កម្ពុជាដំណឹង

សម រង្ស៊ី ថាបើ អ៊ូ ច័ន្ទរ័ត្ន មិនចេះខ្មាស មក​ចូលរួម​បាតុកម្មភ្លើង​ទៀន​ចុះ

ការមិនស្វាគមន៍លោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីមួយរូបទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ ពីព្រះមហាក្សត្រ តាមការស្នើសុំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបានលោក សម រង្ស៊ី អះអាងដោយផ្ទាល់ នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ជីវ កាតា ក្នុងខណៈនេះ កំពុងមានវត្តមាន នៅក្នុងប្រទេស​កូរ៉េខាងត្បូង តែគេមិនឃើញពួកលោក ចូលរួមក្នុងកម្មវិធីសមាជអ្នកប្រជាធិបតេយ្យ ដែលជាកម្មវិធីទីមួយ រៀបចំឡើងដោយក្រុមយុវជនគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយ នៅកូរ៉េខាងត្បូងនោះឡើយ។

នៅចំពោះការរំពឹងថា លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ជីវ កាតា អាចនឹងចូលរួមបាតុកម្មភ្លើងទៀន នៅរសៀលថ្ងៃស្អែក ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី នោះ មេដឹកនាំប្រឆាំងរូបនេះ បានថ្លែងឡើង តាមរយៈកិច្ចសម្ភាស​ក្នុងវិទ្យុអាស៊ីសេរី ពីប្រទេសកូរ៉េខាងត្បូងមកថា៖

«ជាសេរីភាពរបស់បុគ្គលម្នាក់ៗ អ្នកឯងចង់មក ក៏មកទៅ គ្មាននរណាឃាត់ឃាំងទេ។ គ្រាន់តែគេមិនមើលមុខ គ្រាន់តែគេមិននិយាយរក គ្រាន់តែគេមិនឲ្យតម្លៃ។ អញ្ចឹងបើខ្លួនឯងអត់មានភាពថ្លៃថ្នូ អត់ចេះខ្មាស មកក៏មកទៅ។»

លោក សម រង្ស៊ី បានបន្ទោសក្រុមមន្ត្រីគណបក្សទាំងនេះ ដែលបានដាក់ពាក្យ ស្នើសុំសិទ្ធធ្វើនយោបាយ ពីលោក ហ៊ុន សែន កាលពីខែមិនាកន្លងទៅ។ លោក រង្ស៊ី ថ្លែងដោយប្រើពាក្យសង្កត់ធ្ងន់ថា៖

«យើងដឹងហើយ… រឿងអីទៅសុំសិទ្ធិធ្វើនយោបាយពី ហ៊ុន សែន ក្នុងខណៈដែលគណបក្ស ត្រូវគេរំលាយលើក្រដាស (…) ក្នុងខណៈដែលប្រធានរបស់យើង លោក កឹម សុខា ជាប់ឃុំឃាំង?»

លោកបានចាត់ទុក ក្រុមអ្នកទៅសុំសិទ្ធិធ្វើនយោបាយ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាមនុស្ស «មិនចេះគិត ឬគិតរាក់កំផែល ឬមួយចង់ស៊ីលុយ បានលុយពីគេ ដើម្បីលក់ឧត្ដមគតិ»។ លោកពន្យល់ថា៖

«ទៅសុំសិទ្ធិធ្វើនយោបាយពី ហ៊ុន សែន មានន័យយ៉ាងម៉េច? ទៅធ្វើនយោបាយជាមួយនរណា បើប្រធានយើងជាប់គុក? ទៅធ្វើនយោបាយយ៉ាងម៉េច បើគណបក្សយើង ត្រូវគេរំលាយលើក្រដាស? អញ្ចឹងមានតែធ្វើនយោបាយ ជាមួយ ហ៊ុន សែន? មានតែទៅបម្រើប្រយោជន៍ ហ៊ុន សែន? អញ្ចឹងមានន័យថា ខ្លួនឯងវាចាកចេញដោយខ្លួនឯង ពីគណបក្សសង្គ្រោះជាតិហើយ។»

«អ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវទាមទារឲ្យដោះលែង ប្រធានគណបក្ស លោក កឹម សុខា ត្រូវទាមទារឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញសិន មុននឹងយើងទៅធ្វើនយោបាយ។ ហើយយើងមិនចាំបាច់ ទៅសុំសិទ្ធិធ្វើនយោបាយទេ ព្រោះសិទ្ធិនេះសិទ្ធិរបស់យើង។ ហ៊ុន សែន ប្លន់សិទ្ធិពីយើង ដោយខុសច្បាប់ រឿងអីយើងទៅសុំសិទ្ធិនេះពី ហ៊ុន សែន?»

