សូមជូនរឿងនិទាន អំពី​«បាយឆៅ»​របស់មហាសេដ្ឋី…

ទុរ្ភិក្សជនទូទៅ មិនប្រកាន់ខ្លួនឡើយ ក្នុងការស្វែងរកទទួលទាន បើទោះជាចំណីនោះ គ្មាន​​រសជាតិ ឬផ្អូមក៏ដោយ។

ប៉ុន្តែ​ករណីរបស់គណបក្សប្រជាជនកម្ពុជា ដែលព្យាយាម​ចូល​ប្រជុំសភា បើកនិតិកាលថ្មី គ្មានការចូលរួម ពីសំណាក់​ក្រុមបេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោតថ្មី របស់គណបក្ស​សង្គ្រោះ​ជាតិ ហើយឈានទៅបង្កើតរដ្ឋាភិបាលថ្មី (នាយករដ្ឋមន្ត្រីដដែល) នៅ​ថ្ងៃទី២៣ ​ខែកញ្ញា​នេះ មិនមែនជាករណី«រកទទួលទាន»មិនប្រកាន់ចំណីនោះទេ។

ផ្ទុយទៅវិញ នេះជាការទទួលទាន បាយ​ពិសេស​​​«ឆៅ» ដែលគណបក្ស​នេះដាំខ្លួនឯង រៀបចំ​បង្កាត់ភ្លើង និងដាក់គ្រឿងផ្សំខ្លួនឯង ដើម្បីឲ្យខ្លួនឯងបានបន្ត​ជីវិត​មានកម្លាំង​តទៅទៀត។

ជាការពិតហើយ ដែលមកដល់ឆ្នាំ២០១៣នេះ គណបក្សប្រជាជនកម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀបបាន​​ទៅនឹងមហាសេដ្ឋីមួយរូប ដែលមាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ ហើយបើសព្វគ្រាន់តែ​«បាយពិសេស»​​ដែល​មានរស់ជាតិ​ឆ្ងាញ់​​ពិសេស​មួយមុខ មិនមែនថា មហាសេដ្ឋីរូបនេះ គ្មានគ្រឿងផ្សំ ឬបច្ចេកទេស ដើម្បីដាំវាឲ្យមានរសជាតិ ដើម្បីយក​​មក​ទទួល​ទាននោះទេ។

អ្វីដែលសំខាន់នោះ គ្រប់អ្វីៗទាំងអស់ រាប់តាំងពីសម្ភារះ សម្រាប់បង្កាត់ភ្លើង អង្កស្រូវថ្មី​ដែលទើប​នឹង​ចេញ​ច្រូតកាត់បាន ទឹកស្អាត ឆ្នាំងដាំ ឬអ្នកចម្អិននោះទៀតសោត សុទ្ធតែ​ជាទ្រព្យសម្បត្តិ និងជាមនុស្ស របស់​លោក​មហា​សេដ្ឋី​រូបនេះ​ទាំងអស់។ ចង់មិនចង់ បាយ​ត្រូវតែដាំ និងរៀបចំឲ្យបានត្រឹមត្រូវ ហើយពេលវេលា ដែលត្រូវ​ទទួល​ទាន​បាយនោះ​ទៀត​សោធ ក៏ត្រូវតែកំណត់ ឲ្យបានច្បាស់លាស់នោះដែរ ដើម្បីអាចឲ្យលោកសេដ្ឋី អាចកាត់​បន្ថយ ការហេវ​ហត់​អស់កម្លាំង និងអាចបន្តការងារ ទៅមុខទៀតបាន។

តែអ្វីដែលរឿងព្រេងនិទាន មិនបានសរសេរទុក និងនឹកស្មានមិនដល់ គឺបាយអង្ករស្រូវថ្មីរបស់លោកសេដ្ឋី នៅពេលនេះ មិន​ត្រូវបានដាំ ឲ្យឆ្អិនល្អនោះទេ។ លោកសេដ្ឋីខ្លួនឯង ក៏ដឹងដែរថា បើទោះជាគ្រឿងផ្សំរបស់វា មានលក្ខណៈពិសេស គ្រប់បែប​យ៉ាងណា​ក៏ដោយ តែនៅពេលនេះ វាគ្រាន់តែជា«បាយឆៅ»មួយតែប៉ុណ្ណោះ ដែលលោកសេដ្ឋីមិនអាចអត់ទ្រាំ​នឹងបង្ខំ​ខ្លួន​ឯង រួមទាំងមនុស្សនៅជុំវិញផង ឲ្យទទួលទាន ជាមួយលោកនោះឡើយ។

បើទោះទទួលទាន​វាទៅ បាយឆៅ​នឹងធ្វើឲ្យ​លោក«ឈឺចុកពោះ»នោះក៏ដោយ ក៏លោក​មិនបានខ្វល់អ្វី​ច្រើនដែរ ព្រោះលោកគិតថា គ្រូពេទ្យប្រចាំ​គ្រួសារ ថ្នាំពេទ្យ​ដែល​នៅ​ពេញ​ទូថ្នាំ​របស់លោក អាចមានលទ្ធភាពគ្រប់គ្រាន់ នឹងជួយព្យាបាល ឲ្យជាសះស្បើយវិញបាន។

