ផែនដីក្រឡាប់ចាក់ នៅរាជធានីម៉ាឌ្រីត! ក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ហៅ អធិរាជអាវស និងជាម្ចាស់ជើងឯកអ៊ឺរ៉ុប បីជំនាន់ជាប់គ្នា បានដួលបះជើងក្នុងយប់ថ្ងៃអង្គារនេះ ទល់នឹងក្រុមអាហ្សាក់អាមស្ទែដាម (Ajax Amsterdam – ហូឡង់)។
នេះ ជាការប្រកួត«ត្រឡប់» សម្រាប់វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩ ហើយក្រុមរៀលបានចាញ់យ៉ាងអាម៉ាស ជាមួយនឹងគ្រាប់បាល់ ១-៤ នៅក្នុងផ្ទះខ្លួនឯង ដែលជាកីឡដ្ឋាន «Bernabeu» នៃរាជធានីម៉ាឌ្រីត។
ហើយវា គឺជាការបង្វិលស្ថានការណ៍ ឲ្យក្រឡាប់ចាក់ទាំងស្រុង ដោយហេតុថា ក្រុមរៀលបានយកឈ្នះក្រុមអាហ្សាក់ ក្នុងការប្រកួត«ទៅ» កាលពីបីសប្ដាហ៍មុន ជាមួយនឹងពិន្ទុ ២-១ នៅក្នុងផ្ទះរបស់ក្រុមអាហ្សាក់ ឯរាជធានីអាមស្ទែដាម។
ក្នុងយប់ថ្ងៃអង្គារនេះ ក្រុមបាល់ទាត់អាហ្សាក់ ដែលសុទ្ធសឹងជាកីឡាករក្មេងៗ តែពោរពេញដោយបច្ចេកទេស ដ៏ច្បាស់លាស់ និងមានល្បឿនលឿននោះ បានចាប់របៀបលេង និងក្រឡាបាល់ របស់ក្រុមអាធិរាជអាវស ដែលត្រូវបានកាត់បន្ថយកម្លាំង ដោយសារអវត្តមាន របស់កីឡាករជាច្រើននាក់ (របួស និងរងការហាមឃាត់)។
គ្រាប់បាល់ទាំង៤គ្រាប់ របស់ក្រុមអាហ្សាក់ រកបានដោយកីឡាករ «Hakim Ziyech» នៅនាទីទី៧ – កីឡាករ «David Neres» នៅនាទីទី១៨ – កីឡាករ «Dušan Tadić» នៅនាទីទី៦២ និងកីឡាករ «Lasse Schöne» នៅនាទីទី៧២។ ចំណែកគ្រាប់បាល់មួយគ្រាប់ របស់ក្រុមរៀល រកបានដោយកីឡាករ «Marco Asensio» នៅនាទីទី៧០។
ក្នុងរយៈពេលតែ១សប្ដាហ៍ ក្រុមរៀលម៉ាឌ្រីត ហៅ«អធិរាជអាវស» បានរបូតអស់ពីខ្លួន នូវតំណែងជើងឯកអ៊ឺរ៉ុបឆ្នាំកន្លងទៅ និងការដណ្ដើមពាន «Coupe du Roi» នៅក្នុងប្រទេសអេស្ប៉ាញ។ កាលពីថ្ងៃពុធសប្ដាហ៍មុន ក្រុមរៀលត្រូវក្រុមអ្នកមានបុណ្យ បាសឺឡូន (FC Barcelone – អេស្ប៉ាញ) បំបាក់ដល់ផ្ទះដូចគ្នា ដោយពិន្ទុ០-៣ សម្រាប់ការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Coupe du Roi»។
នៅក្នុងក្របខណ្ឌប្រកួតវិលជុំ «La Liga» ដើម្បីបូកពិន្ទុដណ្ដើមជាជើងឯក នៃប្រទេសអេស្ប៉ាញប្រចាំឆ្នាំ ក៏ក្រុមរៀលមិនមានពិន្ទុល្អដែរ។ ឈរនៅចំណាត់ថ្នាក់លេខ៣ ក្រុមអាធិរាជអាវស ត្រូវបានក្រុមបាសឺឡូនបំបាក់ជាថ្មីទៀត កាលពីថ្ងៃសៅរ៍មុននេះ ក្នុងផ្ទះខ្លួនឯងដដែល ដោយពិន្ទុ០-១៕