ដំណឹងពិភពលោក

លិខិតឆ្លងដែន​ជប៉ុន​ខ្លាំងក្រៃ ខណៈ​កម្ពុជា​លេខ​៨៤ ពីក្នុង​១០៤​ចំណាត់ថ្នាក់

សហគ្រាស «Henley & Partners» ក្នុងចក្រភពអង់គ្លេស ទើបនឹងចេញរបាយការណ៍មួយ ស្ដីពីចំណាត់ថ្នាក់ឆ្នាំ២០១៩ នៃ លិខិតឆ្លងដែន មកពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក ដែលអនុញ្ញាត ឲ្យម្ចាស់លិខិតឆ្លងដែន អាចធ្វើដំណើរ​ ទៅក្រៅប្រទេសបាន ដោយមិនចាំបាច់ សុំទិដ្ឋការជាមុន។

ពីក្នុងបញ្ជីចំណាត់ថ្នាក់ ទាំង១០៤នោះ លិខិតឆ្លងដែន របស់រាជាណាចក្រជប៉ុន ត្រូវបានចាត់ទុកថា មានឥទ្ធិពលជាងគេ ដោយម្ចាស់លិខិតឆ្លងដែន អាចធ្វើដំណើរទៅកាន់១៩០ប្រទេស ដោយមិនចាំបាច់មានទិដ្ឋការ។ បន្ទាប់មក មានលិខិតឆ្លងដែន របស់ប្រទេសសិង្ហបូរី និងកូរ៉េខាងត្បូង ទទួលបានលេខពីរ ដោយអាចធ្វើដំណើរ ទៅកាន់១៨៩ប្រទេស ដោយសេរី។

នៅក្នុងចំណាត់ថ្នាក់បន្តបន្ទាប់ គេឃើញបណ្ដាប្រទេស នៅលោកខាងលិច សុទ្ធតែមានលិខិតឆ្លងដែន របស់ផងខ្លួន អាចធ្វើដំណើរទៅកាន់ប្រទេសផ្សេង បានយ៉ាងច្រើនលើសលប់។

ចំពោះលិខិតឆ្លងដែន នៃរាជាណាចក្រកម្ពុជាវិញ ទទួលបានចំណាត់ថ្នាក់ លេខ ៨៤ ដោយអាចធ្វើដំណើរ ទៅកាន់ប្រទេសចំនួន ៥៤ ដោយមិនចាំបាច់សុំទិដ្ឋការ។ ចំណាត់ថ្នាក់នេះ ស្មើគ្នានឹងប្រទេសនីហ្សេ និងប្រទេសរវ៉ាន់ដា ដែលសុទ្ធសឹងនៅក្នុងទ្វីបអាហ្វ្រិក។ ចំណាត់ថ្នាក់ឆ្នាំ២០១៩នេះ គ្រាន់ជាងឆ្នាំកន្លងទៅ ដែលកម្ពុជាទទួលបានលេខ ៨៧ (ធ្វើដំណើរបាន ៥៤​ប្រទេសដដែល) ដោយហេតុថា ឆ្នាំ២០១៩នេះ មានប្រទេសផ្សេងជាច្រើន បានធ្លាក់ចំណាត់ថ្នាក់។

បើធៀបទៅនឹងប្រទេស នៅក្នុងតំបន់អាស៊ានដូចគ្នា លិខិតឆ្លងដែនកម្ពុជា មិនអាចប្រៀបផ្ទឹមឡើយ នឹងលិខិតឆ្លងដែន សិង្ហបូរី (លេខ២ អាចធ្វើដំណើរទៅ ១៨៩ប្រទេស) ម៉ាឡេស៊ី (លេខ១២ អាចធ្វើដំណើរទៅ ១៧៩ប្រទេស) ប៊្រុយណេ (លេខ២១ អាចធ្វើដំណើរទៅ ១៦៥ប្រទេស) ថៃ (លេខ៦៨ អាចធ្វើដំណើរទៅ ៧៥ប្រទេស) ឥណ្ឌូនេស៊ី (លេខ៧២ អាចធ្វើដំណើរទៅ ៧១ប្រទេស) និងប្រទេស​ហ្វីលីពីន (លេខ៧៤ អាចធ្វើដំណើរទៅ ៦៦ប្រទេស)។

