ដំណឹងពិភពលោក

ហ្គេដូ៖ «ភារកិច្ចខ្ញុំ គឺត្រូវ​នៅក្នុង​ស្រុក ទោះ​ត្រូវមាន​គ្រោះថ្នាក់​បែបណាក្ដី»

«ក្លាយជាអ្នកទោសម្នាក់ មិនមានប្រយោជន៍អ្វីទេ ហើយធ្វើជាប្រធានាធិបតីនិរទេសខ្លួនមួយរូប ក៏មិនខុសគ្នាដែរ។ យើងកំពុងស្ថិតក្នុងស្ថានភាព ដែលមិនធ្លាប់មានពីមុនមក (…) តួនាទីរបស់ខ្ញុំ និង ភារកិច្ចខ្ញុំ គឺត្រូវនៅក្នុងរដ្ឋធានី ការ៉ាកាស ទោះជាត្រូវប្រឈមនឹងគ្រោះថ្នាក់បែបណាក្ដី។»

ខាងលើនេះ ជាសម្រង់សំដីលោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ដែលបានប្រកាសខ្លួន ឡើងធ្វើប្រធានាធិបតីស្ដីទី នៃប្រទេស​វេណេស៊ុយអេឡា តាមរយៈកិច្ចសម្ភាសមួយ ផ្សាយក្នុងថ្ងៃអង្គារនេះ នៅលើកញ្ចក់ទូរទស្សន៍ «NTN24» របស់ប្រទេសកូឡំប៊ី។

ឆ្លៀតឱកាស នៃវត្តមាននៅក្នុងប្រទេស កូឡំប៊ី លោក ហ្គេដូ បានធ្វើដំណើរទៅកាន់ក្រុង «Cucuta» ដែលស្ថិតនៅជាប់ព្រំដែន ជាមួយប្រទេសវេណេស៊ុយអេឡា ដើម្បីដឹកនាំពីទីនោះ នូវការដឹកជញ្ជូនជំនួយមនុស្សធម៌ ច្រើនសិបតោន ដែលត្រូវបានបញ្ជូនមកពីសហរដ្ឋអាមេរិក តាមការស្នើសុំរបស់លោក។

ជំនួយមនុស្សធម៌ទាំងនោះ ត្រូវបានរដ្ឋាភិបាលលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង រារាំងមិនឲ្យដឹកចូល មកក្នុងទឹកដីវេណេស៊ុយអេឡា ដោយសំអាងថា ជំនួយទាំងនោះ មានបង្កប់ដោយកិច្ចអន្តរាគមន៍យោធាអាមេរិក។ លោក ម៉ាឌូរ៉ូ ថែមទាំងបញ្ជាឲ្យបិទព្រំដែន និងផ្ដាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកូឡំប៊ីថែមទៀត។

«តួនាទី និង ភារកិច្ចខ្ញុំ»

កាលពីថ្ងៃចន្ទនេះ លោក រ៉ន់ ហ្គេដូ បានធ្វើដំណើរមកកាន់រដ្ឋធានី បូហ្គោតា (Bogota – រដ្ឋធានីរបស់ប្រទេសកូឡំប៊ី) ដើម្បីចូលរួមប្រជុំក្នុងជំនួប នៃបណ្ដាប្រទេស ក្នុងក្រុម លីម៉ា (ដែលមាន១៣ប្រទេស ពីទ្វីបអាមេរិកឡាទីន បូកនឹងប្រទេសកាណាដា) ក្នុងទិសដៅដាក់បង្ខំលោក ម៉ាឌូរ៉ូ ឲ្យចាកចេញពីអំណាច ដោយមិនប្រើប្រាស់ការបង្ហូឈាម ឬវិធានការយោធា។

ក្រុមប្រទេសទាំងនេះ បូករួមនឹងក្រុមប្រឆាំងក្នុងប្រទេស បានចាត់ទុកការបន្តអំណាច របស់លោក នីកូឡា ម៉ាឌូរ៉ូ ដែលអះអាងបានជាប់ឆ្នោត ចេញពីការបោះឆ្នោត«ក្លែងបន្លំ»មួយ គឺជាទង្វើមិនស្របច្បាប់។ ការប្រទាំងប្រទើស ដែលនាំឲ្យលោក រ៉ន់ ហ្គេដូ ប្រកាសខ្លួននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា។

