គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិងកម្ពុជា» ជាទំនាក់ទំនងដែលរដាក់រដុប ជូរចត់ច្រើនជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែប្រឹងប្រែង ធ្វើការកែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាលសាកលភាវូបនីយកម្មបច្ចុប្បន្ន។
ត្រង់ចំនុចនេះ យើងសូមអនុញ្ញាតលើកយកកត្តាចំនួន៥ ដែលជាឱកាសឲ្យមេដឹកនាំនៃរដ្ឋទាំងពីរ ពិចារណាក្នុងការប្រែក្លាយទំនាក់ទំនង ឲ្យក្លាយជាមានផ្កាផ្លែ ជាប្រយោជន៍ដល់ប្រជាជនទាំងសងខាង។
១) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន
សម្រាប់ពលរដ្ឋអាមេរិក ពួកគេប្រហែលជាមិនដឹងថា ប្រទេសកម្ពុជាស្ថិតនៅលើពិភពលោកទេ។ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរ យើងដឹងថា សហរដ្ឋអាមេរិកនៅឯណា។ ហើយយើងក៏ចូលចិត្តប្រទេសនេះផងដែរ។ មនុស្សគ្រប់គ្នានៅទីនេះយល់ថា សហរដ្ឋអាមេរិកគឺជាទឹកដីនៃក្តីសុបិន្ត។ តាមរយៈខ្សែភាពយន្ត និងសម្ភារៈវប្បធម៌ផ្សេងៗ ដូចជាព័ត៌មាន ដូរតន្ត្រី សិល្បៈ និងគំរូប្រជាធិបតេយ្យ ដែលត្រូវបាននាំចេញពីសហរដ្ឋអាមេរិក ភាគច្រើនយើងចូលចិត្ត។
បច្ចុប្បន្នមានជនជាតិខ្មែរអាមេរិកាំង ប្រមាណ ៣០ ម៉ឺននាក់កំពុងរស់នៅសហរដ្ឋអាមេរិក។ ពួកគេភាគច្រើនជាជនភៀសខ្លួន ដែលបានភៀសខ្លួន ចេញពីសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ក្នុងយុគសម័យកុម្មុយនិស្ត ដើម្បីស្វែងរកជីវិតល្អប្រសើរ នៅសហរដ្ឋអាមេរិក។ ប្រសិនបើប្រជាជនកម្ពុជាត្រូវបានផ្តល់អាទិភាព ក្នុងការជ្រើសរើសកន្លែងដែលត្រូវរស់នៅ នោះមនុស្សជាច្រើន នឹងជ្រើសរើសទៅសហរដ្ឋអាមេរិក ជាជាងទៅប្រទេសចិន។
ពលរដ្ឋកម្ពុជាយល់ឃើញថា សហរដ្ឋអាមេរិកជាប្រជាជាតិមួយ ដែលមានអរិយធម៌ខ្ពស់ ជាទីដែលអ្នកណាម្នាក់អាចមានឱកាសរីកចម្រើនបានខ្ពស់ឡើង ដោយមិនគិតអំពីជាតិសាសន៍ ឬឋានៈគ្រួសារ។ ការយល់ឃើញជាវិជ្ជមាននេះ នឹងដើរតួនាទីជាកត្តាសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក្នុងរយៈពេលវែង។
ហើយជាការពិត ក៏មានទស្សនៈអវិជ្ជមានមួយចំនួន ទៅលើសហរដ្ឋអាមេរិក ដែលបណ្តាលមកពីបរិធានឃោសនាខ្លះៗ សល់ពីជំនាន់កុំម្មុយនីស្ត។ ទោះយ៉ាងណាក៏ដោយ ក៏គេនៅតែមានឱកាស សម្រាប់ធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រជាជន មកពីប្រទេសទាំងពីរ។
២) ពាណិជ្ជកម្មទ្វេរភាគី
