តើ«លទ្ធិប្រជាធិបតេយ្យកម្ពុជា» មានលក្ខណៈផុយស្រួយ ខ្លាំងមែនទែន រហូតអាចនឹងក្លាយជា«អនាធិបតេយ្យ» ឬជា«អំណាចផ្តាច់ការ» បានគ្រប់ពេលវេលាឬ? សូមអានបទវិភាគ របស់លោក ហ្សង់ ហ្វ្រង់-ស៊័រ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ដែលបានចែករំលែក ការប្រមើលមើលរបស់លោក នៅលើបណ្ដាញសង្គម នាពេល​មុននេះបន្តិច។

ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុង នៃបទវិភាគរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ជុំវិញ«លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ» របស់កម្ពុជា និងជុំវិញ​ចំណាត់ការរបស់រដ្ឋាភិបាល ដែលមាន«ទ្រង់ទ្រាយ ជាការកាត់បន្ថយសិទ្ធិប្រជាធិបតេយ្យ»៖

លទ្ធិប្រជាធិបតេយ្យ គឺជាអំណាចរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ មាន ន័យថា ប្រជាជន តាមរយៈឥទ្ធិពល​នៃសន្លឹកឆ្នោត​របស់ខ្លួន ជាអ្នកតម្រង់ទិសសកម្មភាព នយោបាយរបស់រដ្ឋាភិបាល។ មានន័យទៀតថា របបមួយ ដែលមិនខ្លាចឆន្ទៈរបស់ប្រជាជនទេ របបនោះ មិនមែនជាលទ្ធិប្រជាធិបតេយ្យឡើយ។

តាមនិយមន័យខាងលើនេះ គេអាចនិយាយបានថា កម្ពុជាគឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យមួយ ទោះជា វានៅមិនទាន់ល្អ​ឥតខ្ចោះក្តី។ គឺជា[ប្រទេស ដែលប្រកាន់តាម]លទ្ធិប្រជាធិបតេយ្យ នៅត្រង់ថា តាំងពីឆ្នាំ២០១៣មក បក្សប្រជាជនកម្ពុជាដែលកាន់អំណាច​ជាច្រើនទសវត្សរ៍កន្លងមកហើយ និងដែលកំពុងបន្ត «ឆ្លុះកញ្ចក់ និងដុសក្អែលខ្លួនឯង» បារម្ភខ្លាចបាត់បង់ការគាំទ្រពីពលរដ្ឋ នៅពេល​បោះឆ្នោត​ម្តងៗ។

រីឯបក្សប្រឆាំងវិញ ដែលបាននិងកំពុងបន្តទាក់ទាញចិត្តប្រជាពលរដ្ឋ បារម្ភខ្លាចមិនមានការគាំទ្រគ្រប់គ្រាន់ ធ្វើឲ្យខ្លួនមិនអាច​ឈ្នះឆ្នោត ជាពិសេសនៅឆ្នាំក្រោយ ឆ្នាំ២០១៨។

ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យកម្ពុជា មានលក្ខណៈផុយស្រួយមែនទែន។ ផុយស្រួយក្នុងន័យថា វាអាចនឹងក្លាយជាអនាធិបតេយ្យ ឬអាចនឹងក្លាយ ជាអំណាចផ្តាច់ការ គ្រប់ពេលវេលា។ ហេតុអ្វី?

