តារារបស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ ណីម៉ា (Neymar) កំពុងរងបណ្ដឹងមួយ ពីបទរើសអើង ប្រឆាំងជនស្រឡាញ់ភេទដូច នៅក្នុងប្រទេសប្រេស៊ីល។
បណ្ដឹងដែលដាក់ឡើង ទៅស្ថាប័នអយ្យការក្រុង «Sao Paulo» ដោយសកម្មជនការពារសិទ្ធិ អ្នកស្រឡាញ់ភេទដូច ធ្វើឡើងក្រោយការបែកធ្លាយ សារសម្លេងមួយ របស់ខ្សែប្រយុទ្ធរូបនេះ ដែលបានហៅបុរសម្នាក់ ដែលជាសង្សារបស់ម្ដាយខ្លួន ថាជា«ប្រុសខ្ទើយ»។
ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក ស្ថាប័នអយ្យការ នៃក្រុង«Sao Paulo» អះអាងកំពុងត្រូវបានរដ្ឋអាជ្ញា ធ្វើការពិនិត្យ តែនៅមិនទាន់អះអាងថា ខ្លួននឹងសម្រេចបើកការស៊ើបអង្កេត ឬយ៉ាងណានៅឡើយ។
សកម្មជនការពារសិទ្ធិ អ្នកស្រឡាញ់ភេទដូច លោក «Agripino Magalhaes» បានប្រកាសឲ្យដឹងថា លោកបានដាក់បណ្ដឹង ប្រឆាំងនឹងកីឡាករ ណីម៉ា ពីបទចោទ ចំនួនពីរករណី គឺ«ឧក្រិតដ្ឋកម្ម ប្រឆាំងជនស្រឡាញ់ភេទដូច និងការញុះញង់ ឲ្យមានការស្អប់ខ្ពើម»។
លោក «Agripino Magalhaes» បានបន្ថែមថា លោកកំពុងស្នើឲ្យមេធាវី ទាមទារទៅតុលាការ ដើម្បីដកហូតលិខិតឆ្លងដែន របស់កីឡាករ ដើម្បីអ្វីមួយ ដែលសកម្មជនរូបនេះ អះអាងថា ខ្លាចកីឡាករខ្សែប្រយុទ្ធ គេចចេញពីការផ្ដន្ទាទោស របស់ប្រព័ន្ធយុត្តិធម៌ប្រេស៊ីល។
ការជេបញ្ចោរជាលក្ខណៈឯកជន របស់កីឡាករ ណីម៉ា បានបែកធ្លាយ នៅក្នុងរយៈពេលចុងក្រោយនេះ នៅតាមបណ្ដាញផ្សព្វផ្សាយ។
ពាក្យសំដីនោះ ជាការជជែកជាមួយមិត្តភ័ក្រ ហើយត្រូវបានគេស្ដាប់ឮថា ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះ បានហៅលោក «Tiago Ramos» ដែលជាសង្សាអាយុ២៣ឆ្នាំ របស់ម្ដាយខ្លួន អាយុ៥២ឆ្នាំ ថាជា«ប្រុសខ្ទើយ» និងជា«Bugger (ដែលចូលចិត្តសេពកាម តាមរន្ធគូទ)។
ក្នុងសារដដែល គេឮសូរមិត្តភ័ក្រម្នាក់ របស់កីឡាករ ណីម៉ា បាននិយាយបន្ថែមថា ត្រូវយក«អំបោស បុកប្រហោងគូទ»របស់បុរស ដែលជាសង្សាវ័យក្មេងរូបនោះ។
អ្នកស្រី «Nadine Gonçalves» ម្ដាយអាយុ៥២ឆ្នាំ របស់កីឡាករ ណីម៉ា បានប្រកាសជាសាធារណៈ កាលពីខែមេសា ឲ្យដឹងអំពីទំនាក់ទំនងស្នេហា របស់អ្នកស្រី ជាមួយលោក «Tiago Ramos» ដែលមានអាយុ២៣ឆ្នាំ។
នៅបន្តិចក្រោយមក បណ្ដាញសារព័ត៌មាន បានរកឃើញថា បុរសសង្សាវ័យក្មេង ជាមនុស្សស្រឡាញ់ភេទទាំងពីរ (រួមភេទ ទាំងជាមួយមនុស្សប្រុស និងស្ត្រី)៕