គិតចាប់តាំងពីឆ្នាំ១៩៩៣មក ពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាតែងតែកើនឡើងជាលំដាប់ បើទោះជាមានស្ថានភាពប្រទាំងប្រទើសជាមួយគ្នាមួយចំនួនក្តី។ ទិន្នន័យឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាបាននាំចេញ នូវទំនិញទៅកាន់សហរដ្ឋអាមេរិក ក្នុងចំនួនទឹកប្រាក់ ជាង៤ពាន់លានដុល្លាអាមេរិក។ ទំនិញដែលកម្ពុជានាំចេញទៅអាមេរិក ភាគច្រើនគឺជាផលិតផល ចេញពីរោងចក្រកាត់ដេរ ដែលនេះជាមូលហេតុមួយ ក្នុងការបង្កើតជាទីផ្សារការងារ បានមួយចំនួនធំ សម្រាប់ប្រជាជនកម្ពុជា។
កម្ពុជានាំចូលទំនិញពីអាមេរិក ដូចជាផ្នែកយានយន្ត ផ្នែកបច្ចេកវិទ្យា និងចំណេះដឹងជំនាញ។ ទីផ្សារអាមេរិក នៅតែបន្តទទួលយកទំនិញពីកម្ពុជា ក្នុងលក្ខណអនុគ្រោះ ដោយប្រព័ន្ធ GSP (General System of Preference) រីឯកម្ពុជាក៏កំពុងទទួលយក នូវម៉ាកយីហោពាណិជ្ជកម្មអាមេរិកល្បីៗ ជាបន្តបន្ទាប់។
នៅកម្ពុជា នៅមានវិស័យជាច្រើន ដែលជាឱកាសវិនិយោគ របស់ពាណិជ្ជករអាមេរិក ដូចជាការបើករោងចក្រដំឡើងយានយន្ត ឬគ្រឿងបង្គុំបច្ចេកវិទ្យាទំនើប ក៏ដូចជាក្នុងវិស័កសិកម្មជាដើម។ យ៉ាងណាក៏ដោយ អាមេរិកនៅមើលឃើញកង្វះខាតមួយចំនួន ក្នុងវិស័យអភភិបាលកិច្ច ហេដ្ឋារច្ជនាសម្ព័ន្ធ និងវិស័យយុត្តិធ៌ម ដែលនេះជាកត្តាទាមទារឲ្យភាគីកម្ពុជា ធ្វើការកែលម្អរជាប្រចាំ។ ជាពិសេស ប្រសិនបើកត្តានយោបាយមិនធ្លាក់ចុះខ្លាំងពេកប៉ុន្មានទេ នៅពេលខាងមុខ ទំហំពាណិជ្ជកម្មនៃប្រជាជាតិទាំងពីរ នឹងកាន់តែកើនឡើង ជាលំដាប់ ដោយកម្ពុជាគឺជាភាគី ដែលទទួលបានផលវិជ្ជមានច្រើន ពីទំនាក់ទំនងនេះ។
៣) ភូមិសាស្រ្តនយោបាយ
នៅក្នុងតំបន់ កម្ពុជា គឺជារដ្ឋតូចមួយ ដែលពិបាកប្រៀបធៀបខ្លួន ទៅនឹងប្រទេសមួយចំនួន ដែលមានសក្ដានុពលខ្លាំងក្លា (ប្រជាជន កម្លាំងយោធា និងសេដ្ឋកិច្ច) ដូចយ៉ាងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីជាដើម។ ពីចំណោមប្រទេសទាំង១១ នៃអាស៊ាន (ASEAN) អាមេរិកមានសម្ព័ន្ធមិត្ត ជិតដិតជាច្រើនដូចជា សិង្ហបុរី ថៃ និងហ្វីលីពីន ដែលប្រទេសខ្លះមានទាំងវត្តមានមូលដ្ឋានយោធាអាមរិកឈរជើង តាំងពីច្រើនទសវត្សរ៍ និង យ៉ាងរឹងមាំនោះទៀត។
ក្នុងហេតុផលនេះ វាហាក់បីដូចជាកម្ពុជា មិនមានសារសំខាន់ប៉ុន្មានឡើយ ក្នុងកែភ្នែករបស់ពួកអ្នកធ្វើគោលនយោបាយអាមេរិក។ ដូច្នេះ យើងតែងមើលឃើញ ពីគោលជំហរប្រែប្រួលជាញឹកញាប់របស់អាមេរិក ក្នុងទំនាក់ទំនងជាមួយកម្ពុជា។ ហើយកម្ពុជាវិញ ក៏រឹតតែមិនទុកចិត្តភាគីអាមេរិកដូចគ្នាដែរ។