មិនអាចទាក់ទងលោក អ៊ូ ច័ន្ទរ័ត្ន ដើម្បីសុំប្រតិកម្មបានទេ ក្នុងពេលភ្លាមៗនេះ។

កាលពីមួយថ្ងៃមុន ក្រុមអ្នករៀបំកម្មវិធី នៅប្រទេសកូរ៉េ និងអ្នកស្រី មូរ សុខហួ អនុប្រធាន​គណបក្សប្រឆាំង បានប្រកាសជំហរមិនស្វាគមន៍ មន្ត្រីសុំសិទ្ធិធ្វើនយោបាយទាំងនោះ នៅក្នុងកម្មវិធីរបស់ពួកគេទេ។

យ៉ាងណា លោក ឡៅ ម៉ុងហៃ បានហៅលោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីគណបក្ស៤នាក់ទៀត ដែលបានសុំសិទ្ធិធ្វើនយោបាយទាំងនេះ ថាជា«ហង្សថ្មី»។ អ្នកវិភាគវ័យចំណាស់ បានយល់ឃើញថា អស់លោកទាំងនេះ ជាសត្វហង្សដែល «កើតហើរចេញ ពីអដ្ឋិធាតុហង្សចាស់ ដែលត្រូវបានដុតរំលាយទាំងរស់ ក្នុងភ្លើងដែលកំពុងឆេះទ្រលោម ដូចក្នុងរឿងសត្វហង្សកើតហើរចេញ ពីអដ្ឋិធាតុសត្វហង្សចាស់ ពីដើមមួយ»៕

ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន និងថ្នាក់ដឹកនាំ៤រូបទៀតនៃសង្គ្រោះជាតិ ជាហង្សថ្មី ដែលកើតហើរចេញពីអដ្ឋិធាតុហង្សចាស់…

Publiée par Mong Hay Lao sur Jeudi 18 avril 2019


លំអិតបន្ថែមទៀត

កម្ពុជា

ការសម្រេច​របស់ EU ក្នុង​ការយកពន្ធ​អង្ករខ្មែរ ជា«អាវុធ​​ធ្វើ​ឃាត»​ពលរដ្ឋ

ការសម្រេច​លប់ចោល ការអនុគ្រោះពន្ធ លើផលិតផលអង្ករកម្ពុជា មាន«​ឥទ្ធិពល​គ្រប់គ្រាន់» សម្រាប់​ដកហូត​ចំណូល ​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​«អាវុធ​​ធ្វើ​ឃាត»​​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ ដល់​ពួកគាត់។​ នេះ ...
កម្ពុជា

មេធាវីថា កឹម សុខា មិនបាន​ព្រមាន​មន្ត្រី​រឿង​«សុំសិទ្ធិ​​ធ្វើ​នយោបាយ»

ក្រុមមេធាវីការពារក្ដី ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញមុខព្រមគ្នា មកអះអាងថា កូនក្ដីរបស់ខ្លួនមិនបានព្រមាន ឬហាមឃាត់មន្ត្រីគណបក្សណា ដែលចង់ ឬមិនចង់ «សុំសិទ្ធិ​​ធ្វើ​នយោបាយ» ឡើងវិញនោះឡើយ។ ...
កម្ពុជា

អ្នកកាសែត​«ក្នុងមុង» ឆ្លើយសារ​ចំអក​ដាក់​រដ្ឋមន្ត្រី​ក្រសួង​«មុង»​វិញ​ម្ដង

លោក ជុន ច័ន្ទបុត្រ នាយករង​វិទ្យុអាស៊ីសេរី ទទួលបន្ទុកខេមរភាសា ដែលរងការចំអក ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាជាអ្នកកាសែត«ក្នុងមុង» បានឆ្លើយតបវិញ ដោយសារ​បឈ្ឆិត​បញ្ឆៀង​​ខ្លីមួយ កាលពីម្សិលម៉ិញ ហៅក្រសួងព័ត៌មាន ថាជាក្រសួង«មុង» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.