ដំណើរដើមទង… ហ៊ុន សែន – ហ្សាល ឌឺហ្គោល

បញ្ហាមិនមែននៅត្រឹមតែប៉ុណ្ណឹងទេ តែប្រវត្តិនៃការតស៊ូ របស់លោកអតីតប្រធានាធិបតីបារាំង ហ្សាល ឌឺហ្គោល ក៏មិនដូចទៅនឹងការលើកឡើង របស់​លោក ហ៊ុន សែន ដែលសង្ខេបមកយ៉ាងខ្លី ធ្វើយ៉ាងណាឲ្យ​ដូចរឿងរ៉ាវ ដែល​លោកខ្លួនឯងនិយាយនោះឡើយ។

គេ​អាច​ស្វែង​​រក​​ឯកសារ​​នៃ​ប្រវត្តិតស៊ូ របស់លោក ហ្សាល ឌឺហ្គោល ជាភាសាអង់គ្លេស នៅទីនេះ និងភាសា​បារាំង នៅ​ទីនេះ (ឯកសារ​មានបកប្រែ ចេញជាច្រើនភាសា រួមទាំងភាសា​វៀតណាម-ថៃ-ភូមា តែគ្មានបកប្រែ​ជា​ភាសា​​ខ្មែរទេ)។

ខាងក្រោមនេះ ជាភាពខុសគ្នាត្រួសៗ ដែលបង្ហាញថា ដំណើរចាកចេញពីបារាំង ឆ្ពោះទៅកាន់ប្រទេស​អង់គ្លេស របស់​លោក ហ្សាល ឌឺហ្គោល មិនដូច​ដំណើរ​ភៀស​ខ្លួន របស់លោក ហ៊ុន សែន នោះទេ៖

– លោក ឌឺហ្គោល ជាអតីតទាហាន និងក្លាយជាមេទ័ពបារាំង នៃប្រទេសបារាំងឯករាជ្យ និងមិនមែនជាមេទ័ព នៃ​ប្រទេសបារាំង ដែលស្ថិត​ក្រោយ​ការ​គ្រប់គ្រង របស់​ពួក​ណាហ្សី​ហ៊ីត្លែ​ នោះទេ។ លោក ឌឺហ្គោល ធ្លាប់ជា​ទាហាន​ដែលវាយប្រយុទ្ធ ប្រឆាំងកងទ័ពអាល្លឺម៉ង់ តាំងពីសង្គ្រាមលោកលើកទីមួយ និងនៅតែ (ដឹកនាំ)​​ប្រយុទ្ធ​ប្រឆាំង​បន្ត​ទៀត ក្នុងអំឡុងពេលសង្គ្រាម​លោកលើកទីពីរ​​។

តែលោក ហ៊ុន សែន ជាអតីត​មេ​ទាហាន​របស់​ខ្មែរ​ក្រហម ដែលជួយ​ឲ្យក្រុមនេះដណ្ដើមជ័យជំនះ ឡើងកាន់កាប់អំណាច ក្នុងឆ្នាំ១៩៧៥ រហូតបណ្ដាលឲ្យប្រជាជនស្លាប់ រាប់លាននាក់។

– នៅថ្ងៃទី៦​ ខែមិថុនា ឆ្នាំ១៩៤០ លោក ឌឺហ្គោល បានចាកចេញពីជួរយោធា តាមបញ្ជា​របស់​ប្រធាន​ក្រុម​​ប្រឹក្សា​​ភិបាល «Paul Reynaud» (ប្រហាក់​ប្រហែល នឹងប្រធានាធិបតី) ឲ្យត្រឡប់ចូលរដ្ឋធានីបារីសវិញ ដើម្បី​ក្លាយ​ជា​រដ្ឋ​លេខាធិការ ទទួលបន្ទុកសង្គ្រាម និងការពារជាតិ។

ក្នុងតំណែងថ្មី​នៃ​រដ្ឋាភិបាល​បារាំង (កាល​នោះ​ជា​​រដ្ឋាភិបាល​​អធិបតេយ្យ) នេះ លោក ឌឺហ្គោល មានបេសកកម្មថ្មី គឺត្រូវទាក់ទងជាមួយ​ប្រទេស​អង់គ្លេស ដើម្បី​​បន្ត​ការ​ប្រយុទ្ធ ប្រឆាំងនឹងក្រុមហ្វាស៊ីស។ លោកបានជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​​កាល​នោះ របស់​ចក្រភពអង់គ្លេស លោក «Winston Churchill» នៅថ្ងៃទី៩ មិថុនា ឆ្នាំ១៩៤០ ដើម្បីពង្រីក​​​កម្លាំង​ប្រយុទ្ធ កាន់​តែខ្លាំងឡើង ជា​ពិសេស​ការ​វាយប្រហារ តាមផ្លូវអាកាស។