គ្រប់លទ្ធិប្រជាធិបតេយ្យ នៅលើផ្លូវដ៏វែងឆ្ងាយរបស់វា តែងតែរង្គោះរង្គើរខ្លាំង យូរៗម្តង។ ក្នុងសតវត្សរ៍ទី២០ លទ្ធិប្រជាធិបតេយ្យអាមេរិកាំង បានទន់ជង្គង់សឹងរលំម្តងៗ នៅក្នុងទសវត្សរ៍ទី៦០ នៅពេលដែលរដ្ឋអំណាចត្រូវប្រឈមមុខ នឹងមហាបាតុកម្មជាច្រើន ដូចជាបាតុកម្ម​របស់​ពលរដ្ឋស្បែកខ្មៅ ដែលទាមទារសិទ្ធិស្មើរគ្នានឹងពលរដ្ឋស្បែកស ឬបាតុកម្មរបស់ចលនាស្ត្រី «ឈានមុខ»ដែលទាមទារសិទ្ធិស្មើរគ្នានឹងបុរស ឬក៏បាតុកម្ម របស់ពួកឆ្វេងនិយមប្រឆាំងនឹងសង្គ្រាមអាមេរិកាំង នៅវៀតណាម។

នៅបារាំងក្នុងឆ្នាំ១៩៦៨ បាតុកម្មរបស់និស្សិត ប្រឆាំងនឹងអំណាចយូរលង់ពេក របស់ឧត្តមសេនីយ៍ «de Gaule» បានធ្វើឲ្យលទ្ធិ​ប្រជាធិបតេយ្យ​នៃប្រទេស រង្គោះរង្គើរខ្លាំង សឹងរលំដំបូលម្តងៗ។ នៅថៃ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងនយោបាយខ្លាំងជ្រុល របស់ពួកអាវក្រហមបាន ជំរុញក្រុម​នាយទាហាន ឲ្យធ្វើរដ្ឋប្រហារនិងព្យួរចោលមួយរយៈ របបប្រជាធិបតេយ្យ។

នៅក្នុងប្រទេសទាំងបីខាងលើ ទោះជាបរិបទនិងព្រឹត្តិការណ៍ មិនមានដំណើរដើមទងដូចគ្នាមែនពិត តែវាមានចំណុចរួមមួយដូចគ្នា៖ ពលរដ្ឋ​ទាមទារពង្រឹង និងពង្រីកសិទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋអំណាចដែលភិតភ័យ កាត់បន្ថយសេរីភាពប្រជាធិបតេយ្យ តាមរយៈការវាយបង្ក្រាប ដើម្បីខ្ទប់ចលនា«បះបោរ»។

នៅកម្ពុជាដូចគ្នាអីុចឹងដែរ លទ្ធិប្រជាធិបតេយ្យបានដើរមកដល់របត់មួយ ប្រកបដោយគ្រោះថ្នាក់ តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នៅ​កម្ពុជា បញ្ហាធំដែលកំពុងចោទឡើង គឺមិនមែនភាពក្រីក្រទេ តែគឺវិសមភាពសង្គម។ សព្វថ្ងៃជាទូទៅ ប្រជាជនមិនក្ររហេមរហាមដូចក្នុងទសវត្សរ៍ទី៨០ និងទី៩០ទៀតទេ។

តែសព្វថ្ងៃ វិសមភាពសង្គម និយាយឲ្យចំគម្លាតរវាងអ្នកមាន និងអ្នកក្រ មានលក្ខណៈធំធេងជាងកាលពី២០ ឬ៣០ឆ្នាំមុនឆ្ងាយណាស់។ អ្វីៗ ក៏ពាក់ព័ន្ធនឹងបញ្ហាវិសមភាពសង្គមដែរ ៖ ប្រាក់ខែកម្មករ និងទ្រពសម្បត្តិរបស់ពួកសេដ្ឋី – ពេទ្យសម្រាប់អ្នកក្រ និងពេទ្យសម្រាប់អ្នកមាន – សាលាកូនអ្នកក្រ និងសាលាកូនអ្នកមាន – ខ្ទមឬផ្ទះតោកយ៉ាករបស់អ្នកក្រ និងវិមានដ៏ធំស្កិមស្កៃ របស់អ្នកមាន – ម៉ូតូរបស់អ្នកក្រ និងរថយន្តធំទំនឿបរបស់អ្នកមាន… ។ល។