ក៏ប៉ុន្តែ ខណៈពេលដែលប្រទេសចិន ដែលជាមហាអំណាចតំបន់ កំពុងតែសម្លឹងមើលឃើញ និងចាប់យកកម្ពុជា កាន់តែកៀកនិងជិតដិត អាមេរិក ប្រាកដជាមិនព្រងើយកន្តើយ ព្រលែងអោយចិនយកកម្ពុជា បានដោយងាយស្រួលនោះឡើយ។ ព្រោះថា ករណីដែលចិនមានឥទ្ធិពលខ្លាំង ឬឈានទៅតាំងមូលដ្ឋានយោធាជាយថាហេតុ នៅលើដីកម្ពុជានោះ វានឹងប៉ះពាល់ខ្លាំងក្លា ដល់ឥទ្ធិពលអាមេរិក នៅក្នុងតំបន់។
យ៉ាងនេះហើយ ទើបថ្មីៗនេះ លោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិកសម័យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានផ្ញើរលិខិតក្រើនរំលឹកនាយកមន្ត្រីកម្ពុជា អំពីករណីដែលមានរបាយការណ៍ថា ចិនមានផែនការសំងាត់ ដាក់មូលដ្ឋានទ័ព នៅលើទឹកដីកម្ពុជា បើទោះជាភាគីកម្ពុជា តែងតែបានបដិសេធ ជាញយដងហើយក៏ដោយ។
កម្ពុជាអាចគិតថា ខ្លួនឯងជាកូនក្រមុំរូបស្រស់មួយ ដែលមានកម្លោះៗដណ្តើមគ្នាចង់បាន អ្នកដឹកនាំកម្ពុជាគួរទាញយកស្ថានភាពបែបនេះ ជាប្រយោជន៍ជាតិខ្លួន តាមរយៈកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ ទៅវិញទៅមក ហើយការណ៍ដែលផ្តេកផ្តួល ទៅលើម្ខាងៗជ្រុលពេក នឹងនាំមកជាគ្រោះ សម្រាប់ជាតិទៅវិញ។ ចំណែកសហរដ្ឋអាមេរិកវិញ ក៏ត្រូវតែថ្លឹងថ្លែង អំពីស្ថានភាពកម្ពុជា និងចាត់ទុកភាគីកម្ពុជា ជាដៃគូពិភាក្សាទ្វេរភាគីស្មើភាព និងស្មោះត្រង់។
៤) ប្រព័ន្ធនយោបាយដឹកនាំរដ្ឋ
សហរដ្ឋអាមេរិកមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យ បែបសាធារណរដ្ឋ ខុសគ្នាពីប្រព័ន្ធដឹកនាំរដ្ឋនៅកម្ពុជា ដែលជាប្រទេសរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ ប៉ុន្តែមានគំរូប្រជាធិបតេយ្យជាច្រើន ដែលកម្ពុជាអាចរៀនសូត្របានពីអាមេរិក ឧទាហរណ៍ដូចជារបៀបរបបក្នុងការដឹកនាំ ដើម្បីបញ្ចៀសឲ្យបាន នូវបញ្ហាអយុត្តិធម៌សង្គម និងការប្រព្រឹត្តនូវអំពើពុករលួយ នៅតាមស្ថាប័នរដ្ឋ ដែលជាតម្រូវការចាំបាច់បំផុតរបស់កម្ពុជា ក្នុងការកែទម្រង់សង្គម ដែលបានជោគជាំទៅដោយសង្គ្រាម និងជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍មកហើយ។
ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកតែងតែមើលឃើញ អំពីកង្វះខាតត្រង់ចំណុចនេះ ហើយក៏តែងតែជួយឧបត្ថម្ភ នូវគម្រោងផ្សេងៗ ក្នុងការកែលម្អសេវាកម្មសាធារណៈ ដែលផ្ដល់ទៅឲ្យពលរដ្ឋកម្ពុជា។ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចល្អជាប្រចាំរបស់កម្ពុជា គឺជាបញ្ហាអាទិភាពមួយរបស់សហរដ្ឋអាមេរិក ក៏ដូចជាកម្ពុជាខ្លួនឯង៖ «នោះគឺនាំមកនូវកាវិនិយោគថ្មីៗ ពីសហរដ្ឋអាមេរិក»។