លោក ឌឺហ្គោល បានចូលរួមក្នុងសន្និសីទ ក្រុង «Briare» ភាគកណ្ដាល​នៃប្រទេសបារាំង ដែលមានវត្តមាន របស់​លោក «Winston Churchill» នៅ​ពេល​នោះ​ដែរ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានព្រមព្រៀង និងបានលើកទឹកចិត្ត ឲ្យរដ្ឋាភិបាលបារាំងបន្តការតស៊ូ ប្រឆាំងកងទ័ព​អាល្លឺម៉ង់។ នៅ​ថ្ងៃទី១៦ ខែមិថុនា លោក ឌឺហ្គោល បានចេញទៅធ្វើទស្សនកិច្ចវិញុុម្ដង នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស និងបានប្រកាសនៅទីនោះ ពី​លទ្ធភាព​នៃការបង្កើត «សម្ព័នភាព អង់គ្លេស-បារាំង»។

នៅថ្ងៃទី១៧ ខែមិថុនា លោក ឌឺហ្គោល បានត្រឡប់ចូលទឹកដីបារាំងវិញ។ លោកបានទទួលដំណឹងថា លោក​ប្រធាន​​ក្រុមប្រឹក្សាភិបាល «Paul Reynaud» បាន​លាលែងពីតំណែង និងត្រូវបាន​ជំនួសដោយលោក «Philippe Pétain» ដែលស្នើសុំឲ្យមានកិច្ចព្រមព្រៀង​ឈប់បាញ់ និងយោគយល់មួយ (L’Armistice) រវាង​ប្រទេសបារាំង និង​​​ប្រទេស​អាល្លឺម៉ង់។

ពាក្យ«យោគយល់»នេះ មានលក្ខណៈឲ្យល្អមើលពីខាងក្រៅ តែបើនិយាយឲ្យពិត វាជា​កិច្ច​ព្រម​ព្រៀង ដាក់ប្រទេស​បារាំង ឲ្យស្ថិត​​នៅក្រោម​រដ្ឋាភិបាល​ណាហ្សី របស់ប្រទេសអាល្លឺម៉ង់។

គឺនៅថ្ងៃ​ដដែល​នោះហើយ ដែលលោក ឌឺហ្គោល បានចាកចេញ​ពីប្រទេសបារាំង ឆ្ពោះទៅកាន់រាជធានី ឡុងដ៍ តាម​​យន្ដហោះ​មួយ ​អម​ដំណើរ​​​ដោយលោក «Edward Spears» ឧត្ដមសេនីយយោធាមួយរូប របស់​ចក្រភព​អង់គ្លេស។ ក្នុងដំណើរនោះ លោក ឌឺហ្គោល មាន​ប្រាក់ ១០០ ០០០​ហ្វ្រង់ នៅ​​ជាប់​​ខ្លួន ដើម្បីបន្ត​​ការប្រយុទ្ធ។

ត្រង់ចំណុចទាំងនេះ មិនមែនលោក​ ឌឺហ្គោល ទៅសុំពឹងអង់គ្លេស ឲ្យមកជួយបារាំងទេ តែជាបុព្វហេតុរួម របស់​ប្រទេស​ទាំងពីរ មុននឹងសង្គ្រាម​លោក​លើក​​ទីពីរ បានរាលដាល​ឲ្យអាមេរិកលូកដៃចូល នៅ​ពេលក្រោយមក។ ដូច្នេះ មិន​មានអ្វី ដូចការលើកឡើង​ខ្លីៗ របស់លោក ហ៊ុន សែន នោះឡើយ។

– នៅថ្ងៃទី១៨ ខែមិថុនា លោក ហ្សាល ឌឺហ្គោល បានប្រកាសតាមវិទ្យុ «BBC» ពីរាជធានី ឡុងដ៍ ស្ដីការបន្ត​ប្រយុទ្ធ នៃប្រទេស​បារាំង​ឯករាជ្យ ប្រឆាំង​កងទ័ព​ហ្វាស៊ីស។ នៅក្នុងសេចក្ដីប្រកាសជាប្រវត្តិសាស្ត្រនោះ លោក​បានអំពាវនាវ ទៅកាន់ប្រជាជនបារាំង ជាពិសេសកងទ័ពបារាំង ឲ្យងើបឡើងតស៊ូ ទាំង​នៅក្នុងប្រទេស​អង់គ្លេស ទាំង​នៅក្នុង​ប្រទេសបារាំង។