និយាយរួម គឺជាការបែងចែកសង្គមជាពីរ (សឹងដូចគ្នានឹងប្រទេសថៃ) រវាងនៅម្ខាង អ្នកមាននិងអ្នកមានអំណាច និងនៅម្ខាងទៀត​អ្នកក្រ​និងបក្សប្រឆាំង។

ទន្ទឹមនេះ នៅកម្ពុជាក៏ដូចនៅប្រទេសអាសីុអាគ្នេយ៍ មួយចំនួនទៀតដែរ ដូចជានៅថៃនិង នៅហ្វីលីពីនជាដើម រដ្ឋពិតជានៅខ្វះលទ្ធភាព ឬនៅខ្វះឆន្ទៈនយោបាយ ក្នុងការធ្វើអន្តរាគមន៍កាត់បន្ថយវិសមភាព ដោយយកពីអ្នកមានទៅជួយអ្នកក្រ ដោយការពារអ្នកខ្សោយ កំុឲ្យ​អ្នកខ្លាំងជិះជាន់។

គឺនៅក្នុងបរិបទនេះហើយ ដែលសន្ទុះនៃការទាមទារ «ប្រជាធិបតេយូបនិយកម្ម» ការពិតគឺការទាមទារសិទ្ធិ ចេះតែកកើតឡើងឥតឈប់ឈរ តាំងពីឆ្នាំ២០១៣មក គឺតាំងពីបក្សប្រឆាំងមានកម្លាំងខ្លាំង ជាងពេលណាៗទាំងអស់ គិតតាំងពី១៩៩៨មក។ ពួកអ្នកក្រីក្រគាំទ្រដោយ សង្គមសីុវិលមួយចំនួន និងបក្សប្រឆាំង ដែលស្អប់ខ្ពើមពួកអ្នកមាន និងពួកអ្នកមានអំណាច នាំគ្នាស្រែកតវ៉ា តវ៉ាទាមទារដំឡើងប្រាក់ខែ តវ៉ាទាមទារយុត្តិធម៌ តវ៉ាទាមទារសេរីភាព តវ៉ាការពារបរិស្ថាន និងទាមទារដីធ្លី តវ៉ាទាមទារសិទ្ធិនេះ និងសិទ្ធិនោះ…។ល។

សម្រាប់រដ្ឋអំណាច ទាំងអស់នេះសុទ្ធសឹងជាមធ្យោបាយ ដែលមានគោលដៅតែមួយគត់ នោះគឺធ្វើឲ្យរដ្ឋាភិបាលធ្លាក់ខ្សោយ ធ្វើឲ្យបក្ស​កាន់អំណាចខូចឈ្មោះ និងបើកផ្លូវទៅរកការផ្លាស់ប្តូរអ្នកដឹកនាំ នៅទីបំផុត។

ម្ល៉ោះហើយ នៅខាងរដ្ឋាភិបាលដែលអាងថា ខ្លួនស្របច្បាប់ដ្បិតប្រសូតចេញ ពីការឈ្នះឆ្នោត គេត្រូវតែចាត់វិធានការ ដើម្បីបង្ការការតវ៉ា ដើម្បីខ្ទប់​ការរើបម្រះ និងដើម្បីវាយបង្ក្រាបការបះបោរ។ ដូចនៅ អាមេរិកនិងបារាំង ក្នុងទសវត្សរ៍ទី៦០ និងដូចនៅថៃប៉ុន្មានឆ្នាំចុងក្រោយនេះដែរ វិធានការ​ដ៏តឹងតែងរបស់រដ្ឋាភិបាលកម្ពុជា កន្លងមកនេះ មានទ្រង់ទ្រាយ ជាការកាត់បន្ថយសិទ្ធិប្រជាធិបតេយ្យដែលប្រកែកមិនបាន។

គឺសម្ពាធពីក្រោម និងសម្ពាធពីលើ និយាយបែបផ្សេង គឺការទាមទារសិទ្ធិប្រជាធិបតេយ្យ និងទន្ទឹមនេះការចាត់វិធានការតបតវិញ ដែល​សុទ្ធសឹង​ជាសកម្មភាព កាត់បន្ថយសិទ្ធប្រជាធិបតេយ្យពីសំណាក់ រដ្ឋអំណាចបែប នេះហើយ ដែលអាចនាំកម្ពុជា ទៅរកស្ថានភាព​អនាធិបតេយ្យ​គ្រប់​ពេលវេលា។ ហេតុអ្វី?