ហេតុការណ៍ ដែលធ្វើឲ្យការដាំបាយ«ពិសេស» ក្លាយជាបាយឆៅ ក៏មានការរួមចំណែក ពីគណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្សប្រឆាំងនោះដែរ។ គណបក្សនេះ​ប្រៀបបាន​ទៅនឹង​មនុស្សមួយ​ក្រុមទៀត ដែលបានស្រក់ទឹកមាត់ ឈរ​មើល​លោកសេដ្ឋី ទទួលទាន​បាយ​«ពិសេស»​នេះ តាំងពីយូរមកហើយ។

មើលមួយភ្លែត គេមានអារម្មណ៍ថា មនុស្ស​ក្រុម​នេះ កំពុងច្រណែន​នឹងលោកសេដ្ឋី ដែល​តែងតែមានបាយ«ពិសេស»​ ទទួលទាន​ជារៀងដរាប រីឯពួកខ្លួន ដែលខិតខំធ្វើការ ដូចជា​ស្វែងរកអុស ដកស្ទូង ច្រូតកាត់ រែកទឹក លាងឆ្នាំង …ខ្លាំងនឹងគេដែរ តែបែរជា​មិនដែលបានស្គាល់អ្វីទៅ ដែល​ហៅ​ថា​«បាយអង្ករស្រូវថ្មី»នោះ មកបរិភោគឡើយ។

ប៉ុន្តែបើគេ​លើកយក កត្តាធម្មជាតិមកវែកញែក ហើយដែលក្រុមប្រឆាំង ​តែង​តែនិយាយ​មិន​ដាច់ពីមាត់នោះ គឺមនុស្សកើតមក ទទេស្អាតដូចគ្នា ដូច្នេះមនុស្សគប្បីរស់នៅ ក្នុង​សមភាព និងទទួល​បាន​យុត្តិធម៌ ស្មើរៗគ្នា។ ក្រុមមនុស្សនេះគិតថា ពួកខ្លួន ក៏គួរតែអាច​ទទួលទាន បាយអង្កស្រូវថ្មីនេះបានដែរ រីឯចំណែកលោក​សេដ្ឋីវិញ ក៏គួរតែងាកមក​ទទួល​ទាន បាយ«អង្ករកន្ទក់»ខ្លះៗ ដូចពួកខ្លួន​កន្លងមកផង។

ការប្រទាញប្រទង់គ្នានេះហើយ ដែលធ្វើឲ្យការរៀបចំ​ចម្អិនបាយ របស់លោកសេដ្ឋី តាំងពី​ដំបូងដៃមក មានភាពប្រទាំង​ប្រទើស មិនមាន«ភាពរលូន»ដូចសិបមួយដងឡើយ រហូត​ដល់លទ្ធផល​ដែលទទួលបាន៖ គឺបាយបាន«ឆៅ»រួច​បាត់​ទៅ​ហើយ។ ដោយពេលវេលាតិច ហើយលោកសេដ្ឋី ត្រូវប្រញាប់ ធ្វើកិច្ចការរបស់លោក​ផងនោះ លោកសេដ្ឋីមិនបាន​​ប្រាប់​ឲ្យ​គេឯង ស្វែងរក«ការពិត»ដែលធ្វើឲ្យបាយឆៅ​នោះទេ។

បង្ខំចិត្តទទួលទាន«បាយឆៅ»

ម្យ៉ាងទៀត លោកសេដ្ឋីក៏បានជ្រាបដែរថា ក្នុងចំណោមមនុស្ស​របស់លោក អាចមាន​អ្នក​ផ្សំ​គំនិត ចូលដៃជើង ជាមួយនឹងក្រុមប្រឆាំង ដូច្នេះការអូសបន្លាយពេលវេលា ឬការស្វែង​រក​​«ការពិត»​​ណាមួយ ពីការចម្អិនបាយឆៅនោះ វានឹងមិនមាន​ផលប្រយោជន៍​អ្វីឡើយ សម្រាប់លោក និងក្រុមគ្រួសារ ក្រៅតែ​ពី«ខាតបង់»​ ពេលវេលា និងទ្រព្យសម្បត្តិប៉ុណ្ណោះ។

ជម្រើសតែមួយ របស់លោកសេដ្ឋីក្នុងពេលនេះ គឺត្រូវបង្ខំចិត្តខ្លួនលោក និងមនុស្សដទៃ​ទៀត ទទួលទានបាយ​នេះទាំងឆៅ ហើយមិនខ្វល់ ពីការបារម្ភខ្លាចឈឺពោះ សូម្បីតែ​ក្ដី​បារម្ភ​នេះ ជាការទាមទារ ពីមនុស្សទាំងនោះផងក៏ដោយ។