ប្រជាជនបារាំង បានស្ដាប់ និងស្គាល់ពីសេចក្ដីអំពាវនាវនោះ ដូច​បាត​ដៃ និងបានហៅលោក ឌឺហ្គោល តាំងពីពេលនោះមក ថាជា«បីតាចលនាតស៊ូ»។ គួរឲ្យស្ដាយ ដែលការប្រកាសតាមវិទ្យុ ជាលើកដំបូងនេះ មិនត្រូវ​បាន​ថត​ទុកទេ ផ្ទុយ​ពីការប្រកាស​ជាថ្មីទៀត នៅថ្ងៃទី២២ ខែមិថុនា ដែលសម្លេងលោក ត្រូវបានថត និងរក្សាទុករហូតដល់សព្វថ្ងៃ។

ដូច្នេះ ប្រទេសបារាំង និងប្រជាជនបារាំង បានស្គាល់លោក ឌឺហ្គោល ជាមុន និងយ៉ាងច្បាស់​រួចហើយ មិនដូច​លោក ហ៊ុន សែន ដែលទើប​នឹងបង្ហាញខ្លួន នៅពេល​មានរដ្ឋាភិបាល នៃរបបសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ក្រោយ​ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលគេស្គាល់ថា ជា​រដ្ឋាភិបាល លើកបន្តុបឡើង​ដោយ​ក្រុង​ហាណូយ​នោះឡើយ។

– ប្រវត្តិបន្តរបស់លោក ឌឺហ្គោល ក្នុងអំឡុងពេលសង្គ្រាម និងពេលក្រោយសង្គ្រាម ក៏កាន់តែមាន​ភាព​ខុសស្រឡះ ពីលោក ហ៊ុន សែន ដែរ។ តែ​ការរៀបរាប់ ទាក់ទងនឹងប្រវត្តិរបស់លោក ឌឺហ្គោល នឹងត្រូវជម្រាបជូន​ជាបន្ទាប់ទៀត នៅក្នុងអត្ថបទលើកក្រោយ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ចិន​យក​កម្ពុជា​ធ្វើអាណានិគម តាម​លក្ខណៈ២

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ថា តាម​លក្ខណៈ២ ដែលមហាយក្សចិន អាចយកប្រទេសកម្ពុជា ធ្វើជាអាណានិគម។ លក្ខណៈទាំងពីរនោះ ត្រូវបានប្រធានស្ដីទីគណបក្សប្រឆាំង ទម្លាក់កំហុសទាំងស្រុង ទៅលើលោកនាយករដ្ឋមន្ត្រី ...
កម្ពុជា

សម រង្ស៊ី ស្នើ EU ឲ្យបន្ត​សម្ពាធ​លើ​ក្រុង​ភ្នំពេញ ​រហូត កឹម សុខា ត្រូវ​បាន​ដោះលែងនិង CNRP មាន​ដំណើរការ​ឡើង​វិញ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតមួយ ទៅកាន់តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) ដើម្បីពន្យល់ ពីការវិវត្តន៍ចុងក្រោយ ...
លោក ហ៊ុន សែន (រូបអង្គុយ) កំពុងជល់កែវជាមួយកូន និងកូនប្រសារ ទាំងប្រុស-ស្រីរបស់លោក នៅក្នុងគេហដ្ឋានរបស់លោក។ (រូបថតហ្វេសប៊ុក)
កំសាន្ដ

ហេតុអ្វី ហ៊ុន សែន ឲ្យ​យក​ថ្ងៃ​៤មេសា​១៩៥១ ជា​«ថ្ងៃខែឆ្នាំកំណើត»?

បើសិនជា«ថ្ងៃខែឆ្នាំកំណើត»​របស់បណ្ដាជនទាំងឡាយ នៅលើពិភពលោក មិនអាចត្រូវបានកំណត់ឡើង ​ស្រេចនឹងចិត្តនោះ តែសម្រាប់បុរសខ្លាំងកម្ពុជា «ថ្ងៃខែឆ្នាំកំណើត»ត្រូវបានកំណត់ ឲ្យសមប្រកបតាមព្រឹត្តិការណ៍​នយោបាយ ដែលខ្លួនលោកចង់បាន និងទៅ​តាម​កំហុស​ របស់អ្នកវាយអង្គុលីលេខ ក្នុងសម័យក្រោយឆ្នាំ១៩៧៩។ ឯកសារជាច្រើន ទាំងផ្លូវការនិងមិនផ្លូវការ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.