ប្រទេសហុងគ្រី មានជំហរចង់ឲ្យការខ្វែងគំនិតគ្នា រវាងសហភាពអ៊ឺរ៉ុប និងរបបក្រុងភ្នំពេញ ជុំវិញកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ – EBA» គួរត្រូវដោះស្រាយ ដោយមិនជាប់ពាក់ព័ន្ធ នឹងបញ្ហានយោបាយ។ 

ខាងលើនេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក វិចទ័រ អ័របង់ (Viktor Orban) ដែលបានថ្លែង​យ៉ាងប្រយ័ត្នប្រយែង ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបការងារ រវាងមេដឹកនាំ​នៃប្រទេសទាំងពីរ កាលពីល្ងាច​ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលម៉ិញ នារដ្ឋធានីប៊ុ​យ​ដា​ប៉េ​ស ប្រទេសហុងគ្រី។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីហុងគ្រី ដែលចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុន បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី អ័របង់ គាំទ្រឲ្យមានការពង្រឹង ចំពោះទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអ៊ឺរ៉ុប និងប្រទេសកម្ពុជា ហើយថា រាល់បញ្ហាដែលកើតមាន គួរត្រូវបានដោះស្រាយ ដាច់ដោយឡែក ពីបញ្ហានយោបាយ​ផ្សេងទៀត។

«ពិភាក្សាយ៉ាងយកចិត្តទុកដាក់» ទៅលើបញ្ហា EBA

ដោយឡែក ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រង់សំដីរបស់លោក អ័របង់ មកសរសេក្នុងករណីនេះថា៖

«បញ្ហា EBA វាគឺជារឿងខ្វែងគំនិតគ្នា រវាងសហភាពអឺរ៉ុប និង​កម្ពុជា។ ផ្ទុយទៅវិញ ហុងគ្រីតែងតែឈរ និងគាំទ្រកម្ពុជាជានិច្ច។ ពិសេសទៅទៀតនោះ ហុងគ្រីមិន​គាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច មានភាពច្របូកច្របល់គ្នានោះទេ។»

ទំព័រហ្វេសប៊ុកនោះ បានសរសេរបញ្ជាក់ថា លោក ហ៊ុន សែន បានលើក «ការពិភាក្សា យ៉ាងយកចិត្តទុកដាក់» ទាក់ទិនទៅ​នឹង​គោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធទៅនឹងគោលនយោបាយ របស់ សហភាពអឺរ៉ុប ពិសេសពាកព័ន្ធទៅនឹងបញ្ហា «EBA»។

ការគូសបញ្ជាក់ អំពី«ការពិភាក្សាយ៉ាងយកចិត្តទុកដាក់» ធ្វើឡើងផ្ទុយពីជំហរជាសាធារណៈ របស់បុរសខ្លាំងកម្ពុជា ដែលតែងប្រកាស ក្នុងពេលកន្លងមកថា លោកមិនខ្វល់ ពីការព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធខាងលើ ពីសំណាក់សហភាពអ៊ឺរ៉ុបនោះឡើយ។

EU រំឭកជាថ្មី…

កាលពីថ្ងៃទី១១ ខែមិថុនានេះ សហភាពអ៊ឺរ៉ុបបានរំឭកប្រទេសកម្ពុជា សារជាថ្មីទៀត ឲ្យដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទង​បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីអាចរក្សាទុកនូវប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ការរំឭកនេះ ធ្វើឡើងបន្ទាប់​ក្រុមប្រតិភូសហភាពអ៊ឺរ៉ុប បានបញ្ចប់បេសកកម្ម ស្វែងរកការពិត នៅកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនារួចរាល់។

សេចក្ដីប្រកាសព័ត៌មាន របស់សហភាពអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ បានសរសេរថា៖

«សហភាពអឺរ៉ុបបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសំរេចបាន នូវគោលបំណងទាំងនេះ តែបានរំឭកប្រទេសកម្ពុជា ថា”ត្រូវតែ”បង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន ទាក់ទងនឹងកង្វល់ ដែលបានលើកឡើង។»

«កង្វល់ដែលបានលើកឡើង»នោះ ត្រូវបានសហភាពអ៊ឺរ៉ុបអះអាងថា មានចំនួនបួនដូចខាងក្រោម៖

  • សិទ្ធិនយោបាយ
  • សេរីភាពបញ្ចេញមតិនិងសេរីភាពក្នុងការបង្កើតសមាគម
  • សិទ្ធិក្នុងការរៀបចំ និងជួបប្រជុំជាសមូហភាព
  • ការបណ្ដេញចេញ ពីដីធ្លីផ្ទះសម្បែង បង្កឡើងពីសម្បទានដីសេដ្ឋកិច្ច (សម្បទានដីសេដ្ឋកិច្ច) ជាពិសេសនៅក្នុងវិស័យស្ករអំពៅ។

សូមជម្រាបជូនដែរថា ប្រទសហុងគ្រី ដែលមានចំនួនប្រជាជន ប្រមាណជិត១០លាននាក់ ជាសមាជិកមួយ ពីក្នុងចំណោមសមាជិក ទាំង២៨ (រាប់ទាំងចក្រភពអង់គ្លេស) នៃសហភាពអ៊ឺរ៉ុប។ សមាជិកភាពរបស់ប្រទេសនេះ ត្រូវបានទទួលយល់ព្រម ដោយសហភាពអ៊ឺរ៉ុប នៅឆ្នាំ២០០៤ ទន្ទឹមនឹងប្រទេស​ចំនួន៩ផ្សេងទៀត៕

ការលើកឡើងរបស់លោក អ័របង់ ជាកិច្ចបម្រើផលប្រយោជន៍ របស់ប្រទេសហុងគ្រី។ ប៉ុន្តែហុងគ្រី – ដែលមានប្រជាជន១០លាននាក់…

Posted by ព្រហ្ម គិត on Friday, June 14, 2019


លំអិតបន្ថែមទៀត

កម្ពុជា

CNRP៖ បាតុករ​៣០មិនា ពលី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌

គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក​នៅខាងមុខ​អតីត​រដ្ឋសភា​ជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។ ...
កម្ពុជា

កូនស្រីធម៌ ហ៊ុន សែន រងបណ្ដឹង​ពី​ប្អូនស្រី ហ៊ុន សែន ពីបទ​បរិហាកេរ្ដិ៍

នៅថ្ងៃអង្គារនេះ អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតលោក ហ៊ុន សែន បានដាក់ពាក្យ​បណ្ដឹង ឡើង​ទៅតុលាការ ប្ដឹងតារា​ចម្រៀង​វ័យជ្រេ នាង ម៉េង កែវពេជ្ជតា ...
កម្ពុជា

អ្នកជំនាញ អ.ស.ប​៖ កម្ពុជា«បំពានធ្ងន់ធ្ងរ»​លើសិទ្ធិឯកជន​អ្នកជំងឺ​កូវីដ-១៩

អាជ្ញាធររដ្ឋាភិបាល នៃប្រទេសកម្ពុជា កំពុង«បំពានធ្ងន់ធ្ងរ»​ចំពោះសិទ្ធិឯកជន របស់បុគ្គលទាំងឡាយ ដែលបាន​ធ្វើតេស្ដិ៍​វិជ្ជមាន​កូវីដេ-១៩ (Covid-19) បន្ទាប់ពីអត្តសញ្ញាណ​របស់ពួកគេ ត្រូវបានផ្សព្វផ្សាយចេញ ជាសាធារណៈ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.