រឿងព្រេង​និទាន មិនបាន​បញ្ចប់​ត្រឹមនេះឡើយ ព្រោះ​បាយឆៅដែល​ត្រូវបានចម្អិន ក្នុង​ពេល​កន្លងមក មិនគ្រាន់​តែជាការចម្អិន​​បាយ​ធម្មតា ដូចអ្នកផង​ធ្លាប់ដាំ«ឆៅ»នោះទេ តែជា​ការដាំបាយ​ ដែល​គេបានដឹងថា «ខុសរបៀប» ហើយមានការ«លួចបន្លំ»​គ្រឿងផ្សំ​ថែមទៀត ពីសំណាក់លោកសេដ្ឋីខ្លួនឯង ដែលមិនដែលប៉ះចង្ក្រាន សូម្បីមួយដង។

បន្ទាប់ពីទទួលទានរួច និងដូចបានដឹង ជាមុនរួចហើយនោះ លោកសេដ្ឋី និងបណ្ដាជន ដែលទទួលទានបាយឆៅ បានរង​គ្រោះ​ មិនត្រឹមតែនឹង«អាការះឈឺពោះ»នេះប៉ុណ្ណោះទេ តែធ្ងន់ធ្ងរជាងនេះ រហូតដល់ថ្នាក់«រាករូស» និង«រីងរៃ» ក្រោប​ទៅ​ណាមិនរួច នោះទៀត។

គ្រូពេទ្យប្រចាំគ្រួសារ និងថ្នាំពេទ្យក្នុងទូ រួមទាំង​ការស្វែង​រក​ការព្យាបាល ពីសំណាក់​អ្នកស្រុក​​នោះ​ផង ក៏គ្មានលទ្ធភាព​ណាមួយ អាចធ្វើឲ្យលោកសេដ្ឋី និងជនរងគ្រោះ បាន​ស្រាកស្រាន្ដ​សូម្បីមួយ​នាទី។ សំនួរ​ចោទ​សួរនៅពេលនេះ ថាមកពីអ្វី និងជាកំហុស​នរណា?

ទោះជាយ៉ាងណាក៏ដោយ ក៏លោកសេដ្ឋីនៅតែអាច​លើកដៃចង្អុល ទៅកាន់ក្រុមប្រឆាំងថា គឺពួកនេះហើយ ជាអ្នកដែល​បង្ក​ ឲ្យលោក​ឈឺ​ពោះ រាករូសក្រោបលែងរួច។ មិនតែប៉ុណ្ណោះ តាមរយៈក្រុមគ្រួសាររបស់លោក លោកថែមទាំងនិយាយថា ក្រុមប្រឆាំង​មានបំណង​ចង់បំពុល​សម្លាប់លោកនោះ ថែមទៀតផង។

សំនួរចោទសួរជាបន្តថា តើក្នុងសភាពបែបនេះ ការចង្អុល និងការចោទទម្លាក់កំហុស ទៅលើ​ក្រុមប្រឆាំង នឹងអាចជួយ​ឲ្យ​លោក ជាសះស្បើយមកវិញទេ? តាមពិតទៅ អ្នកដែល​មានសមត្ថភាព អាចព្យាបាលជម្ងឺ ដ៏ចម្លែកនេះបាន មានតែមនុស្ស​ម្នាក់គត់ នោះគឺ​លោកអាចារ្យសិល្ប៍ ដែលកំពុងតាំងធម៌ នៅឯព្រៃហេមពាន។ លោកអាចារ្យរូបនេះ ធ្លាប់​បង្រៀនសិស្ស​ ជា​ច្រើនមកហើយ។

តែបញ្ហាមួយ ដែលលោកសេដ្ឋីធ្លាប់ដឹង ដូចគ្នាដែរនោះ គឺបណ្ដាសិស្ស ដែលចេញពីសាលា របស់​អាចារ្យ​សិល្ប៍ សុទ្ធតែនៅក្នុងក្រុមប្រឆាំងទាំងអស់៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន គាំទ្រ​ឲ្យមាន​ពិធី«ចូលឆ្នាំចិន» ក្នុងក្រសួងមន្ទីររបស់រដ្ឋ

ប្រមុខរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា របបដឹកនាំរបស់លោក គាំទ្រនិងលើកទឹកចិត្ត ឲ្យមានការប្រារព្ធពិធីបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណី និងពិធីបុណ្យសាសនាសំខាន់ៗ ដោយលោកបានលើកយកមកបញ្ជាក់ នូវការអបអរសាទរ របស់មន្ត្រីរាជការមួយចំនួនធំ ...
របាយការណ៍

«មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងរយៈពេល​២០ឆ្នាំ»

នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយៈពេល​២០ឆ្នាំ ឬពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ...
កម្ពុជា

មន្ត្រី CNRP ការពារ​ការលើក​ពេលមាតុភូមិនិវត្តន៍ ថាជា​បញ្ហាបច្ចេកទេស

មន្ត្រីគណបក្សសង្គ្រោះជាតិ ហៅការលើកពេល នៃការធ្វើមាតុភូមិនិវត្តន៍​របស់ក្រុមខ្លួន ថាជា​បញ្ហាបច្ចេកទេស«សុទ្ធសាធ»។ លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានអះអាងដូច្នេះ ខណៈអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...

Comments are closed.