តែលិខិតឆ្លងដែនកម្ពុជា មានឥទ្ធិពលគ្រាន់ជាង​លិខិតឆ្លងដែន របស់ប្រទេសឡាវ (លេខ៨៦ អាចធ្វើដំណើរទៅកាន់ ៥២ប្រទេស) វៀតណាម (លេខ៨៧ អាចធ្វើដំណើរទៅកាន់ ៥១ប្រទេស) និងប្រទេសភូមា (លេខ៩០ អាចធ្វើដំណើរទៅកាន់ ៤៨ប្រទេស)។

គួរឲ្យកត់សម្គាល់ដែរថា ប្រទេសទីម័រខាងកើត (នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ) ទទួលបានលេខ៥៤ ព្រោះលិខិតឆ្លងដែន របស់ប្រទេសនេះ អាចធ្វើដំណើរបាន ៩៧ប្រទេស។

សម្រាប់ប្រទេស ដែលលិខិតឆ្លងដែនខ្លួន មានចំណាត់ថ្នាក់អន់ជាងគេ នៅក្នុងបញ្ជី គឺប្រទេស អាហ្វហ្គានីស្ដង់ និងអៀរ៉ាក់ (លេខ១០៤ អាចធ្វើដំណើរទៅ ៣០ប្រទេស)។ គ្រាន់ជាងលិខិតឆ្លងដែន របស់ប្រទេសចុងក្រោយគេទាំងពីរ គឺលិខិតឆ្លងដែន របស់ប្រទេស សូម៉ាលី និងស៊ីរី (លេខ១០៣ អាចធ្វើដំណើរទៅ ៣២ប្រទេស)។

បញ្ជីចំណាត់ថ្នាក់ នៃលិខិតឆ្លងដែននោះ ត្រូវបានសហគ្រាសខាងលើ រៀបចំទៅតាមទិន្នន័យ ផ្ដល់ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់តាមភាសាអង់គ្លេសថា «IATA» ដែលធ្វើបច្ចុប្បន្នភាពទិន្នន័យនោះ ជាទៀងទាត់។

សហគ្រាស «Henley & Partners» បានបញ្ជាក់ដែរថា ចំណាត់ថ្នាក់នៃលិខិតឆ្លងដែន របស់ប្រទេសជាច្រើន បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយ ដោយសារប្រទេសទាំងនោះ បានធ្លាក់ខ្លួន ទៅក្នុងសង្គ្រាមរាំងជល់ និងមានស្ថានភាពការទូត មិននឹងនរ។

ដូចយ៉ាងប្រទេស ស៊ីរី បានធ្លាក់ចំណាត់ថ្នាក់ ២១លេខ បើប្រៀបនឹងឆ្នាំ២០០៩ ខណៈប្រទេសយ៉េមែន ធ្លាក់ចុះ ១៩លេខ – សូម៉ាលី/អៀរ៉ាក់ ធ្លាក់ចុះ១៦លេខ និងប្រទេសអាហ្វហ្គានីស្ដង់ ធ្លាក់ចុះ១៥លេខ៕



You may also like

ដំណឹង

កាសែត​ចិន៖ យីងឡាក់ កាន់​​លិខិត​ឆ្លងដែន​ខ្មែរ និង​ទំនង​ជា​ប្រើវា​ដើម្បី​គេច​ខ្លួន

អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) មានកាន់​លិខិតឆ្លងដែនកម្ពុជា និងទំនងជាបានប្រើប្រាស់ឯកសារនេះ នៅខណៈពេលដែលអ្នកស្រី បានគេចខ្លួន ចេញពីការឃ្លាំមើល ២៤/២៤ម៉ោង ពីសំណាក់យោធាថៃ ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ឌីញ៉ូ ប្រតិកម្ម​ជាលើក​ដំបូង បន្ទាប់ពី​ចេញពី​ពន្ធនាគារ​នៅ​ប៉ារ៉ាហ្គាយ

បើទោះជាត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំម្ដេចក្ដី តែអតីតកីឡាករបាល់ទាត់ លោក រ៉ូណាល់ឌីញ៉ូ (Ronaldinho) នៅតែស្ថិតក្នុងការឃ្លាំមើល ពីសំណាក់តុលាការ នៃប្រទេសប៉ារ៉ាហ្គាយ នៅឡើយ។ ពីសណ្ឋាគារមួយ (ក្នុងក្រុង «Asuncion») ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...