តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវក្រុមអ្នកនយោបាយ យកទៅលាបពណ៌ ផាត់ប្រេងម្សៅបន្ថែម ដែលចង់មិនចង់ បានទាញពលរដ្ឋរូបនោះ ឲ្យធ្លាក់ចូលទៅក្នុងនិន្នាការ របស់ក្រុមខ្លួន។
ដូចក្នុងពេលថ្មីៗនេះ ការថ្លែងតាមវីដេអូខ្លីមួយ ពីសំណាក់តារាកំប្លែងល្បី អ្នកស្រី ស្រេង សុកាន់ដា ហៅខ្ញុង ដែលនិយាយអំពី តម្លៃឡើងថ្លៃ នៃចំណីអាហារ និងសណ្ឋាគារ នៅក្រុងព្រះសីហនុ និងបញ្ហាជនជាតិចិន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនទូទៅ។ ក្រៅពីការគាំទ្រ តារាកំប្លែងល្បីក៏ទទួលបានមកវិញដែរ នូវការថែមប្រេងលាបម្សៅ និងប្រតិកម្ម ពីក្រុមអ្នកមាននិន្នាការនយោបាយ ទាំងស្រប និងប្រឆាំង។
បើនិយាយពីសិទ្ធិ នៃការនិយាយស្ដី ប្រទេសកម្ពុជាមិនសូវជាមានឈ្មោះ ល្អប្រសើរប៉ុន្មានទេ។ ហើយវាក៏ជារឿងដ៏កម្រដែរ ដែលសិល្បករកម្ពុជាបច្ចុប្បន្ន ហ៊ាននិយាយចំៗ រិះគន់ពីចំណុចអវិជ្ជមាន នៅក្នុងសង្គម កុំថាឡើយលើកឡើង ពីបញ្ហាជនជាតិចិន ដែលកំពុងរស់នៅក្រុងព្រះសីហនុ។ ដូច្នេះ ការបញ្ចេញមតិម្ដងៗ របស់ពលរដ្ឋ ពិតជាមានតម្លៃណាស់ ហើយក៏ទទួលបាន ការពេញចិត្តពេញថ្លើម ពីបណ្ដាជនទូទៅដែរ… រហូតលុះត្រាមកដល់ពេលមួយ ដែលមតិយោបល់នោះ ត្រូវបានគេបន្ថែមល្បោយ ដាក់ម្ទេស និងអំបិល…
ករណីរបស់អ្នកនាង ខ្ញុង ខាងលើ ជាឧទាហរណ៍ស្រាប់។ វីដេអូរបស់អ្នកនាងបង្ហោះចេញ មិនបានប៉ុន្មាននាទីផងទេ តែត្រូវបានគណនីផ្សេងទៀត នៅលើបណ្ដាញសង្គម ដកស្រង់យកទៅបង្ហោះបន្តព្រោងព្រាត ជាពិសេសគឺគណនីរបស់អ្នកនយោបាយ ឬអ្នកមាននិន្នការនយោបាយតែម្ដង។
ដូចយ៉ាងគណនី របស់លោក សោភ័ណ្ឌ ឡារី (Sophorn Lary) អតីតតារាសំដែង ដែលសព្វថ្ងៃជាមនុស្សស្និត នឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះវីដេអូ របស់តារាកំប្លែង ដោយដាក់ភ្ជាប់ ជាមួយនឹងរូបថត ដែលនាងពាក់អាវគណបក្សប្រជាជន និងពាក្យពេជន៍វាយប្រហារ ទៅគណបក្សកាន់អំណាចថា៖
«វាល្មមដល់ពេលវេលាហើយ ដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ភ្ញាក់ខ្លួននិយាយការពិត ឈប់និយាយការពារ ពីការអភិវឌ្ឍន៍ក្លែងក្លាយ របស់របបលោក ហ៊ុន សែន។ ថ្មីៗនេះ អ្នកនាង ខ្ញុង ជាតារាកំប្លែង និងជាសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា បានឃើញផ្ទាល់ ពីការលុកលុយអណាធិបតេយ្យរបស់ជនជាតិចិន នឹងសេវាកម្មឡើងថ្លៃនៅលើទឹកដីក្រុងព្រះសីហនុ ក្រោមការដឹកនាំដ៏ឆ្លាតវៃ នៃជនផ្តាច់ការបច្ចុប្បន្ន។ ខ្ញុំ សង្ឃឹមថា បងប្អូនពលរដ្ឋខ្មែរ យុវជន អ្នកសិល្បករសិល្បការិនីដ៏ទៃទៀត ប្រាកដជាភ្ញាក់ខ្លួនដូចតារារូបនេះដែរ។ ប្រទេសជាតិបាត់បង់ ឬរលាយ ក៏មានការរួមចំណែកពីពលរដ្ឋខ្លះ ដែលងប់ងុលនឹងរបបផ្តាច់ការ បច្ចុប្បន្ននេះដែរ។»។