នៅក្នុងកិច្ចសម្ភាស ជាមួយស្ថានីយ៍ទូរទស្សន៍ «NTN24» មេដឹកនាំប្រឆាំងរូបនេះ បានបង្ហាញការប្ដេជ្ញាចិត្តថា លោកត្រូវវិលត្រឡប់​ចូលប្រទេសវេណេស៊ុយអេឡាវិញ ដើម្បីអនុវត្តន៍​«តួនាទី»​របស់លោក បើទោះជាត្រូវរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចាប់លោក​ដាក់ពន្ធនាគារក៏ដោយ។  

លោក នីកូឡា ម៉ាឌូរ៉ូ បានគម្រាមរួចជាស្រេចថា គូបដិបក្ខនយោបាយរបស់លោក ចាំបាច់ត្រូវទទួលខុសត្រូវ នៅចំពោះប្រព័ន្ធយុត្តិធម៌វេណេស៊ុយអេឡា។

ការគម្រាមនោះ ត្រូវបានប្រទេសកូឡំប៊ីបរិហារថា នឹងធ្វើឲ្យរដ្ឋាភិបាលលោក នីកូឡា ម៉ាឌូរ៉ូ ក្លាយជា​«ចោរប្លន់អំណាច»​កាន់តែច្បាស់ឡើង។ ខណៈលោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំ នៃក្រុម លីម៉ា ដែរនោះ បានបញ្ជាក់ជំហរជាថ្មីថា ក្រុងវ៉ាស៊ីនតោននឹងត្រៀមចាត់វិធានការ គ្រប់បែបយ៉ាងទាំងអស់ ប្រឆាំងលោក ម៉ាឌូរ៉ូ។

លោក ផេន បានបញ្ជាក់ថា៖

«តើនរណាមួយ ដែលចង់បានសង្គ្រាម? គ្មានទេ! (…) តែសង្គ្រាមកំពុងកើតរួចជាស្រេចហើយ (ពីសំណាក់រដ្ឋាភិបាលលោក នីកូឡា ម៉ាឌូរ៉ូ) ប្រឆាំងនឹងពលរដ្ឋវេណេស៊ុយអេឡា ខ្លួនឯង»៕



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិកដាក់«ទណ្ឌកម្មហិរញ្ញវត្ថុ» ប្រឆាំងមេដឹកនាំយោធា​វេណេស៊ុយអេឡា

ក្រុងវ៉ាស៊ីនតោន បានសម្រេចជាផ្លូវការ ក្នុងថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ ដាក់«ទណ្ឌកម្មហិរញ្ញវត្ថុ» ប្រឆាំងឧត្ដមសេនីយ៍យោធា និងអ្នកទទួលខុសត្រូវជាច្រើននាក់ ដែលស្និតនឹងលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ...
ដំណឹង

អ៊ឺរ៉ុបប្រកាស«ឱសានវាទ» ខណៈ​ចិន​និង​រ៉ុស្ស៊ី ខ្ទប់ដំណោះស្រាយនៅ អ.ស.ប

ប្រទេសធំៗនៅអ៊ឺរ៉ុប បានប្រកាស​ប្រហាក់ប្រហែល​គ្នា ដាក់«ឱសានវាទ»​ទៅលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង​របស់ប្រទេស​វេណេស៊ុយអេឡា ថានឹងទទួល​ស្គាល់​​មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan ...
ដំណឹង

ម៉ាឌូរ៉ូ៖ គ្មាននរណាម្នាក់​អាច«ដាក់ឱសានវាទ»​ឲ្យយើងទេ

ប្រធានាធិបតីក្នុងតំណែង នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានច្រានចោលការ«ដាក់ឱសានវាទ» របស់បណ្ដាប្រទេសសំខាន់ៗ​ជាច្រើន នៃសហភាពអ៊ឺរ៉ុប ដែលបានកំណត់កាលពីសប្ដាហ៍មុន ឲ្យរយៈពេល៨ថ្ងៃ សម្រាប់លោកប្រកាស​រៀបចំការបោះឆ្នោតឡើងវិញ។ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...