កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ការបញ្ចប់​ការប្រកួត​ដ៏អស្ចារ្យ​រវាង ក្រុម​«ហ្វូហ្វេនហាម» និង​«បាយ៉ឺន»

រយៈពេល១៥នាទីចុងក្រោយ នៃការប្រកួត រវាងក្រុម ហ្វូហ្វេនហាម (1899 Hoffenheim – អាល្លឺម៉ង់) និងក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង) កាលពីល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ត្រូវបានកត់សម្គាល់ ដោយឈុតឆាកដ៏អស្ចារ្យមួយ កម្រធ្លាប់មាន នៅក្នុងពិភពបាល់ទាត់។

ការប្រកួតនោះ ជាការប្រកួត ជុំទី២៤ ក្របខណ្ឌបូកពិន្ទុ «Bundesliga» របស់ប្រទេសអាល្លឺម៉ង់។ ក្រុម បាយ៉ឺន បានបង្ហាញមហិទ្ធិរិទ្ធិរបស់ខ្លួន ដោយលត់ក្រុម ហ្វូហ្វេនហាម ដោយគ្រាប់បាល់ ៦-០ នៅត្រឹមតែនាទីទី ៦២ប៉ុណ្ណោះ។

តែចាប់ពីនាទីទី ៦៦ អាជ្ញាកណ្ដាលបានផ្អាកការប្រកួត ជាលើកទី១ ដោយសារមានបដា«ជេរបញ្ចោរ»មួយ របស់អ្នកគាំទ្រក្រុម បាយ៉ឺន ដែលសរសេរ«ជេរម្រាយ» មហាសេដ្ឋី លោក «Dietmar Hopp» ដែលជាម្ចាស់ក្រុម ម្ចាស់ក្លឹប ហ្វូហ្វេនហាម។

បីនាទីក្រោយមក ការប្រកួតបានបន្តធ្វើ បន្ទាប់ពីគ្រូបង្វឹកក្រុម បាយ៉ឺន និងក្រុមការងារ របស់ក្រុមនេះមួយចំនួន បានចេញទៅស្រែក ឲ្យអ្នកគាំទ្រខ្លួន ដកបដានោះចេញ។

លុះមកដល់នាទីទី ៧៨ អាជ្ញាកណ្ដាលបានផ្អាកការប្រកួត ជាលើកទី២ ព្រោះពួកអ្នកគាំទ្រក្រុម បាយ៉ឺន ដដែល បានលើកបដាថ្មីមួយទៀត ប្រឆាំងនឹងលោក «Dietmar Hopp»។ ការផ្អាកការប្រកួត ជាលើកទី២ បានបង្ខំឲ្យគ្រូបង្វឹក និងកីឡាករក្រុម បាយ៉ឺន សឹងតែទាំងអស់គ្នា ចេញមុខនិយាយ ជាមួយក្រុមអ្នកគាំទ្រ ដើម្បីស្នើ​ឲ្យទម្លាក់បដា​ទាំងនេះចោល។

ប្រតិភូសហព័ន្ធ នៅនឹងកន្លែង ដែលជាអ្នករៀបចំ ការប្រកួតបាល់ទាត់អាជីព ក្នុងប្រទេសអាល្លឺម៉ង បានប្រកាស តាមឧឃោសនស័ព្ទ ក្នុងកីឡដ្ឋានថា បើការប្រកួតនេះ ត្រូវបានផ្អាកជាលើកទីបី នោះក្រុម បាយ៉ឺន នឹងត្រូវបានកាត់សេចក្ដី ឲ្យចាញ់ក្រុម ហ្វូហ្វេនហាម ដោយស្វ័យប្រវត្តិ។ នេះ បើទោះជាក្រុមនេះ រកបានគ្រាប់បាល់​ រហូតដល់ទៅ ៦គ្រាប់ក៏ដោយ។

ទីបំផុត ការប្រកួតបានបន្តជាថ្មី នៅនាទីទី ៧៩ តែធ្វើឡើងក្រោមទិដ្ឋភាព ដ៏អស្ចារ្យ។ នោះ គឺក្រុមកីឡាករទាំងសងខាង បានចូលមកក្នុងទីលានវិញ ដោយគ្រាន់តែពីបញ្ជូនបាល់ ឲ្យគ្នាទៅវិញទៅមក (វីដេអូខាងក្រោម) ដើម្បីបង្ហាញពីកាយវិការជំទាស់ តបនឹងសកម្មភាពរបស់អ្នកគាំទ្រ។

ប្រាកដណាស់ថា ក្រុម បាយ៉ឺន នឹងរងការពិន័យ ពីសំណាក់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ដោយសារទង្វើ របស់អ្នកគាំទ្រខ្លួនខាងលើ។ យ៉ាងណា នាយកក្រុម បាយ៉ឺន លោក «Karl-Heinz Rummenigge» បានប្រកាសពីចំណាក់ការ ដ៏ម៉ឺងម៉ាត់របស់ក្លិប ប្រឆាំងនឹងអ្នកគាំទ្រទាំងនេះ ដោយលោកចាត់ទុកថា បានប្រព្រឹត្តិនូវសកម្មភាព ដ៏«ល្ងីល្ងើ» និងប្រឆាំងនឹង«បាល់ទាត់»៕



You may also like

កីឡា និងបច្ចេកវិទ្យា

Champions League៖ បាយ៉ឺន បំបាក់មុខ បាសឺឡូន ៨-២ ចាស់ដៃ

មិនធ្លាប់មានពីមុនទេ រាប់ពីឆ្នាំ១៩៤៥មក នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម បាសឺឡូន (FC Barcelonne – អេស្ប៉ាញ) ដែលរងការ«បំបាក់មុខ» ដោយទទួលគ្រាប់បាល់ ពីគូប្រកួតរហូតដល់ទៅ ៨គ្រាប់។ ក្នុងយប់ថ្ងៃសុក្រនេះ ...
កីឡា និងបច្ចេកវិទ្យា

Champions League ៖ លីយ៉ុង-បាសឺឡូន រកមួយគ្រាប់គ្មាន

បន្ទាប់ពីមិនបានឆ្លងវគ្គ សម្រាប់ក្របខណ្ឌ​ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» អស់រយៈពេល​ជាច្រើនឆ្នាំ​កន្លងមក ក្រុមតោបារាំង លីយ៉ុង (Olympique Lyonnais – បារាំង) បានឡើងមកប្រកួត ក្នុងវគ្គ១ភគ៨ផ្ដាច់ព្រ័ត្រ ...
កីឡា និងបច្ចេកវិទ្យា

ហាមលេង៥ប្រកួត​និងពិន័យ៤ម៉ឺនអ៊ឺរ៉ូ ព្រោះស្ដោះ​ទឹកមាត់​ដាក់គូប្រកួត

ព្រោះស្ដោះ​ទឹកមាត់​ដាក់គូប្រកួត កាលពីបីថ្ងៃមុន ខ្សែប្រយុទ្ធរបស់ក្រុម «Borussia Mönchengladbach» កីឡាករ «Marcus Thuram» បានរងទណ្ឌកម្ម ដោយហាមការប្រកួត ចំនួន៥ប្រកួត និងពិន័យជាប្រាក់ ៤ម៉ឺនអ៊ឺរ៉ូ។ ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...