សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

Loading...

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ របស់ជនរងគ្រោះ ដែល​រួចរស់ជីវិត ពីព្រិត្តិការណ៍នោះ។

ខាងក្រោមនេះ ជាកិច្ចសម្ភាសរបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ជាមួយ អ្នកស្រី ពៅ ស៊ីនួន អតីតកម្មការិនី ដែលគ្រាន់តែចូលរួម ក្នុងបាតុកម្មនាពេលនោះ តែប្រែក្លាយជាជនរងគ្រោះ នឹងសោកនាដកម្ម​យ៉ាងរង្គាល។

«ខ្ញុំមិនអាចបំភ្លេចបានទេ ១៦ឆ្នាំហើយ តាំងពីខ្ញុំនៅលីវ ឥឡូវកូនអាយុបាន១៤ឆ្នាំហើយ (…) ហើយខ្ញុំ​ជិះមកធ្វើការ កាត់តាមហ្នឹង ខ្ញុំតែងតែនឹកឃើញមុខរដ្ឋសភា មានព្រឹត្តិការណ៍គប់គ្រាប់បែក។»

អ្នកស្រី ពៅ ស៊ីនួន ជាជនរងគ្រោះម្នាក់ ពីក្នុងចំណោមជនរងគ្រោះ ជាច្រើននាក់ផ្សេងទៀត នៅក្នុង​ព្រឹត្តិការណ៍​ នៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤ គ្រាប់ ទៅលើបាតុកម្ម ដែលដឹកនាំដោយ លោកសម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ។

បាតុកររួចជីវិតរូបនេះ បានរៀបរាប់ពីព្រឹត្តិការណ៍ថ្ងៃនោះ ទាក់ទងនឹងរបួសត្រង់ជើងឆ្វេង និងអំបែងគ្រាប់បែកបីដុំ​ នៅ​ក្នុងជើងទាំងពីរ ដូច្នេះថា៖

«ដល់ខែត្រជាក់ វាចាប់ផ្តើមធ្វើទុក្ខខ្លាំង ខ្ញុំអត់មានលទ្ធភាពក្នុងការវះចេញទេ ដោយ​សារឪខ្ញុំឯណោះ ក៏អត់មានលទ្ធភាព វះ។ បើខ្ញុំវះវាបាន ប៉ុន្តែទីមួយវាប៉ះពាល់ពេលខ្ញុំធ្វើការ ពេលដែលខ្ញុំវះ ខ្ញុំត្រូវ​ចំណាយពេលយូរ ហើយពីមុនមក អំបែងហ្នឹងវាអត់អណ្តែងទេ តែឥលូវវាអណ្តែត ហើយណាមួយវាសំខាន់ដែរ វាចំ​ត្រយ៉ូងចេក ពេលដែលវះទៅ វាអាចប៉ះពាល់ដល់សរសៃរ។»

ព្រឹត្តិការណ៍ដ៏រន្ធត់ ក៏បានធ្វើឲ្យអ្នកស្រី មានរបួស​ប៉ះពាល់ ដល់ក្បាលបន្តិចដែរ ដោយសារតែពេលដួល អ្នកស្រីបានបោកក្បាលទៅនឹងថ្ម តែវាមិនធ្ងន់ធ្ងរដូចជើងទេ។

«ការឈឺចាប់ យុត្តិធម៌…»

ស្ថិតក្នុងវ័យ៣៥ឆ្នាំ និងជាបុគ្គលិកចុងភៅ នៅភោជនីដ្ឋានមួយនៅភ្នំពេញ អ្នកស្រី ពៅ ស៊ីនួន បានរៀបរាប់បន្តថា ទោះបីជាអ្នកស្រីមិនបានចេញ ទៅក្រៅប្រទេស ដូចជាជនរងគ្រោះមួយចំនួន ប៉ុន្តែវាអាចជារឿងមួយ ដែលអ្នកស្រី​សំណាងជាងគេ ក្នុងចំណោម​ជនរងគ្រោះនៅស្រុកខ្មែរ។ អ្នកស្រីបន្តថា៖