ជាការពិតណាស់ថា ការលើកឡើងរបស់អ្នកស្រី ស្រេង សុកាន់ដា ជាការបង្ហាញពីបទពិសោធន៍មួយ ដែលអ្នកស្រីបានឆ្លងកាត់ ឬអាចនិយាយថា ជាភាពស្មោះត្រង់មួយ របស់អ្នកស្រី ក្នុងនាមជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងសង្គម «មើលឃើញយ៉ាងម៉េច-ថាអញ្ចឹង»។ តែពាក្យសម្តីរបស់អ្នកស្រី ទំនងជាមិនមានចេតនា វាយប្រហារទៅលើរដ្ឋាភិបាល ឬគណបក្សណាមួយឡើយ បើទោះជាគេមើលឃើញថា ការប្រែប្រួលនៅក្រុងព្រះសីហនុ គឺជាការទទួលខុសត្រូវ របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះក្ដី។
ហើយគោលការណ៍ «ពលរដ្ឋនិយម» បែបនេះ ក៏មានពលរដ្ឋជាច្រើន កំពុងទន្ទឹងចង់បាន អំពីមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ ឬអំពីអ្នកគាំទ្រនយោបាយទាំងនោះដែរ។ ជាឧទាហរណ៍ ពលរដ្ឋម្នាក់ បានចូលទៅឆ្លើយតប នឹងការលើកឡើង របស់លោក សោភ័ណ្ឌ ឡាវី ខាងលើថា៖
«សុំមួយទៅលោក សោភ័ណ្ឌ ឡារី… សុំលោកកុំយកបរិបទនយោបាយ មកលាបគាត់អី វាកាន់តែធ្វើឲ្យគាត់មានសម្ពាធ កាន់តែធ្ងន់ធ្ងរទៅៗ… គាត់សុំត្រឹមតែនិយាយត្រង់ៗ រឿងតំម្លៃផ្ទះនៅកំពង់សោមទេ សូមលោកកុំឆក់ឱកាស កេងចំនេញតាមរយៈរូបភាពប៉ុន្មានសន្លឹករបស់លោកខាងលើ ដាក់បង្ហាញជាចំហអី។ លោកខ្លួនឯង ក៏ដឹងហើយ ស្ថានភាពស្រុកខ្មែរវាយ៉ាងម៉េច បើប៉ះពាល់ដល់បក្សកាន់អំណាចនោះ។ រូបភាពនោះ វានឹងឃើញ ទៅដល់ភ្នែកអ្នកដឹកនាំបច្ចុប្បន្ន ហើយពួកគេនឹងមានអារម្មណ៍យ៉ាងម៉េច។ចំពោះអ្នកនាងខ្ញុង គាត់ជាប្រជាជនធម្មតា មិនមានសមត្ថភាពអី ការពារខ្លួនទេ។ សូមកុំពង្រីករឿងឲ្យធំ (…) លោកធ្វើនេះ មិនបានស្រលាញ់ខ្មែរ ពិតប្រាកដទេ ឲ្យតែអញជោគជ័យ អាណាងាប់ ក៏មិនគិតដែរ។»។
នៅពេលនិយាយដល់ «ស្ថានភាពស្រុកខ្មែរ» គេក៏តែងឮ ពីការលើកឡើងជារឿយៗដែរ ទាក់ទងនឹង «ខ្នងបង្អែក» ឬ «ឲ្យគ្នាឯងស៊ី» ឬពាក្យថា «អ្នកមានជម្រើសពីរ៖ ស្រប ឬប្រឆាំងនឹងអញ»។ ដូចពលរដ្ឋម្នាក់ទៀត បានអះអាងឡើងថា៖
«វាមិនចម្លែកទេ ដែលតារាភាគច្រើន ចូលបក្សប្រជាជន ឬបង្អួតខ្លួនថា ជាមនុស្សបក្សប្រជាជន ទោះបីមិនមែនចូល ដោយចិត្តក៏ដោយ… ហេតុអ្វី? ព្រោះបើហ៊ាននិយាយអ្វី ពីការពិតក្នុងសង្គម នឹងត្រូវបានគេចាត់ចូល ក្នុងក្រុមគាំទ្របក្សប្រឆាំង… ហេតុអ្វី? ព្រោះត្រូវបានគេកេងចំណេញ ផ្នែកនយោបាយ ដោយយកការរិះគន់របស់គាត់ ទៅវាយប្រហារ ឬឆ្លុះបញ្ចាំង ទៅបក្សកាន់អំណាច។»។
ដូច្នេះ ការលាបពណ៌ ទៅលើការបញ្ចេញមតិ របស់ពលរដ្ឋ អាចនឹងផ្ដល់ផលអវិជ្ជមាន សម្រាប់សង្គមទៅវិញ។ វាអាចជារនាំង នៃសិទ្ធិនិយាយស្ដី ដោយហេតុថា នៅមុនពេលពលរដ្ឋ ចង់បញ្ចេញមតិអំពីបញ្ហាសង្គម ត្រូវតែមានគំនិតមួយ ចេញមកឃាត់ខ្លួនឯងថា មតិយោបល់អញ នឹងត្រូវគេយកទៅលាបពណ៌បន្ថែម ឬយ៉ាងណា។
ឬបើមិនអញ្ចឹង ពលរដ្ឋទាំងអស់គ្នា រាប់ទាំងសិល្បករផង គួរត្រូវបានលើកទឹកចិត្ត ឲ្យបញ្ចេញមតិ ឬលើកឡើងពីចំណុចអវិជ្ជមាន នៅក្នុងសង្គម ក្នុងនាមជាពលរដ្ឋ ដែលរស់នៅមានសិទ្ធិសេរីភាព ធានាដោយរដ្ឋធម្មនុញ្ញ ដោយមិនចាំបាច់ត្រូវបានគេលាបពណ៌ ផាត់ប្រេងម្សៅបន្ថែមនោះឡើយ៕