គេគប្បីយល់ថា ការកែទម្រង់របបរបៀប នៃការគ្រប់គ្រងអភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធប្រជាធិបតេយ្យ និងប្រព័ន្ធយុត្តិធម៌សង្គម គឺជាកត្តាសំខាន់ចាំបាច់ ដើម្បីនាំឲ្យមានការអភិវឌ្ឍយូរអង្វែង ការអភិវឌ្ឍប្រកបដោយតម្លាភាព និងសមភាព សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។ ហើយការកែទម្រង់ នូវប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចល្អនេះ គឺមិនមែនសម្រាប់សហរដ្ឋអាមេរិក ឬអន្តរជាតិដ៏ទៃណាផ្សេង ក្រៅតែអំពីកម្ពុជាខ្លួនឯងផ្ទាល់នោះឡើយ។
ដូច្នេះភាគីកម្ពុជា ត្រូវបង្ហាញនូវសុឆន្ទៈដ៏មុតមាំ ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធប្រជាធិបតេយ្យរបស់ខ្លួន នូវប្រព័ន្ធគ្រប់គ្រងនិងដឹកនាំរដ្ឋ ក៏ដូចជាប្រព័ន្ធយុត្តិធម៌។ ប្រាកដណាស់ថា នៅពេលដែលការដឹកនាំរដ្ឋ បែបប្រជាធិបតេយ្យរបស់កម្ពុជា មានស្ថានភាពកាន់តែប្រសើរឡើង នោះមិត្តភាពរវាងសហរដ្ឋអាមេរិក-កម្ពុជា ក៏កាន់តែស្អិតរមួត និងជិតស្និតឡើងដែរ។
៥) ប្រវត្តិទំនាក់ទំនងនៃ«អាមេរិកនិងកម្ពុជា»
ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរដ្ឋទាំងពីរ រយៈពេលជាង៧០ឆ្នាំមកនេះ បានឆ្លងកាត់នូវភាពផ្អែមល្ហែម ល្វីងជូចត់មក ជាច្រើនលើកច្រើនគ្រាមកហើយ ដូច្នេះវាក៏ល្មមទុកជាមេរៀន សម្រាប់អ្នកដឹកនាំរដ្ឋទាំងពីរ ក្នុងការយកមកថ្លឹងថ្លែងពិចារណា ចៀសវាងនូវកំហុសអតីតកាល ហើយចាប់យកនូវមេរៀនល្អៗ ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិទាំងទ្វេរ ។
ក្នុងន័យនេះ អ្នកចាត់ចែងគោលនយោបាយ នៃគូភាគីទាំងពីរ គួរគប្បីត្រូវប្រយ័ត្នប្រយែង នូវកំហុសប្រវត្តិសាស្ត្រច្រំដែល ដែលអាចនាំ ទៅរកមហន្តរាយ ដូចគ្រាមុន។ មេរៀនជាប្រវត្តិសាស្ត្រណាដែលអាក្រក់យើងទុកដោយឡែក ហើយយើង យកមេរៀន ប្រវត្តិសាស្ត្រណា ដែលល្អមកអនុវត្តបន្ត។ ហើយពួកគេមានឱកាសល្អក្នុងដៃ ក្នុងការចាប់ផ្ដើមកសាង នូវទំព័រសករាជថ្មី ដែលពោរពេញទៅដោយផលប្រយោជន៍ ទាំងសងខាង និងប្រកបដោយភាពផ្អែមល្ហែម៕
——
សុភី, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១
អត្ថបទស្ដីពី “លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល«អាមេរិកនិងកម្ពុជា»ត្រូវតែជិតស្និទគ្នា”ខាងលើ ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]៕