ដំណឹងពិភពលោក

១១ប្រទេស​នៃក្រុម លីម៉ា ចង់ឃើញ​ការប្ដូរ​របបដឹកនាំ​នៅ​វេណេស៊ុយអេឡា

១១ប្រទេស​នៃក្រុម លីម៉ា (សេចក្ដីប្រកាសក្រុង Lima – ប្រទេសប៉េរូ) ក្នុងទ្វីបអាមេរិក បានចេញសេចក្ដីអំពាវនាវមួយ ក្នុងដើមសប្ដាហ៍នេះ ទៅកងទ័ពវេណេស៊ុយអេឡា ឲ្យឈប់គាំទ្រលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ហើយងាកមកគាំទ្រមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido) វិញ។

សេចក្ដីអំពាវនាវនោះ បានស្នើឡើងទៀត ដើម្បីឲ្យមានការផ្លាស់ប្ដូររបបដឹកនាំ នៅក្នុងប្រទេសវេណេស៊ុយអេឡា «ដោយគ្មានការប្រើប្រាស់កម្លាំង»។

ដោយបដិសេធការអន្តរាគមន៍យោធាណាមួយ ពីប្រទេសខាងក្រៅនោះ ក្រុមប្រទេសទាំង១១ (១០ប្រទេសក្នុងទ្វីបអាមេរិកខាងត្បូង និងកាណាដា) ពីចំណោមប្រទេសទាំង១៤ នៃសេចក្ដីប្រកាសក្រុង លីម៉ា បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយ កាលពីថ្ងៃចន្ទ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបន្ទាន់ ក្នុងក្រុង អ៊ុតាវ៉ា (ប្រទេសកាណាដា) ជុំវិញវិបត្តិនៅវេណេស៊ុយអេឡា អំពាវនាវឲ្យកងទ័ពនៃប្រទេសនេះ ឲ្យបង្ហាញភក្ដីភាពទៅលោក រ៉ន់ ហ្គេដូ។

សេចក្ដីថ្លែងការណ៍រួមបានអះអាងចង់ឃើញ ការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសវេណេស៊ុយអេឡា ត្រូវបានធ្វើយ៉ាងឆាប់បំផុត តែគ្មានអំពើហិង្សា និងគ្មានអន្តរាគមន៍យោធា ពីប្រទេសខាងក្រៅ។

ការអះអាងរបស់ក្រុមប្រទេសទាំងនេះ បានធ្វើឡើងតែមួយថ្ងៃ ក្រោយការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលអះអាង កាលពីថ្ងៃអាទិត្យថា ការបញ្ជូនទ័ពទៅកាន់ប្រទេសវេណេស៊ុយអេឡា នឹងជាជម្រើសមួយ។

បន្ថែមពីលើនេះ ក្រុមប្រទេសទាំង១១ បានស្នើទៅកាន់កងទ័ពវេណេស៊ុយអេឡា កុំឲ្យរាំងខ្ទប់ជំនួយមនុស្សធម៌ ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដើម្បីសង្គ្រោះពលរដ្ឋ​វេណេស៊ុយអេឡា ដែលកំពុងទន្ទឹងរង់ចាំ«យ៉ាងអន្ទះសារ»។

រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា អ្នកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡែន (Chrystia Freeland) បានអះអាងថា ចាប់ពីថ្ងៃនេះតទៅ ក្រុមប្រឆាំងដឹកនាំដោយលោក រ៉ន់ ហ្គេដូ បានក្លាយជាសមាជិក នៅក្នុងក្រុម លីម៉ា ក្នុងនាមជាអ្នកតំណាងស្របច្បាប់ របស់ប្រទេស​វេណេស៊ុយអេឡា។ ប្រមុខការទូតនៃប្រទេសម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ បានបញ្ជាក់ថាទៀតថា ក្រុមប្រទេសទាំង១១ បានអំពាវនាវទៅសហគមន៍អន្តរជាតិ ឲ្យបង្កកទ្រព្យសម្បត្តិនៅបរទេស របស់«របបផ្ដាច់ការ»របស់លោក នីកូឡា ម៉ាឌូរ៉ូ ហើយបង្វិលទ្រព្យសម្បត្តិទាំងនេះ ទៅឲ្យក្រុមប្រឆាំង។

ការប្រកាសរបស់«១១ប្រទេស​នៃក្រុម លីម៉ា» បានទទួលប្រតិកម្មភ្លាមៗ ពីលោក នីកូឡា ម៉ាឌូរ៉ូ ដោយបាហៅសេចក្ដីថ្លែងការណ៍នោះ ថា«គួរឲ្យស្អប់ និងអស់សំណើច»។ ប្រធានាធិបតីក្នុងតំណែង របស់ប្រទេសវេណេស៊ុអេឡា បានថ្លែងចេញពីពិធីមួយ ក្នុងរដ្ឋធានី ការ៉ាកាស (Caracas) ថា៖

«សេចក្ដីប្រកាសចុងក្រោយនោះ គឺពិតជាគួរឲ្យស្អប់ខ្ពើមណាស់ គួរឲ្យស្អប់ និងអស់សំណើច។ គេមិនដឹងថា តើត្រូវសើច ឬត្រូវក្អួត ឬយ៉ាងម៉េច?»៕



លំអិតបន្ថែមទៀត

ដំណឹង

កងទ័ព​​ងាក​​មក​​«គាំទ្រ»​​មេដឹកនាំ​​ប្រឆាំង ខណៈ ម៉ាឌូរ៉ូ បរិហារ​ពី​​រដ្ឋប្រហារ

ស្ថានភាពនយោបាយ នៅប្រទេសវេណេហ្សុយអេឡា កំពុងប្រែប្រួល ក្នុងពេលនេះ។ បើតាមសារព័ត៌មានក្នុងតំបន់ជាច្រើន បានប្រកាសនៅព្រឹកនេះថា កងទ័ពវេណេហ្សុយអេឡា បានងាកមក«គាំទ្រ» មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេឌូ (Juan ...
ដំណឹង

ម៉ាឌូរ៉ូ៖ គ្មាននរណាម្នាក់​អាច«ដាក់ឱសានវាទ»​ឲ្យយើងទេ

ប្រធានាធិបតីក្នុងតំណែង នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានច្រានចោលការ«ដាក់ឱសានវាទ» របស់បណ្ដាប្រទេសសំខាន់ៗ​ជាច្រើន នៃសហភាពអ៊ឺរ៉ុប ដែលបានកំណត់កាលពីសប្ដាហ៍មុន ឲ្យរយៈពេល៨ថ្ងៃ សម្រាប់លោកប្រកាស​រៀបចំការបោះឆ្នោតឡើងវិញ។ ...
ដំណឹង

វេណេស៊ុយអេឡា៖ ប្រធានសភា​ប្រកាសខ្លួន​ជា​«ប្រធានាធិបតីស្ដីទី»

ប្រធានសភាដែលគ្រប់គ្រង ដោយសម្លេងភាគច្រើន ចេញពីគណបក្សប្រឆាំង នៃប្រទេសវេណេស៊ុយអេឡា លោក រ៉ន ហ្គេដូ (Juan Guaido) បានប្រកាសខ្លួន កាលពីថ្ងៃពុធនេះ ជា«ប្រធានាធិបតីស្ដីទី» នៃប្រទេស ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.