កម្ពូជាមិនមែនអាមេរិក កម្ពុជាមិនមែនបារាំង ដ្បិតនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យនៅមាន វ័យក្មេងខ្ចីនៅឡើយ ហើយស្ថាប័នរដ្ឋនៅមិនមាំទាំទេ។ កម្ពុជាក៏មិនមែនថៃដែរ។ ជាទូទៅ ថៃឆ្លងកាត់វិបត្តិនយោបាយ និងការផ្លាស់ប្តូររបបដោយអហិង្សា។ កម្ពុជាតែងតែប្រទះនឹងហិង្សា ពេលមាន​ព្យុះនយោបាយបោកបក់ម្តងៗ។

ម្ល៉ោះហើយ ទាំងបក្សកាន់អំណាច ទាំងបក្សប្រឆាំង ទាំងសង្គមសីុវិលខ្លះ និងទាំងគ្រប់ចលនា ដែលពូកែកេណ្ឌមនុស្សគួរប្រយ័ត្ន គួរមានស្មារតី ទទួលខុសត្រូវខ្ពស់ មិនត្រូវរុញកម្លាំងអ្នកមាន និងអ្នកមានអំណាច ឲ្យជល់គ្នានឹងកម្លាំងអ្នកក្រទេ គួរចៀសវាងធ្វើយ៉ាងណា កំុឲ្យរលាយ​លទ្ធិ​ប្រជាធិបតេយ្យ និងកំុឲ្យកម្ពុជាធ្លាក់ ក្នុងជ្រោះមរណៈ៕



You may also like

វិភាគ អត្ថាធិប្បាយ

រវាង «ជនសង្ស័យ – ជនត្រូវចោទ – ជនជាប់ចោទ – ពិរុទ្ធជន និង ទណ្ឌិត»

ជានិច្ចកាល គេតែងឃើញ មានការច្រឡំបល់ ជុំវិញការប្រើប្រាស់ ការហៅ ឬដំណាក់កាល ដែលមានចែង នៅក្នុងនីតិវិធីច្បាប់ ស្ដីអំពី «ជនសង្ស័យ / ជនត្រូវចោទ/ ជនជាប់ចោទ/ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ​លើកពី​គន្លឹះសំខាន់៣ ដែល សម រង្ស៊ី អាច​ជួប​«អ្នកគាំទ្រ»​នៅថៃ

លោក ម៉ែន សុថាវរិន្ទ្រ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាង កាលពីយប់ថ្ងៃសៅរ៍ទី២៧ ខែមេសាម្សិលម៉ិញថា បន្ទាប់ពីជំនួបជាមួយ«អ្នកគាំទ្រ» នៅក្នុងប្រទេសកូរ៉េខាងត្បូង មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ...
ទស្សនៈប្រិយមិត្ត

លិខិត​ប្រិយមិត្ត៖ «គណបក្ស​ប្រឆាំង​ពីរត្រួត»

«គណបក្ស​ប្រឆាំង​ពីរត្រួត»៖ ក្រោយការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ថ្មីៗនេះ ប្រធាន​បក្ស​ប្រឆាំង​​ធំបំផុត​បាននិយាយថា “ការបោះឆ្នោត​ឲ្យគណបក្សតូចៗ ជាការបង្ហិន​សន្លឹក​ឆ្នោត”។ គាត់សុំឲ្យពលរដ្ឋ រួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិ ក្រោមហេតុផលថា “មានតែ​សង្គ្រោះជាតិទេ ទើបជាបក្សធំ ដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះគាត់​ក៏បាន​បញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ ...

Comments are closed.

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...