីង ប៊ុន ហៀង ដែលពេលនោះជាមេបញ្ជាការរង នៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី ក្នុងពេលឆ្លើយតប ទៅនឹងសំណួរមួយរបស់អ្នកកាសែត ស្តីពីការចោទប្រកាន់លោក ក្នុងការសម្លាប់មនុស្សយ៉ាងតិចចំនួន១៦នាក់ ដោយការបំផ្ទុះគ្រាប់បែក ដោយមានការរៀបចំមួយ ទៅលើមេដឹកនាំប្រឆាំង សម រង្ស៊ី ក្នុងខែមីនា ឆ្នាំ១៩៩៧។
អង្គការសហប្រជាជាតិ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (F.B.I.) នៃសហរដ្ឋអាមេរិក បានចោទអំពីការជាប់ពាក់ព័ន្ធ របស់អង្គភាពកងអង្គរក្សរបស់លោក ហ៊ុន សែន ក្នុងការវាយប្រហារនេះ និងបានរកឃើញថាលោក ហ៊ីង ប៊ុន ហៀង ជាអ្នកដឹកនាំប្រតិបត្តិការនេះ។
មានករណីជាច្រើនផ្សេងទៀត ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកយកមកបង្ហាញ ក្នុងនោះមានការសម្លាប់រង្គាលអ្នកស្មោះត្រង់ នឹងទ្រង់ នរោត្តម រណ្ណរិទ្ធិ ប្រមាណជាជាង ១០០នាក់ នៅក្រោយពេលរដ្ឋប្រហារឆ្នាំ១៩៩៧ ករណីរបស់អតីតបណ្ណាធិការកាសែតប្រឆាំងលោកធុន ប៊ុនលី ការជះទឹកអាស៊ីតលើកញ្ញា តាត ម៉ារីណា ឃាតកម្មលើប្រធានសហជីពលោក ជា វិជ្ជា អ្នកសារព័ត៌មានប្រឆាំងលោក ឃឹម សំបូរ សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និងមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា ទោះបីជាក្នុងករណី ដែលហាក់ដូចជាពុំមានជាប់ពាក់ព័ន្ធ នឹងហេតុផលនយោបាយក៏ដោយ ក៏ការរំលោភស្ទើរទាំងអស់ មិនដែលត្រូវបាន នាំទៅឲ្យមានការផ្តន្ទាទោសពីបទព្រហ្មទ័ណ្ឌ ដោយជោគជ័យ និងនាំខ្លួនទៅដាក់ពន្ធនាគារទេ ប្រសិនបើអ្នកប្រព្រឹត្តនោះជាយោធា ឬនគរបាល ឬជាបក្សពួករបស់អ្នកមានអំណាច។ តែផ្ទុយទៅវិញ និងជារឿយៗ ពួកអ្នកសម្លាប់គេ មិនត្រឹមតែត្រូវបានគេស្គាល់នោះទេ តែពួកគេថែមទាំង ត្រូវបានតម្លើងបុណ្យសក្តិឲ្យទៀតផង។
ឆ្លើយតបនឹងការសាកសួររបស់វិទ្យុអាស៊ីសេរី លោកផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបដិសេធរបាយការណ៍នោះ ដោយចាត់ទុកថា ជារបាយការណ៍មួយដើម្បី«បំផ្លាញរដ្ឋាភិបាលកម្ពុជា»។ ទាក់ទងនឹងការលើកឡើងថា កងអង្គរក្សលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ និងបោកគ្រាប់បែក លោក ផៃ ស៊ីផានបាននិយាយថា ៖
«វាជាសេរីភាពរបស់គេ។ របាយការណ៍ជាក់ស្ដែង យើងមិនឃើញដូចនេះ។»
នៅក្នុងរបាយការណ៍នោះដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ពីការស្នើសុំរបស់បណ្ដាប្រទេសផ្ដល់ជំនួយ ដើម្បីអោយរដ្ឋាភិបាលកម្ពុជា ធ្វើការកែទម្រង់ជាដុំកំភួន ជាពិសេសទៅលើប្រព័ន្ធយុត្តិធម៌របស់ប្រទេស។ តែប្រព័ន្ធតុលាការ នៅតែជាស្ថាប័នមានលក្ខណៈនយោបាយ និងរយីករយាកខ្លាំងនៅឡើយ។ មន្ត្រីថ្នាក់កំពូលៗ នៅក្នុងស្ថាប័ននេះ ត្រូវបានតែងតាំងឡើង មានលក្ខណៈនយោបាយ ដោយផ្អែកជាសំខាន់ ទៅលើភាពស្មោះត្រង់ចំពោះនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាកាន់អំណាច។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានធ្វើការស្ដីបន្ទោសផងដែរ ទៅដល់ប្រទេសផ្ដល់ជំនួយទាំងនោះ ថាបានប្រកាន់នូវគោលការណ៍ នៃ«វប្បធម៌ធ្វើមិនដឹងមិនលឺ» ហើយខកខានមិនធ្វើការត្រួតពិនិត្យ អោយបានល្អិតល្អន់ ទៅលើរដ្ឋាភិបាលកម្ពុជា និងយន្ដការកែទម្រង់ទាំងនោះឡើយ។
«ក្នុងរយៈពេល២០ឆ្នាំ …»
ការចេញរបាយការណ៍នេះ នៅចំពេលដែលកម្ពុជាកំពុងត្រៀមខ្លួន រងចាំទទួលមេដឹកនាំកំពូលៗ មកពីតំបន់អាស៊ីប៉ាស៊ីភិក ដែលនោះមានលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាផង។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីតាំងនៅទីក្រុងញ៉ូយកនេះ ទំនងជាចង់ស្នើសុំ អោយលោក បារ៉ាក់ អូបាម៉ា ប្រើប្រាស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដើម្បីស្នើសុំជាសាធារណៈ ឲ្យមានការកែទម្រង់ជាប្រព័ន្ធ និងការបញ្ចប់នូវ«វប្បធម៌និទណ្ឌភាព» នៅកម្ពុជា។
ទាក់ទងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនេះ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងពត៌មាន នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ធ្លាប់បាននិយាយប្រាប់ក្រុមសារព័ត៌មាន នៅសណ្ឋាគារអ៊ិនធឺខនថឺណង់តាល់ ថា សហរដ្ឋអាមេរិក មិនមែនជា«ចៅហ្វាយ»កម្ពុជាទេ ហើយ បារ៉ាក់ អូបាម៉ា ក៏មិនមែន«ចៅហ្វាយ» ហ៊ុន សែន ដែរ៕
————–
កំណត់សម្គាល់៖ របាយការណ៍នេះ អាចទាញយកបាន នៅលើគេហទំព័រផ្ទាល់របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស។