ដំណឹងពិភពលោក

ដូណាល់ ត្រាំ ចង់ធ្វើ​ជំនួប​«G7»​ឆ្នាំនេះ នៅ​«Camp David»

ជំនួបកំពូល របស់មហាអំណាចឧស្សាហកម្មទាំង៧ ឬហៅកាត់ថា «G7» ដែលគ្រោង​ជួបគ្នា តាម​រយៈទូរស័ព្ទវីដេអូ​ (Video Conference) អាចនឹងត្រូវរៀបចំ ឲ្យជួបគ្នាផ្ទាល់ នៅក្នុង «Camp David» តាមបំណងរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។

ប៉ុន្តែសមភាគីរបស់លោក ត្រាំ នៅមិនទាន់​អឺអើជាមួយ​នៅឡើយ ជាពិសេសសមភាគី បារាំង កាណាដា និងអាល្លឺម៉ង់។

តាមរយៈទំព័រទ្វីសធើរ លោក ដូណាល់ ត្រាំ បានសរសេរថា៖

«ដោយឥឡូវនេះ ប្រទេសយើងកំពុង “ផ្លាស់ប្តូរ ត្រឡប់ទៅរក​ភាពអស្ចារ្យវិញ” ខ្ញុំកំពុង​ពិចារណា រៀបចំជំនួប G7 ក្នុងកាលបរិច្ឆេទ​ដូចគ្នា ឬប្រហាក់ប្រហែល នៅឯ “Camp David” ដ៏អស្ចារ្យ ក្បែររដ្ឋធានី​វ៉ាស៊ីនតោន។ សមាជិក [G7] ដទៃទៀត ក៏កំពុងវិលត្រឡប់ មករកស្ថានភាព​ដើមវិញដែរ។ វានឹងក្លាយ​ជានិមិត្តរូប ដ៏អស្ចារ្យមួយ សម្រាប់​ពិភពលោក – គឺធ្វើមករក ភាពធម្មតាវិញ!»

វិមានប្រធានាធិបតីបារាំង ឬវិមាន «Élysée» បានអះអាងថា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ត្រៀមខ្លួនជានិច្ច ក្នុងការធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំនួប​កំពូល​ប្រចាំឆ្នាំ​មួយនេះ។ តែវិមាន «Élysée» បានបញ្ជាក់ថា៖

«ត្រូវស្របតាម ស្ថានភាព​ជាក់ស្ដែង ដោយការប្រុងប្រយ័ត្ន បើសិនជាលក្ខខណ្ឌ​សុខាភិបាល អាចអនុញ្ញាត​ឲ្យធ្វើដំណើរបាន។»

សម្រាប់នាយករដ្ឋមន្ត្រីកាណាដា លោក ចាស​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) វិញ កាន់តែបង្ហាញ ភាព​ប្រុងប្រយ័ត្ន​ខ្លាំងឡើង ចំពោះបំណងខាងលើ ដោយគូសបញ្ជាក់ អំពីការសិក្សាឲ្យបានច្បាស់ អំពីវិធានាការទាំងឡាយ ដែលនឹងត្រូវប្រើប្រាស់ នៅក្នុង​ជំនួបនេះ និងជាពិសេស ត្រូវសិក្សាពី «អនុសាសន៍ទាំងឡាយ» របស់អ្នកជំនាញ។

រីឯអធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) វិញ បានបង្ហាញ​ជំហរ​រារែក ចំពោះការលើកឡើង របស់លោក ដូណាល់ ត្រាំ។ អ្នកស្រី បានលើកឡើង ជាលក្ខណៈ​ការទូតថា៖

«ទោះជាជំនួប ធ្វើឡើងក្នុងទម្រង់ បែបទូរស័ព្ទវីដេអូ ឬអ្វីដ៏ដោយ ខ្ញុំនឹងតស៊ូ ជាមួយ​ភាពប្រាកដ​និយម ដើម្បីលទ្ធិពហុនិយម។»

«Camp David» ជាជំរុំ​ភូមិគ្រឹះផ្លូវការ របស់ប្រធានាធិបតីអាមេរិក ដែលស្ថិតក្នុង​តំបន់​ព្រៃភ្នំមួយ នៃរដ្ឋម៉ារីឡែន (Maryland) មិនឆ្ងាយប៉ុន្មាន ពីរដ្ឋធានីវ៉ាស៊ីនតោន និង​ងាយស្រួល ក្នុងការរឹតបន្តឹង​សន្តិសុខ។ ជំរុំភូមិគ្រឹះ ដ៏ស្រស់ស្អាតនេះ តែងត្រូវបាន​រៀបចំ ដើម្បីទទួល​ជំនួប​សំខាន់ៗ ជាលក្ខណៈ​អន្តរជាតិ មិនតិចដងទេ។

គួរជម្រាបជូនដែរថា ជំនួប «G7» ឆ្នាំ២០១២ ក៏ធ្លាប់បានធ្វើ នៅទីនោះដែរ ក្រោម​សម័យកាល នៃលោក​​ប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា (Barack Obama)៕



You may also like

ដំណឹង

ត្រាំ ផ្ដល់​ភ្លើងខៀវ​ឲ្យ​ផលិត​«កំពូល​កាំជ្រួច» ដែល​លឿន​ជាងគេ​បំផុត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេច​នៅថ្ងៃ​សុក្រ​នេះ ឲ្យផលិត«កំពូល​កាំជ្រួច» ដែលជាកាំជ្រួចប្រភេទថ្មី លឿនជាងសម្លេង និងលឿនជាង​កាំជ្រួច ដែល​ប្រទេស​រុស្ស៊ី ឬចិន ...
ដំណឹង

កិច្ច​អន្តរាគមន៍​ប្រធានាធិបតី ម៉ាក្រុង ដើម្បី​ចេញ​ពី​«វិបត្តិ​អាវ​កាក់​លឿង»

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងតាមកញ្ចប់ទូរទស្សន៍ ទៅកាន់ប្រជាជាតិ ក្នុងយប់ថ្ងៃចន្ទនេះ ដោយលើកឡើងពីវិធានការ មួយចំនួន ដើម្បីឲ្យប្រទេសបារាំង អាចចេញពី«វិបត្តិអាវកាក់លឿង» ...
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្នុងវិមានប្រធានាធិបតី។ (រូបថតផ្លូវការរបស់វិមានប្រធានាធិបតី)
ដំណឹង

២០២១៖ ម៉ាក្រុង ជូនពរឆ្នាំថ្មីជុំវិញ«Covid-19 វ៉ាក់សាំង Brexit…»

លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានប្រើប្រាស់ឱកាស នៃប្រពៃណីជូនពរឆ្នាំថ្មី នៅយប់​ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០ ដើម្បីលើកឡើង អំពីជំងឺរាតត្បាត ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...