ក្រុមជម្រើសជាតិ អ៊ីតាលី បានទទួលសំបុត្ររបស់ខ្លួន ដើម្បីឡើងទៅប្រកួត នៅវគ្គ«ផ្ដាច់ព្រ័ត្រ» បន្ទាប់ពីបានយកឈ្នះ លើក្រុម អេស្ប៉ាញ ក្នុងការប្រកួតវគ្គ១/២ ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងយប់ថ្ងៃអង្គារនេះ នាកីឡដ្ឋាន«Wembley» រាជធានីឡុងដ៍ នៃចក្រភពអង់គ្លេស។
បើពិនិត្យពីសាច់បាល់ និងបច្ចេកទេសលេង ក្រុម អេស្ប៉ាញ បានបង្ហាញប្រៀប គ្របទៅលើក្រុមអ៊ីតាលី សឹងតែទាំងស្រុង។ តែការមានប្រៀប មិនមានន័យថា ក្រុម អេស្ប៉ាញ មានឱកាសរកគ្រាប់បាល់ បានច្រើន និងមានប្រសិទ្ធិភាព ជាងក្រុមអ៊ីតាលីនោះទេ។
ផ្ទុយទៅវិញ ក្រុម«La Roja (រហស្សនាមរបស់ក្រុមអេស្ប៉ាញ)» បានបើកឱកាសឲ្យក្រុមអ៊ីតាលី វាយឆ្មក់ត្រឡប់វិញម្ដងៗ រហូតត្រូវបានក្រុមនេះ រកគ្រាប់បាល់បានមួយគ្រាប់មុន (១-០) នៅនាទីទី៥៩ ដោយកីឡាករ«Federico Chiesa»។
នៅចំពោះការនាំមុខរបស់ក្រុមអ៊ីតាលី គ្រូបង្វឹក-ដឹកនាំរបស់ក្រុមអេស្ប៉ាញ លោក«Luis Enrique» ចាំបាច់ត្រូវប្ដូរយុទ្ធសាស្ត្រ និងធ្វើការប្ដូរកីឡាករ ដើម្បីបន្ថែមកម្លាំង ជាពិសេសកម្លាំងវាយសម្រុក ដែលធ្វើឲ្យក្រុមអេស្ប៉ាញ រកគ្រាប់បាល់ស្មើមកវិញ (១-១) នៅនាទីទី៨០ ដោយកីឡាករ «Morata»។
ការប្រកួតទៅវិញទៅមក នៅរក្សាលទ្ធផលស្មើ (១-១) ដដែល ទាំងក្នុងពេលប្រកួត៩០នាទី និងការបន្ថែមម៉ោង ១៥-១៥=៣០នាទី តម្រូវឲ្យការប្រកួត ឈានដល់ដំណាក់កាលទាត់បាល់កាត់សេចក្ដី ម្ខាង៥គ្រាប់។ ក្នុងដំណាក់កាលនេះ កីឡាករអេស្ប៉ាញពីរនាក់មិនបានទាត់បាល់បញ្ចូលទីក្រុមអ៊ីតាលីទេ ខណៈកីឡាករអ៊ីតាលីតែម្នាក់ប៉ុណ្ណោះ ដែលទាត់មិនចូលទីក្រុមអេស្ប៉ាញ។
ក្រុមអ៊ីតាលី ត្រូវរងចាំលទ្ធផល ដែលចេញពីការប្រកួត នៅយប់ថ្ងៃស្អែក រវាងក្រុមអង់គ្លេស និងក្រុមដាណឺម៉ាក ដើម្បីដឹងពីគូប្រកួតរបស់ខ្លួន។ ការប្រកួតវគ្គ«ផ្ដាច់ព្រ័ត្រ» នឹងត្រូវប្រព្រឹត្តិទៅក្នុងកីឡដ្ឋាន«Wembley»ដដែល នៅយប់ថ្ងៃអាទិត្យខាងមុខ៕