ម្ចាស់ជើងឯកពីរជំនាន់ ក្របខណ្ឌបូកពិន្ទុ របស់ចក្រភពអង់គ្លេស ក្រុមបាល់ទាត់ មែនឆេស្ទ័រ-ស៊ីធី (Manchester City) អាចត្រូវបណ្ដេញចេញមួយរដូវកាល ពីការប្រកួតក្របខណ្ឌអ៊ឺរ៉ុប ជាពិសេសពីក្របខណ្ឌ «Champions League» បន្ទាប់ពីក្រុមមួយនេះ ត្រូវក្រុមអ្នកស៊ើបអង្កេត របស់សហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA) រកឃើញពីការរំលោភធ្ងន់ធ្ងរ ស្តីពីក្រិត្យក្រមនៃខ្ទង់ចំណាយ-ចំណូល។
ជាព័ត៌មានដែលចេញផ្សាយ ដោយសារព័ត៌មានអាមេរិក «The New York Time» កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ម្សិលម៉ិញ និងដែលធ្វើឲ្យកក្រើក នៅក្នុងពិភពបាល់ទាត់ទាំងមូល នៅថ្ងៃនេះ។
«The New York Time» បានស្រង់ប្រភពមន្ត្រីស្និតនឹងសំនុំរឿង មកបញ្ជាក់ថា សហភាពបាល់ទាត់អ៊ឺរ៉ុប នឹងព្យួរក្រុម មេនឆេស្ទ័រស៊ីធី ចេញពីការប្រកួតក្របខណ្ឌអ៊ឺរ៉ុប បន្ទាប់ពីបានរកឃើញថា ក្រុមបាល់ទាត់មួយនេះ បានក្លែងបន្លំកិច្ចសន្យាឧបត្ថម្ភ ដែលជាខ្ទង់ចំណូលរបស់ខ្លួន។
តាំងពីដើមខែមិនាកន្លងមក ក្រុមមេនស៊ីធី បានរងការអង្កេត ពីសំណាក់ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប ជុំវិញការសង្ស័យថា បានរំលោភជាច្រើនករណី ទៅលើក្រិត្យក្រមនៃខ្ទង់ចំណាយ-ចំណូល ដែលដាក់កំហិត ទៅលើក្រុមបាល់ទាត់ទាំងឡាយ មិនឲ្យចាយលុយ«ហួសជ្រុល» ពីអ្វីដែលខ្លួនរកចំណូលបាន។
ក្នុងពេលភ្លាមៗ ស្ថាប័នគ្រប់គ្រង់ «Premier League» របស់អង់គ្លេស បានប្រកាសឡើងថា ខ្លួនក៏បានស៊ើបអង្កេត ទៅលើខ្ទង់ចំណាយ-ចំណូល របស់ម្ចាស់ជើងឯកពីរជំនាន់ របស់ខ្លួនដែរ។
មែន-ស៊ីធី ប្រតិកម្មតប!
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយ ក្នុងរសៀលថ្ងៃទី១៤ ខែឧសភា ក្រុមបាល់ទាត់សាមី បានថ្លែងថា ដំណឹងខាងលើអាចជាងការប្រឌិតឡើង របស់ជនណាម្នាក់ ឬក្រុមណាមួយ ដើម្បីចេតនាបំបាក់ រូបភាពរបស់ខ្លួន។
ក្រុម មេនស៊ីធី បញ្ជាក់ថា ខ្លួនសហការយ៉ាងពេញទំហឹង ជាមួយការស៊ើបអង្កេតរបស់ «UEFA» ហើយបានរំលឹកឡើងវិញ ពី«ការប្ដេជ្ញាចិត្តរបស់ “UEFA” កាលពីថ្ងៃទី៧ ខែមិនា ដែលថា ស្ថាប័ននេះនឹងមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ចំពោះសំនុំរឿងខាងលើ ប្រសិនជាការស៊ើបអង្កេត កំពុងដំណើរការនៅឡើយ»។
ម្ចាស់ជើងឯកពីរជំនាន់ បានបន្តថា៖
«របាយការណ៍របស់ “The New York Time” ដែលបញ្ជាក់ប្រភព ចេញពីមន្ត្រីស្និតនឹងសំនុំរឿង មានសភាពគួរឲ្យព្រួយបារម្ភណាស់។ (…) នីតិវិធីរបស់ ស្ថាប័នអង្កេតសំនុំរឿង (ស្ថាប័ននោះ ឈ្មោះ “Club Financial Control Body Investigatory Chamber”) ត្រូវបានបង្ហាញចេញទាំងមិនត្រឹមត្រូវ ដោយបុគ្គលមួយចំនួន ដែលមានបំណង ចង់បំបាក់រូបភាពរបស់ក្លឹប និងដើម្បីផលប្រយោជន៍ លុយកាក់ផ្ទាល់ខ្លួន។»
សារព័ត៌មានអាមេរិក បានបញ្ជាក់ទៀតថា ការសម្រេចរបស់ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប អាចនឹងប្រកាសឲ្យដឹងជាផ្លូវការ នៅក្នុងសប្ដាហ៍នេះ។ តែសារព័ត៌មានមិនបានអះអាងថា តើក្រុមមេនស៊ីធី នឹងត្រូវបណ្ដេញចេញ ពីការប្រកួតក្របខណ្ឌអ៊ឺរ៉ុប សម្រាប់រដូវកាលក្រោយ (២០១៩-២០២០) ឬរដូវកាលបន្ទាប់ (២០២០-២០២១) នោះទេ។
យ៉ាងណា បើសេចក្ដីសម្រេចរបស់សហភាពបាល់ទាត់អ៊ឺរ៉ុប ពិតជាឈាន ទៅដល់ដំណាក់កាលនោះមែន ក៏ក្រុមមេនស៊ីធី នៅតែអាចប្ដឹងឧទ្ធរណ៍ ដោយជំទាស់សេចក្ដីសម្រេចនេះ ឡើងទៅតុលាការអាជ្ញាកណ្ដាល ទទួលបន្ទុកកីឡា ដែលមានទីតាំងក្នុងប្រទេសស្វីស បានដែរ។
ការបែកធ្លាយ ក្នុងវិស័យកីឡាបាល់ទាត់អ៊ឺរ៉ុប ដែលមានឈ្មោះ ហៅថា «Football Leaks» បានឲ្យដឹងថា ក្រុមមែន-ស៊ីធី ដែលជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ ដ៏មានឥទ្ធិពល នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានទទួលបានការជួយឧបត្ថម្ភ ពីសំណាក់កិច្ចសន្យាជាច្រើន ធ្វើចេញពីប្រទេសនេះ ក្នុងរយៈពេល៧ឆ្នាំ មានកម្រិតរហូតដល់ទៅ ២,៧ពាន់លានអ៊ឺរ៉ូ (ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក)។
កាលពីឆ្នាំ២០១៤ ក្រុម មែនឆេស្ទ័រ-ស៊ីធី បានរងការពិន័យជាប្រាក់ រហូតដល់៦០លានអ៊ឺរ៉ូ ម្ដងហើយ បន្ទាប់ពីត្រូវបាន «UEFA» រកឃើញពីការរំលោភលើក្រឹត្យក្រម នៃខ្ទង់ចំណាយ-ចំណូល ដូចគ្នានេះ៕