ប្រទេសវៀតណាម «មិនទាន់»បញ្ជាក់ជាផ្លូវការ ថាបុរសអាយុ៣៩ឆ្នាំ ដែលត្រូវបានរកឃើញមានជំងឺ «Covid-19» ពិតជាបានឆ្លងជំងឺនេះ ពីប្រទេសកម្ពុជាយ៉ាងណាទេ បើទោះជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស្ដិ៍ អះអាងថា បុរសរូបនេះទើបនឹងឆ្លងកាត់ព្រំដែន វិលត្រឡប់ចូលមកក្នុងទឹកដីវៀតណាមវិញ តាមច្រករបៀងក៏ដោយ។
លោក វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃប្រទេសវៀតណាម ប្រចាំកម្ពុជា ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មាន «VNA» របស់រដ្ឋវៀតណាម យកមកផ្សព្វផ្សាយដូច្នេះ ដោយបានពន្យល់ថា អាជ្ញាធរសុខាភិបាលវៀតណាម តែងតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះករណីទាំងឡាយណា ដែលរងការសង្ស័យថា អាចមានផ្ទុកមេរោគ។
ឯកអគ្គរដ្ឋទូត នៃប្រទេសកុម្មុយនីស្ដិ៍ បានអះអាងទៀតថា នៅរៀងរាល់ករណីសង្ស័យ អាជ្ញាធរចាំបាច់ ត្រូវជូនដំណឹង ទៅកាន់តំបន់ ដែលសាមីខ្លួន ធ្វើដំណើរទៅដល់ ដើម្បីអនុញ្ញាតឲ្យមនុស្សដទៃទៀត ដែលមានទំនាក់ទំនងជិតដិត ជាមួយជននោះ ដឹងខ្លួនទាន់ពេលវេលា ហើយបង្ហាញខ្លួន ទៅកាន់អាជ្ញាធរ។
«មិនទាន់» ?
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារ «VNA» បានចុះផ្សាយថា ពលរដ្ឋវៀតណាមម្នាក់ ត្រូវបានរកឃើញ ថាមានជំងឺ «Covid-19» បន្ទាប់ពីបុរសអាយុ ៣៩ឆ្នាំរូបនេះ វិលត្រឡប់ពីប្រទេសកម្ពុជាវិញ។ ពលរដ្ឋវៀតណាមម្នាក់នេះ ស្និតក្នុងចំណោមអ្នកជំងឺ៤នាក់ ដែលបានឆ្លងជំងឺដ៏ចង្រៃ និងដែលសុទ្ធសឹង ជា«ករណីនាំចូល»។
សម្រាប់សារព័ត៌មាន «VNexpress» វិញ បានរៀបរាប់លំអិតបន្ថែម នៅលើគេហទំព័ររបស់ខ្លួន ថាបុរសរូបនោះ បានធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ហើយបានធ្វើដំណើរ ចេញពីកម្ពុជា ដើម្បីវិលត្រឡប់ ទៅវៀតណាមវិញ កាលពីថ្ងៃទី២ ខែឧសភា ដោយឆ្លងកាត់តាម«ផ្លូវរបៀង» ព្រោះព្រំដែនរវាងកម្ពុជា-វៀតណាម បានបិទតាំងពីដើមខែមេសាមក។
«VNexpress» បានរៀបរាប់ថា បុរសនោះបានជិះម៉ូតូឌុប និងបើកបរ ដោយជនជាតិខ្មែរ ឆ្ពោះទៅកាន់ផ្ទះម្ដាយមីង ដែលស្ថិតក្នុងស្រុកតាន់ចូវ ខេត្តតាយនីញ (ខេត្តរោងដំរី នៅកម្ពុជាក្រោម) ហើយបន្ទាប់មក ត្រូវបានអាជ្ញាធរ ដាក់គាត់ឲ្យនៅ ដាច់ដោយឡែក (ចត្តាឡីស័ក) តាំងពីថ្ងៃទី៣ ខែឧសភា។
ការធ្វើតេស្ដិ៍លើកទី១ កាលពីថ្ងៃទី៥ ខែឧសភា បង្ហាញលទ្ធផល«អវិជ្ជមាន»។ តែការធ្វើតេស្ដិ៍លើកទី២ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា (ពោល គឺ១៣ថ្ងៃ ក្រោយថ្ងៃវិលត្រឡប់ ចូលវៀតណាមវិញ) បង្ហាញលទ្ធផល«វិជ្ជមាន»។
ជារឿយៗ និងសឹងតែគ្រប់ករណីឆ្លងទាំងអស់ ដែលត្រូវបានរកឃើញ ដោយអាជ្ញាធរប្រទេសផ្សេង ករណីទាំងនោះតែងត្រូវបានអាជ្ញាធរកម្ពុជាបដិសេធ និងអះអាងថា ករណីឆ្លងទាំងនេះមិនកើតឡើង នៅក្នុងប្រទេសកម្ពុជាទេ។
ចំពោះករណីបុរសវៀតណាម អាយុ៣៩ឆ្នាំខាងលើ រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ថែមទាំងបានប្រកាសជាសាធារណៈ ផ្ដល់មេរៀនទៅភាគីវៀតណាម វិញថា៖
«ក្រសួងសូមអំពាវនាវ ដល់ភាគីមិត្តវៀតណាម សូមគោរពតាម បទដ្ឋានបច្ចេកទេស និងគោលការណ៍ និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ជាពិសេស នៅក្នុងដំណាក់កាល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីជាផលប្រយោជន៍ ដល់ប្រជាជនទាំងពីរប្រទេស៕»