«សំណាង ដោយសារខ្ញុំស្គាល់ជនជាតិអូស្រ្តាលីម្នាក់ គាត់​តែងតែមើលយើង ជួយយើង ហើយគាត់ចុះកាសែតចុះអីទៅ គេជួយ ផ្តល់លុយ។ (…) កាលហ្នឹងខ្ញុំទុក​ដល់ជើង​រលួយ ដោយសារខ្ញុំគ្មានលុយ តែគាត់យកខ្ញុំទៅវះកាត់ភ្លាមៗ។ កាលមុនជើងខ្ញុំខើច អញ្ចឹងខ្ញុំត្រូវពាក់​ស្បែកជើង​កល់ ដល់ពេលរៀនដើរយូទៅៗ ម៉ាស្សាយូៗទៅវាទាញ បានគ្រាន់រៀងស្មើរជាមុន ឥលូវក៏ដកកល់ជើងចេញទៅ។»

បើទោះអ្នកស្រី ធ្លាប់ទទួលរងរបួស ស្ទើរផុតជីវិតក៏ដោយ អតីតកម្មការិនីរូបនេះ បានប្រាប់ថា អ្នកស្រីមិនបាន​ដាក់ ពាក្យ​បណ្តឹងនោះទេ។ អ្នកស្រីបានពន្យល់ ពីមូលហេតុដូច្នេះថា៖

«ដោយ​សារតែឥឡូវ ស្រុកទេសយើងមិនស្រួល ហើយវា​ចេះតែអាញ៉េអាញ៉ៃ មិនដឹងទៅពឹងពាក់អ្នកណាអោយជួយ ទៅពឹងមេបក្ស គាត់មិននៅកន្លែង គាត់​តែងតែចេញ​ទៅ​ក្រៅ។ វាពិបាកដែរ ខ្ញុំដូចជាអស់ជំនឿ មិនដឹងដាក់ពាក្យប្តឹងនៅឯណា ណាមួយដូចយើងដឹងហើយ យើងមិន​អាច​ជឿជាក់ ទៅលើប្រព័ន្ធតុលាការបាន។»

ចំពោះសំនួរ អំពីភាពជឿជាក់ ទៅលើរដ្ឋាភិបាល ក្នុងការស្វែងជនប្រព្រឹត្ត មកដាក់ទោសទណ្ឌនោះ អ្នកស្រី ពៅ ស៊ីនួន បាន​បង្ហាញអារម្មណ៍អស់សង្ឃឹមថា៖

«វាដូចអស់សង្ឃឹម យើងមិនអាចជឿជាក់ ព្រោះអីវាកន្លងមកយើងដឹងហើយ​ វាមាន​បញ្ហាជាច្រើន តាំងពីប្រធានសហជីព ជា វិជ្ជា ត្រូវគេបាញ់ ក៏រកឃាតករអត់ឃើញ អ្នកតវ៉ាតម្លើងប្រាក់ខែត្រូវ​បាន​សម្លាប់ វាមានរឿងគ្រប់បែបយ៉ាង។ អញ្ចឹងអោយយើងទៅជឿជាក់ ទៅលើរដ្ឋាភិបាលម៉េចកើត បើឥឡូវរិតតែគាប​សង្កត់​ ជាងមុនទៀត។»

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនរងគ្រោះ១៦នាក់បានស្លាប់ និងជាង១៥០នាក់រងរបួស ក្រោយ​ពីជនមិនស្គាល់មុខ បានគប់គ្រាប់បែកយ៉ាងតិច ៣គ្រាប់ចូលហ្វូងបាតុករ ដែលដឹកនាំដោយ លោក សម រង្ស៊ី

បាតុកម្មនោះ ធ្វើឡើងក្នុង​គោលបំណង ជំរុញឲ្យមានកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងទាមទារដំឡើងប្រាក់ឈ្នួល ដល់កម្មកររោងចក្រកាត់ដេរ នៅមុខអតីតមន្ទីររដ្ឋសភា។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១៧ឆ្នាំហើយ តែសមត្ថកិច្ចរបស់កម្ពុជា នៅតែមិនទាន់អាចវែកមុខជនល្មើស និងមេខ្លោង យកមកផ្តន្ទាទោសបាននៅឡើយ៕

Loading...

មតិយោបល់